ចិន​ បាន​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​ជា​លើកដំបូង​ មកកាន់​កម្ពុជា​ដោយ​ជោគជ័យ

ភ្នំពេញ ​៖​ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ផ្សព្វផ្សាយ​ពី​ភាព​ជោគជ័យ​របស់​នាវា​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​(LNG)​មកកាន់​ប្រទេស​កម្ពុជា​ តាម​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។

ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​(LNG)​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ ​ត្រូវបាន​ស្ថានទូត​ចិន​ចាត់ទុកថា​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ការប្រើប្រាស់​ថាមពល​ដែល ប្រកបដោយ​ការការពារ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា។

ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​នេះ​ ជាការ​សហការ​ដោយ​ក្រុមហ៊ុន​២ គឺ​ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd ក្នុងប្រទេស​ចិន​និង​ក្រុមហ៊ុន Cambodian Natural Gas Co., Ltd​ក្នុងប្រទេស​កម្ពុជា​។​

ស្ថានទូត​ចិន​បាន​ចុះផ្សាយ​ព័ត៌មាន​នេះ​នៅក្នុង​ហ្វេ​ស​ប៊ុក​កាលពី​ថ្ងៃទី ១៥ ខែមករា​ថា​ ៖​ «​ជើង​នាវា​កុងតឺន័រ ​ដែល​បាន​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)​ចំនួន​៥ ធុង​ដែល​បាន​ចេញ​ដំណើរ​ពី​កំពង់ផែ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន​បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០២០ ​ហើយ​នេះ ជា​លើកដំបូង​ដែល​ប្រទេស​ចិន​បាន​នាំចេញ​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​ប្រទេស​កម្ពុជា​យ៉ាង​ជោគជ័យ​ដោយ​តាមរយៈ​កិច្ចសហការ​គ្នា​រវាង ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd ក្នុងប្រទេស​ចិន និង​ក្រុមហ៊ុន Cambodian Natural Gas Co., Ltd​ក្នុងប្រទេស​កម្ពុជា​»​។​

​ស្ថានទូត​ចិន​បាន​បន្តថា ​៖«​ស្ថិតនៅក្រោម​ការដឹកនាំ​នៃ​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស​គោលនយោបាយ «​ខ្សែក្រវាត់ និង​ផ្លូវ​» ត្រូវបាន​កសាង​កាន់តែ​ស៊ីជម្រៅ​និង​ជោគ ជ័យ​ដោយ​ចិន​និង​កម្ពុជា។ ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd បាន​ចាប់​យក​ឱកាស​ថ្មី​នៃ «​ការ​ចេញទៅ​ក្រៅ​ប្រទេស​» ក៏បាន​សម្រេច​នូវ​គម្រោង យុទ្ធសាស្ត្រ​ក្នុង​អាស៊ីអាគ្នេយ៍​ឯ​ក្រុមហ៊ុន Cambodian Natural Gas Co., Ltd បានសម្រេច​នូវ​កិច្ច​ការដែល​បាន​ត្រៀម​ក្នុងដំណាក់កាល​នៃ​ការ​រក្សាទុក​ការដឹក ជញ្ជូន​និង​ការលក់​ជាដើម​ដោយ​ផ្អែកលើ​សមត្ថភាព​ជំនាញ​នៃ​ក្រុមហ៊ុន​CNOOC Gas Power Group Co., Ltd ។ ភាគី​ទាំងពីរ​ក៏បាន​ចាប់ដៃគ្នា​សម្រេចបាន​នូវ​ការ ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) លើកដំបូង​ក្នុងប្រទេស​កម្ពុជា​បាន​ចូលរួម​បំពេញ​ចន្លោះ​ទីផ្សារ​ថាមពល​ក្នុង​កម្ពុជា​នឹង​ជួយ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ការប្រើ ប្រាស់​ថាមពល​ដែល​ប្រកបដោយ​ការការពារ​បរិស្ថាន​ក្នុង​កម្ពុជា​» ។​

មន្ត្រី​ម្នាក់​របស់​ក្រុមហ៊ុន Cambodia Natural Gas បាន​និយាយ​ថា ​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​ដើម្បី​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ទីផ្សារ​ក្នុងស្រុក​អនុវត្តតាម​ផែនការ​ជំហាន​ដំបូង​ក្រុមហ៊ុន​គឺ​ផ្តោតលើ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​។​

លោក ផេង ស្រស់ ចរណៃ បុគ្គលិក​រដ្ឋបាល​ក្រុមហ៊ុន Cambodia Natural Gas បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា ​ធុង​ផ្ទុក​ឧស្ម័ន​ធម្មជាតិ​រាវ LNG ត្រូវ​បាន​ដឹក​ចេញ ពី​ប្រទេស​ចិន​ ហើយ​បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​។ លោក ចរណៃ បាន​បន្តថា​តម្រូវការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ​នៅ​ប្រទេស​កម្ពុជា​មានការ​កើន​ឡើង​នៅ​ស្រប​ពេល​ដែល​យើង​ឃើញ​ថា​តម្រូវការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​កំពុង​កើនឡើង​ដែរ។ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ការចែក​ចាយ​ដល់ ២៥ រាជធានី​ខេត្ត​ក្រុង។ បច្ចុប្បន្ន​នេះ ​ក្រុមហ៊ុន​ចាប់ផ្ដើម​ផ្តោត​លើ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ៕

​  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114