BREAKING NEWS
Search

រាល់​ទំនាស់​ដីធ្លី អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ កោះហៅ​ភាគី​សងខាង​មក​ដោះស្រាយ​ ​ទទួល​បាន​ជោគ​ជ័យ​ច្រើន

ភ្នំពេញ ៖ បច្ចុប្បន្ន​ ទំនាស់​ដីធ្លី​តែងតែ​កើតមានឡើង​សឹង​ទូទាំង​ប្រទេស​ ប៉ុន្តែ​បើ​ភាគី​ទាំងសងខាង​មិន​ព្រមធ្វើ​ការ​សម្របសម្រួល ​ឬ​ប្រជែង​យក​តែ​ឈ្នះ ​ទីបំផុត​ខាត​ពេលវេលា ​និង​លុយកាក់​ឥត​ប្រយោជន៍​។

ក្នុងនោះ បើ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​វិញ ​គឺ​អាជ្ញាធរ​ បាន​កោះហៅ​ភាគី​ទំនាស់​មក​និយាយ​គ្នា​តទល់ ​ដោយ​មានការ​ចូលរួម​ដឹងឮ​ពី​មេភូមិ​ ចៅសង្កាត់ និង​ការិយាល័យ​យុត្តិធម៌​ខណ្ឌ លោកនាយក​រដ្ឋបាល ​ព្រមទាំង​គណៈ​អភិបាលខណ្ឌ​។ ជាមួយ​នោះ គេ​សង្កេតឃើញ​រាល់​ទំនាស់​ទាំងអស់​ ត្រូវបាន​ដោះស្រាយ​បញ្ចប់​សឹង​គ្រប់​រឿង​។​

យោង​តាម​ប្រភព​ពី​ លោក​ ហ៊​ត គឹម​នី​ អភិបាលរងខណ្ឌ​ច្បារអំពៅ​ ដែល​ជា​តំណាង​ឲ្យ​ លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ​បាន​បញ្ជាក់​ថា​ ជា​រៀងរាល់​ទំនាស់​បច្ចុប្បន្ន​នេះ​ ភាគច្រើន​ គឺ​ទំនាស់​ដី​ជា​ព្រំប្រទល់ ​និង​ផ្លូវ​ដើរ​។​

លោក​អភិបាលរង​ បាន​បន្ត​ថា​ ក្នុង​ទំនាស់​ដែល​កើតមានឡើង​ គឺ​ពិតជា​មាន​ភាគី​ម្ខាង​ជា​អ្នក​ខុស​ ប៉ុន្តែ​ពុំ​សូវ​ទទួល​កំហុស ​បែរជា​ចង់​ឲ្យ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ​ទោះបីជា​ដឹងថា​ខ្លួន​ធ្វើ​ដោយ​បំពាន​។ ​ទំនាស់​ខ្លះ​ គឺ​ផ្តើមឡើង​ដោយសារ​ព្រំរ​បង ហើយ​ក្នុងនោះ​ភាគី​ទាំងសងខាង​មិន​ចង់​ដោះ​ស្រាយ​នៅ​មូលដ្ឋាន​នោះ​ទេ ​ច្រើន​រក​ខ្នង ​រក​ខ្សែ​ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​តុលាការ​។​

តែ​ទោះជា​យ៉ាងណាក៏ដោយ ពេល​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​កោះ​អញ្ជើញ​មក​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​ ឃើញថា ​ពួកគាត់​បែរជា​សុខចិត្ត​ផ្សះផ្សា​គ្នា​បញ្ចប់​រឿង ហើយ​រឿងរ៉ាវ​ទាំងនោះ​ គឺ​អាជ្ញាធរ​បាន​ដឹក​ដៃ​ភាគី​ទាំងសងខាង​ទៅ​រក​ខុសត្រូវ​លើដី​ ដែលមាន​ទំនាស់។​ ទីបំផុត​រឿងរ៉ាវ​ ត្រូវ​បាន​បញ្ចប់​ដោយ​គ្មាន​អ្នកឈ្នះ​ និង​គ្មាន​អ្នក​ចាញ់​ ​និយាយ​រួម​ គឺ​ឈ្នះ​ទាំងសងខាង​៕
អត្ថបទ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114