ទីបំផុតចិនព្រមទម្លាយថាបុគ្គលិកពេទ្យ ៦នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតឆ្លងវីរុសកូរ៉ូណា
BREAKING NEWS
Search

ទីបំផុតចិនព្រមទម្លាយថាបុគ្គលិកពេទ្យ ៦នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតឆ្លងវីរុសកូរ៉ូណា

មន្ត្រីសុខាភិបាលចិនបាននិយាយនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ថាបុគ្គលិកពេទ្យចំនួន ៦ នាក់បានស្លាប់ដោយសារវីរុសថ្មីនៅប្រទេសចិន ខណៈជាង ១៧០០ នាក់បានឆ្លងជំងឺនេះ។

តួលេខនេះត្រូវបានទម្លាយរយៈពេលមួយសប្តាហ៍បន្ទាប់ពីកំហឹងសាធារណជនបានផ្ទុះឡើងចំពោះការស្លាប់របស់វេជ្ជបណ្ឌិតដែលត្រូវបានប៉ូលីសស្តីបន្ទោស និងបំបិទមាត់ បន្ទាប់ពីលោកបានប្រកាសអាសន្នអំពីវីរុសនេះកាលពីខែធ្នូ។

លោក Zeng Yixin អនុរដ្ឋមន្រ្តីនៃគណៈកម្មការសុខភាពជាតិចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលិកសុខាភិបាល ១៧១៦ នាក់បានឆ្លងជំងឺនេះនៅក្នុងប្រទេសគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Zeng បាននិយាយថាក្នុងចំណោមនោះ បុគ្គលិក ១១០២ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺ COVID-19 នៅទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការរាតត្បាត និងបុគ្គលិក ៤០០ នាក់ផ្សេងទៀតបានឆ្លងនៅកន្លែងផ្សេងទៀតក្នុងខេត្តហ៊ូប៉ី។

អាជ្ញាធរចិនបានដាក់ពង្រាយឧបករណ៍ការពារដល់មន្ទីរពេទ្យរបស់ទីក្រុង Wuhan ជាកន្លែងដែលវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាកំពុងទប់ទល់ចំនួនអ្នកជំងឺដែលកំពុងកើនឡើងដូចទឹកបាក់ទំនប់។

សារព័ត៌មាន CNA ឲ្យដឹងថា វេជ្ជបណ្ឌិតជាច្រើននៅ Wuhan ត្រូវទៅជួបអ្នកជំងឺដោយមិនមានម៉ាសការពារ ឬឈុតការពារខ្លួនត្រឹមត្រូវ ខណៈពួកគេត្រូវប្រើឈុតដដែលៗទោះបីត្រូវផ្លាស់ប្តូរជាប្រចាំ។

វេជ្ជបណ្ឌិតម្នាក់នៅគ្លីនិកសហគមន៍មួយក្នុងទីក្រុង Wuhan បានប្រាប់ AFP ថាគាត់និងសហការីយ៉ាងហោចណាស់ ១៦ នាក់ផ្សេងទៀតកំពុងបង្ហាញរោគសញ្ញាស្រដៀងនឹងវីរុសថ្មីរួមមានការឆ្លងមេរោគសួតនិងក្អក។

ហានិភ័យដែលបុគ្គលិកពេទ្យកំពុងប្រឈមមុខត្រូវបានគូសបញ្ជាក់កាលពីថ្ងៃទី ៧ ខែកុម្ភៈនៅពេលដែលលោក Li Wenliang ដែលជាវេជ្ជបណ្ឌិតដំបូងដែលបានព្រមានពីជំងឺនេះ បានស្លាប់ដោយសារជំងឺនេះដូចគ្នានៅទីក្រុង Wuhan។

មរណភាពរបស់លោកបានបណ្តាល ឲ្យមានភាពសោកសៅនិងកំហឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនដោយមានអ្នកសិក្សាចំនួន ១០ នាក់នៅទីក្រុងវូហានបានចេញលិខិតចំហអំពាវនាវឱ្យមានការកែទម្រង់នយោបាយ និងសេរីភាពនៃការបញ្ចេញមតិ ៕

ប្រែសម្រួល៖ វ៉ាន់ថន