មេធាវី​និង​អ្នកសារព័ត៌មាន​មហាជនលោក Chen Qiushi ​បាត់​ខ្លួន​បន្ទាប់​ពី​ទៅ​យក​ព័ត៌មាន​នៅ Wuhan

មិត្តភ័ក្ដិ​ម្នាក់របស់​លោក Chen Qiushi បាន​និយាយ​ថា Chen​​ ដែលមេធាវី​និង​ជា​អ្នក​សារព័ត៌មាន​មហាជនល្បី​ឈ្មោះ​ បាន​បាត់​ខ្លួន​តាំង​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ទំនង​ជា​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន។

លោក Chen បាន​ទៅ​ដល់​ទីក្រុង Wuhan ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​ ដែល​បានឆក់​យក​ជីវិត​មនុស្ស​ជាង ៩០០ នាក់​មុន​ពេល​ទីក្រុង​ត្រូវ​បាន​បិទ​ ហើយ​លោក​បាន​ទៅ​មើល​ដល់​មន្ទីរពេទ្យ​និង​ធ្វើការ​សម្ភាសន៍​ជាមួយ​អ្នកស្រុក​និង​សមាជិក​គ្រួសារ​ជន​រងគ្រោះ។ បន្ទាប់មក លោក​ក៏បាន​បាត់បង់​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ និង​សមាជិក​គ្រួសារ ​ស្រប​ពេលនោះ​ដែល​លោក​វេជ្ជបណ្ឌិត Li Wenliang ក៏កំពុង​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​​ស្លាប់​  ហើយ​ម្ដាយ​របស់​លោក Chen បាន​ថត​វីដេអូ​ដើម្បី​សួរ​អ្នកស្រុក​នៅ​ក្រុង Wuhan ដែល​គាត់​បាន​ស្គាល់​ ​ឲ្យ​ជួយ​រក​កូន​ប្រុស។

ប៉ូលិស​នៅ Qingdao ដែល​ជា​កន្លែង​ដែល Chen មក​ពី​នោះ​បាន​ទៅ​ជួប​ឪពុកម្ដាយ​របស់ ​Chen ដើម្បី​ប្រាប់​ពួកគេ​ថា​គាត់​ត្រូវ​បាន​គេ​ឃុំឃាំង។ ពួកគេ​មិន​អាច​ផ្ដល់​ចម្លើយ​ដែល​គាប់ចិត្ត​បាន​ទេ​ នៅ​ពេលនោះ​ម្ដាយ​របស់ Chen បាន​ សួរ​ថា​ហេតុអ្វី​បាន​ជា​គាត់​មិន​អាច​ធ្វើអ្វី​បាន​នៅ​លើ​ទូរស័ព្ទ​របស់​គាត់ ​ប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ផ្ដាច់​ចេញ​ពី​កូន​ប្រុស​ដដែល។ អ្នក​នៅទីក្រុង Wuhan ក៏បាន​ស្វះស្វែងទៅដល់ ​សណ្ឋាគារ​ដែល​ជា​កន្លែង​ដែល Chen កំពុង​ស្នាក់នៅ​ តែ​បែរ​មិន​ឃើញ​គាត់​ទីនោះ​ទៀត​ឡើយ។

កាល​ពី​ដើម​សប្ដាហ៍​នេះ​​ ទីក្រុង​ប៉េកាំង​បាន​ប្រកាស​នូវ​ច្បាប់​ថ្មី​ដែល​តឹងរ៉ឹង​ចំពោះ​បទ​ឧក្រិដ្ឋ​ក៏​ដូចជា​ជន​ណា​បដិសេធ​មិន​ទទួល​យក​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ និង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ​ឬ​បដិសេធ​មិន​សហការ​ជាមួយ​ការ​អនុវត្ត​ច្បាប់​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ឬ​កាត់​ទោស​ប្រហារ​ជីវិត។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ​ការិយាល័យ​សន្តិសុខ​សាធារណៈ​ឥឡូវ​នេះ​កំពុង​ប្រើ​បទ​បញ្ញត្តិ​នេះ​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​សារព័ត៌មាន។

គួរ​រំលឹក​ថា ​អ្នកសារព័ត៌មាន​ពលរដ្ឋ​​ម្នាក់​ទៀត​ឈ្មោះ Fang Bin ក៏ធ្លាប់ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​ បន្ទាប់​ពី​វីដេអូ​មួយ​ដែល​គាត់​​ថត​បាន​សាកសព​កំពុង​គរ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម។ មន្ត្រី​ប៉ូលិស​បាន​ទៅ​លេង​ផ្ទះ​របស់​គាត់​ដោយ​ក្លែង​ធ្វើ​ជា​អ្នក​ជំនាញ​ថែទាំ​សុខភាព​ ដោយ​លេស​ថា​ធ្វើការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​មុន​ពេល​បើកទ្វារ​ ហើយក៏​នាំ​គាត់​ទៅ​ប៉ុស្តិ៍​ប៉ូលិសតែម្ដង។ តាម​ច្បាប់​របស់​ប្រទេស​ចិន​ ប៉ូលិស​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដោយ​មិន​ចាំបាច់​ធ្វើការ​កាត់ទោស​ពួកគេ​ក្នុង​រយៈ​ពេល​អតិបរមា ១៤ ថ្ងៃ។

មិត្តភ័ក្ដិ​របស់​ Chen Qiushi បាន​និយាយ​ថា ​ពួកគេ​នៅ​តែ​ព្យាយាម​ស្វែង​រក​ការិយាល័យ​សន្តិសុខ​សាធារណៈ​ដែល​ជា​កន្លែង​ដែល​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន ៕

 

ចុចអាន៖Wuhan កែប្រែ​កីឡដ្ឋាន ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ ​និង​កន្លែង​ហាត់ប្រាណ​ទៅ​ជា​មន្ទីរពេទ្យ ក្រោយ​អ្នក​ជំងឺកើន​មិនឈប់

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ