BREAKING NEWS
Search

ចិន បង្ហាញវីដេអូទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើមូលដ្ឋានទ័ពអាមេរិក នៅកោះហ្គាម

កងទ័ពអាកាសចិន បានបញ្ចេញវីដេអូមួយ បង្អួតពីសមត្ថភាពរបស់គ្រាប់នុយក្លេអ៊ែរ H-6 របស់ចិន ដោយថែមទាំងបង្ហាញក្នុងវីដេអូ ដូចកំពុងវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក Andersen Air Force Base នៅលើកោះ Guam ដែនមហាសមុទ្រប៉ាស៊ីហ្វិក ស្របពេលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក កាន់តែក្តៅខ្លាំងឡើងក្នុងតំបន់នោះ។

វីដេអូនេះ ត្រូវគេដឹងថា បញ្ចេញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅលើគណនីបណ្តាញសង្គម Weibo របស់កងយោធាដែនអាកាសចិន PLAAF ស្របពេលដែលចិន បានចាប់ផ្តើមសមយុទ្ធថ្ងៃទី២ ក្បែរកោះតៃវ៉ាន់ ដោយត្រូវអ្នកវិភាគជឿថា វីដេអូនេះ បង្ហាញពីកំហឹងចិន ចំពោះទស្សនកិច្ចរបស់មន្ត្រីការបរទេសជាន់ខ្ពស់អាមេរិក នៅកោះតៃវ៉ាន់ តែម្តង។

វីដេអូខ្លី មានរយៈពេល ១៥វិនាទី គឺបានបញ្ចូលសំឡេងភាពយន្តហូលីវូដ ដោយបង្ហាញពីគ្រប់បែកនុយក្លអ៊ែរប្រភេទ H-6 របស់ចិន បាញ់ចេញពីមូលដ្ឋានលើសមុទ្រខ្សាច់ ហើយត្រូវគេដាក់ឈ្មោះថា The god of war H-6K goes on the attack!។

ក្នុងខ្សែវីដេអូ ក៏បានសរសេរជាការពិពណ៌នារបស់កងទ័ពអាកាសចិន “ពួកយើងជាអ្នកការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ទឹកដីកំណើតយើង។ ពួកយើងជឿជាក់ និងមានសមត្ថភាពពេញលេញ ហើយនឹងតែងតែការពារសុវត្ថិភាពដែនអាកាសសម្រាប់ទឹកដីចិនទាំងមូល”។
ទោះជាយ៉ាងណាំ ទាំងភាគីចិនមានក្រសួងការពារជាតិ និងភាគីអាមេរិក មានទីបញ្ជាការអាមេរិកប្រចាំតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក សុទ្ធតែមិនអាចសុំការបំភ្លឺបាននោះឡើយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Straights Times

អត្ថបទពាក់ព័ន្ធ៖