BREAKING NEWS
Search

អគ្គស្នងការរង៖ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ នៅតែបន្តកសាងរក្សាកម្លាំងមូលដ្ឋាន ដើម្បីធ្វើសកម្មភាព និងញុះញង់កងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា មេដឹកនាំសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស នៅតែបន្តសកម្មភាព ដោយជម្រុញឲ្យប្រទេសលោកសេរីចេញច្បាប់ដាក់ទណ្ឌកម្មមកលើមន្ត្រីរាជរដ្ឋាភិបាល ជាពិសេសកងកម្លាំងប្រដាប់អាវុធ បានបញ្ជាឲ្យមានសកម្មភាពនៅមូលដ្ឋានបន្តកសាងរក្សាកម្លាំង ការចេញធ្វើសកម្មភាពទាមទារតវ៉ា ហើយក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបំផុសចលនាទាមទារផ្សេងៗ និងបានធ្វើការញុះញង់កងកម្លាំងប្រដាប់អាវុធផងដែរ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលកិច្ចប្រជុំនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។

នាយឧត្តមសេនីយ៍បន្តថា បណ្ដាអង្គការ សមាគមក្រៅរដ្ឋាភិបាលមួយចំនួន បានដាក់ចេញនូវផែនការគួរកត់សម្គាល់មួយចំនួន រួមមាន ទទួលថវិការអង្គការដៃគូអន្តរជាតិ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយផ្ដោតលើកិច្ចការពង្រឹងកម្លាំងយុវជន តាមរយៈអង្គការនានា បណ្ដុះបណ្ដាល​សហគមន៍ ពលរដ្ឋនៅតាមមូលដ្ឋានឲ្យក្លាយជាអ្នកកាសែតប្រជាជនជាដើម។

មានប្រសាសន៍ទាក់ទងបញ្ហានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យស្នងការដ្ឋាននគរបាលនៃខេត្តនីមួយៗ និងស្ថាប័ន អង្គភាពពាក់ព័ន្ធត្រូវខិតខំធ្វើការរួមគ្នា សិក្សា ស្រាវជ្រាវ ក្ដោបក្ដាប់ឲ្យបាននូវព័ត៌មានផ្សេងៗ រួមទាំងពាក់ព័ន្ធជាមួយ ក្រុមអមិត្ត ក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីប្រមូលហេតុការណ៍សន្តិសុខជាតិ និងធ្វើផែនការសកម្មភាពសន្តិសុខជាក់ស្ដែង ដើម្បីធានាឲ្យបាននូវសន្តិសុខជាតិ កុំឲ្យមានជនឆ្លៀតឱកាសប្រព្រឹត្តអំពើណាមួយ ដែលឈានដល់បំផ្លាញសន្តិសុខ ក៏ដូចជាសន្តិភាពប្រទេសជាតិ។

គួររំលឹកថា លោក សម រង្ស៊ី និងក្រុមបក្ខពួកមួយចំនួន ដែលកំពុងនីរទេសខ្លួន នៅក្រៅប្រទេស ត្រូវបានចាត់ទុកថាជាមេដឹកនាំឧទ្ទាមក្រៅច្បាប់ ហើយក្រុមនេះតែងតែធ្វើសកម្មភាពជារឿយៗ អំពាវនាវឲ្យអន្តរជាតិផ្ដាច់ជំនួយមកដល់ប្រទេសកម្ពុជា ហើយក៏តែងតែធ្វើសកម្មភាពអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងទៅនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតផងដែរ៕

អត្ថបទ៖ កោះកែវ