រដ្ឋាភិបាលប៉េកាំង អនុម័តច្បាប់សន្តិសុខជាតិហុងកុងជាផ្លូវការ
BREAKING NEWS
Search

រដ្ឋាភិបាលប៉េកាំង អនុម័តច្បាប់សន្តិសុខជាតិហុងកុងជាផ្លូវការ

រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃអង្គារ៍នេះ បានអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយពីបណ្តាប្រព័ន្ធផ្សព្វផ្សាយធំៗទូទាំងប្រទេសចិន ខណៈច្បាប់ថ្មីនេះ ត្រូវអ្នកឃ្លាំមើលនយោបាយចិន ព្រួយបារម្ភខ្លាំងពីការត្រួសត្រាយផ្លូវសម្រាប់ការបង្ក្រាបចលនានយោបាយបែបចិនដីគោក ទៅលើទីក្រុងស្វយ័តប្រទេសមួយ ប្រព័ន្ធពីរ។

គណៈកម្មាធិការជាតិអចិន្ត្រៃយ៍ ដែលជាស្ថាប័នកំពូលសម្រាប់អនុម័តច្បាប់ នៅព្រឹកថ្ងៃអង្គារ៍នេះ បានសម្រេចជាឯកច្ឆន្ទ អនុម័តលើច្បាស់សន្តិសុខទីក្រុងហុងកុង។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយធំៗ ដូចជា Now TV, RTHK និង South China Morning Post ជាដើម។

រដ្ឋាភិបាលប៉េកាំង លើកឡើងថា ច្បាស់ថ្មីនេះ គឺដើម្បីរារាំងសកម្មភាពទាំងឡាយណាដែលបំផ្លាយផលប្រយោជន៍ទីក្រុង បង្កមហន្តរាយ ចលនាបះបោរ និងភេរវកម្ម ក៏ដូចជារារាំងវត្តមានកងយោធាបរទេសលើទឹកដីស្វយ័តនេះជាដើម ក្នុងចេតនាទាញទីក្រុងហុងកុង មករកស្ថិរភាព បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាអូសបន្លាយជាងមួយឆ្នាំមកនេះ។

ទោះជាយ៉ាងណា បក្សប្រឆាំងនៅហុងកុង បានបង្ហាញក្តីបារម្ភខ្លាំងទៅលើច្បាប់សន្តិសុខជាតិថ្មីនេះ ដែលអាចជាគំនាបទៅលើចលនាប្រជាធិបតេយ្យរបស់ទីក្រុង ខណៈច្បាប់នេះគឺដូចគ្នាទៅនឹងច្បាប់ អនុញ្ញាតឲ្យមានការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមបាតុករនៅដីគោក។

ជាមួយគ្នានេះ ពលរដ្ឋហុងកុងប្រមាណ ៧,៥លាននាក់ ក៏សុទ្ធតែមិនទាន់ដឹងពីខ្លឹមសារទាំងស្រុងក្នុងច្បាប់នេះនៅឡើង ខណៈលោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង ដែលគេជឿថាជាអ្នកគាំទ្ររដ្ឋាភិបាលប៉េកាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធការអនុម័តច្បាប់នេះដូចគ្នា៕

ប្រែសម្រួល៖ សុភា
ប្រភព៖

អត្ថបទពាក់ព័ន្ធ៖