មហាសន្និបាតចិនផ្តោតលើភាពចលាចលនៅហុងកុង ខណៈនាយករដ្ឋមន្រ្តីព្រមានពីគ្រោះថ្នាក់សេដ្ឋកិច្ច

ប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយលើទីក្រុងហុងកុងនៅពេលបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រខណៈលោកនាយករដ្ឋមន្ត្រី Li Keqiang ក៏បានព្រមានផងដែរអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំធេងដែលបង្កឡើងដោយវីរុសកូរ៉ូណា។

សុន្ទរកថាបើករបស់លោក Li ទៅកាន់មហាសន្និបាតប្រជាជនជាតិ (NPC) ដែលមានសមាជិក ៣០០០នាក់គឺដូចទៅនឹងសុន្ទកថា “State of the Union” របស់ប្រធានាធិបតីអាមេរិកហើយលោកបានដាក់បញ្ចូលនៃការគំរាមកំហែងដែលបង្កឡើងដោយជំងឺរាតត្បាតដែលកើតចេញពីទឹកដីចិន។

លោក Li បានប្រាប់ប្រតិភូដែលពាក់ម៉ាស់នៅក្នុងវិមានមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងថា “បច្ចុប្បន្ននេះ ជំងឺរាតត្បាតមិនទាន់ដល់ទីបញ្ចប់នៅឡើយទេខណៈភារកិច្ចដែលយើងកំពុងប្រឈមមុខក្នុងការលើកកម្ពស់ការអភិវឌ្ឍគឺធំធេងណាស់”។

វិធានការដ៏ចម្រូងចម្រាសបំផុតនៅ NPC ឆ្នាំនេះគឺជាវិធានការមួយដែលនឹងដាក់ចេញនូវច្បាប់សន្តិសុខក្នុងទីក្រុងហុងកុងដែលភ្លាមៗនោះត្រូវបានបដិសេធដោយសហរដ្ឋអាមេរិកនិងឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះដែលបានហៅវាថាជា “ការកាត់ទោសប្រហារជីវិតចំពោះសេរីភាពតែមួយគត់របស់ដែនដីនេះ”។

សេចក្តីព្រាងច្បាប់ដែលបានស្នើឡើងនេះគឺនឹងការពារប្រឆាំង បញ្ឈប់និងដាក់ទណ្ឌកម្មចំពោះគំនិតបំបែកខ្លួនណាមួយ ការបំបះបំបោររបបជាតិ សកម្មភាពក្រុមភេរវករនិងអាកប្បកិរិយាដែលបង្កអន្តរាយដល់សន្តិសុខជាតិធ្ងន់ធ្ងរ។

ច្បាប់នេះនឹងផ្តល់សិទ្ធិដល់សមាជិកសភាចិនឲ្យអនុវត្តដោយផ្ទាល់នូវច្បាប់សន្តិសុខហុងកុងនៅកាលបរិច្ឆេទនាពេលអនាគតជាជាងទុកឲ្យរដ្ឋបាលដែនដីនេះអនុវត្តដោយខ្លួនឯង។

ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់ឲ្យច្បាប់នេះត្រូវបានអនុម័តបន្ទាប់ពីទីក្រុងហុងកុងត្រូវបានវាយប្រហារដោយបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយធំរយៈពេល ៧ខែកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងឆ្លើយតបយ៉ាងខ្លាំងក្លានៅពេលព័ត៌មានលម្អិតអំពីច្បាប់នេះលេចឡើងហើយសមាជិកព្រឹទ្ធសភាអាមេរិកបានដាក់ចេញនូវច្បាប់មួយដើម្បីដាក់ទណ្ឌកម្មលើអង្គភាពណាមួយដែលពាក់ព័ន្ធនឹងការទប់ស្កាត់ស្វ័យភាពរបស់ទីក្រុងហុងកុង៕ AFP

ប្រតិភូដែលពាក់ម៉ាស់បានឈរដោយស្ងាត់ស្ងៀមដើម្បីរំលឹកដល់ជនរងគ្រោះនៃជំងឺ COVID-19 ក្នុងពេលបើក NPC (រូប AFP)

ប្រែសម្រួល៖ វណ្ណវណ្ណ