ទីក្រុងចិនផ្តល់ប្រាក់រង្វាន់ ១៤០០ ដុល្លារសម្រាប់អ្នកជំងឺកូរ៉ូណាដែលបានរាយការណ៍ទៅអាជ្ញាធរ

ទីក្រុងមួយក្នុងខេត្ដហ៊ូប៉ីរបស់ប្រទេសចិនដែលជាចំណុចកណ្តាលនៃការរីករាលដាលនៃវីរុស Covid-19 នឹងជូនប្រាក់លើកទឹកចិត្តដល់ប្រជាជនចំនួន ១ ម៉ឺនយ័ន ឬជាង ១៤០០ ដុល្លារសហរដ្ឋអាមេរិក ប្រសិនបើពួកគេរាយការណ៍ជាមុនពីរោគសញ្ញានៃជំងឺពួកគេ ហើយមានលទ្ធផលតេស្តវិជ្ជមាន។

ខេត្តហ៊ូប៉ីបានរាយការណ៍ថា មានករណីជាង ៦៥ ពាន់នាក់បានឆ្លងមេរោគនិងមានមនុស្សស្លាប់ជាង ២៦០០នាក់។ នៅទូទាំងពិភពលោកចំនួនអ្នកស្លាប់មានប្រហែល ២៨០០ នាក់ និងប្រហែល ៨ ម៉ឺននាក់បានឆ្លង។

ទីក្រុង Qianjiang ជាទីក្រុងមួយដែលមានប្រជាជនប្រមាណ ១ លាននាក់ស្ថិតនៅចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រពីទីក្រុងអ៊ូហានបានរាយការណ៍ថា មានករណីអ្នកឆ្លងវីរុសសរុបចំនួន ១៩៧ ករណី។ រហូតមកដល់ពេលនេះអាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា អ្នកផ្ទុកវីរុសរបស់ខ្លួនត្រូវបានបង្ខាំងដោយឡែកនិងព្យាបាលបានត្រឹមត្រូវ។

ក្រុងនេះគឺជាតំបន់ចុងក្រោយបង្អស់ក្នុងចំណោមតំបន់មួយចំនួនដែលផ្តល់រង្វាន់ជាសាច់ប្រាក់ដើម្បីលើកទឹកចិត្តសាធារណជនឱ្យស្ម័គ្រចិត្តសម្រាប់ការត្រួតពិនិត្យសុខភាព។

ក្រុមការងារគ្រប់គ្រងជំងឺរាតត្បាតក្រុង Qianjiang បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា ពលរដ្ឋក្នុងក្រុងនឹងមានសិទ្ធិទទួលបានប្រាក់រង្វាន់ ១ ម៉ឺនយ័ន ប្រសិនបើការធ្វើរោគវិនិច្ឆ័យវីរុស Covid-19 ត្រូវបានបញ្ជាក់វិជ្ជមាន។ ប៉ុន្តែអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យពីមុនម្ដងហើយនឹងមិនមានសិទ្ធិទទួលបានប្រាក់នេះទេ។ ប្រភពដដែលបានបន្តទៀតថា ចំពោះអ្នកដែលធ្វើតេស្តអវិជ្ជមាននឹងទទួលបានប្រាក់ ១ ពាន់យ័ន ចំណែកអ្នកដែលមានករណីសង្ស័យនឹងទទួលបានប្រាក់ចំនួន ២ ពាន់យ័ន។

ការផ្ដល់ប្រាក់ជូនដល់ពលរដ្ឋដែលពិនិត្យសុខភាពបែបនេះមិនមែនធ្វើឡើងតែក្នុងក្រុង Qianjiang ប៉ុណ្ណោះទេ ប៉ុន្តែសង្កាត់មួយចំនួនក្នុងក្រុងអ៊ូហានក៏បានផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ប្រជាជនស្ម័គ្រចិត្តសម្រាប់ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រក្នុងអត្រាប្រហែលជា ៥០០ យ័ន។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងខេត្ត Jiangxi និងហ៊ូប៉ីក៏បានរាយការណ៍ដែរថា ទីក្រុងនានាក្នុងតំបន់បានផ្តល់ជូនទឹកប្រាក់ប្រហែល ៣០០-៥០០ យ័នដល់ពលរដ្ឋខ្លួនដែលមកធ្វើតេស្តរកមេរោគ។

ក្នុងពេលកន្លងមកប្រទេសចិនធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនដែលបង្ហាញសញ្ញានៃការឆ្លងនឹងត្រូវបានពិនិត្យសុខភាពដោយឥតគិតថ្លៃ និងថែមទាំងបានទទួលថវិកាពីរដ្ឋាភិបាលក្នុងតំបន់ ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុរបស់ពួកគេ៕

ចុចអាន៖ ករណីក្នុងប្រទេសខ្លួនថយចុះ ចិនចាប់ផ្ដើមរឹតបន្តឹងអ្នកដំណើរពីប្រទេសផ្សេងៗវិញម្ដង

ចុចអាន៖ ការរាលដាលនៃវីរុស Covid-19 កើត​មាន​នៅ​គ្រប់​ទ្វីប​លើកលែងតែអង់តាកទិច

ប្រែសម្រួល៖ សន្យា