BREAKING NEWS
Search

លើកដំបូង ចិនរកមិនឃើញអ្នកឆ្លងថ្មីសូម្បីម្នាក់ ទាំងករណីក្នុងស្រុក និងនាំចូល តែនៅមានការសង្ស័យ

ប្រទេសចិននៅថ្ងៃសៅរ៍នេះ (២៣ ឧសភា) បានរាយការណ៍ថាគ្មានករណីឆ្លងមេរោគកូវីដ១៩ថ្មីត្រូវបានរកឃើញក្នុងប្រទេសខ្លួនជាលើកដំបូងចាប់តាំងពីបានចាប់ផ្តើមរាយការណ៍ពីជំងឹនេះដំបូងនៅខែមករា រយៈពេលមួយថ្ងៃបន្ទាប់ពីមេដឹកនាំបក្សកុម្មុយនិស្តបានសាទរចំពោះ “សមិទ្ធិផលធំៗ” ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

វីរុសកូវីដ១៩ត្រូវបានគេរកឃើញដំបូងនៅទីក្រុងអ៊ូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុន ប៉ុន្តែករណីថ្មីៗបានបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយ ខណៈដែលប្រទេសនេះហាក់ដូចជាអាចគ្រប់គ្រងការរាលដាលបានយ៉ាងជោគជ័យ។

តួលេខអ្នកស្លាប់ផ្លូវការនៅក្នុងប្រទេសដែលមានប្រជាជន ១,៤ ពាន់លាននាក់នេះ មានចំនួន ៤៦៣៤ នាក់ ដែលទាបជាងចំនួនអ្នកស្លាប់នៅក្នុងប្រទេសតូចៗជាងខ្លួនមួយចំនួនទៀត។

ទោះយ៉ាងណា ការសង្ស័យត្រូវបានលើកឡើងចំពោះភាពដែលអាចជឿជាក់បាននៃតួលេខរបស់ប្រទេសចិន ហើយសហរដ្ឋអាមេរិកបានដឹកនាំការចោទប្រកាន់នេះដោយសួរថាតើព័ត៌មានដែលទីក្រុងប៉េកាំងបានចែកចាយដល់សហគមន៍អន្តរជាតិមានពិតកម្រិតណា។

ការរាយការណ៍សូន្យករណីនៅថ្ងៃនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការបើកសភាចិន ដែលក្នុងពិធីនោះនាយករដ្ឋមន្រ្តីចិនលោក Li Keqiang បាននិយាយថាប្រទេសនេះបាន “បង្កើតសមិទ្ធិផលយុទ្ធសាស្ត្រសំខាន់ៗក្នុងដំណោះស្រាយឆ្លើយតបបញ្ហា Covid-19” ។ ទោះជាយ៉ាងណាលោកបានព្រមានថាប្រទេសនេះនៅតែប្រឈមនឹងបញ្ហាធំៗជាច្រើនទៀត។

អាជ្ញាធរក្នុងទីក្រុងវូហានបានទទួលរងនូវការស្តីបន្ទោស ចំពោះការបំបិទមាត់គ្រូពេទ្យដែលបានប្រកាសអាសន្នអំពីវីរុសនេះកាលពីចុងឆ្នាំមុន ហើយការផ្លាស់ប្តូរម្តងហើយម្តងទៀតចំពោះវិធីសាស្ត្ររាប់ករណីឆ្លងបានធ្វើឱ្យមានការសង្ស័យបន្ថែមទៀតលើទិន្នន័យផ្លូវការរបស់ប្រទេសចិន។

រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់អំពីការបិទបាំងដោយទទូចថាខ្លួនតែងតែចែករំលែកព័ត៌មានជាមួយអង្គការសុខភាពពិភពលោក (WHO) និងប្រទេសដទៃទៀតយ៉ាងទាន់ពេលវេលា ៕

ចុចអាន៖ សាកលវិទ្យាល័យ Oxford ត្រៀមធ្វើតេស្តវ៉ាក់សាំងកូរ៉ូណាលើមនុស្សជាង១ម៉ឺននាក់ទៀត

ចុចអាន៖ មនុស្សយ៉ាងហោច ៨៥នាក់បានឆ្លងកូវីដ១៩ និងម្នាក់ស្លាប់ក្រោយចូលរួមមង្គលការមួយរោង

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖CNA