ចិនបិទទីក្រុងបន្ថែមទៀតស្របពេលចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបន្តកើនឡើង

កាលពីថ្ងៃសុក្រ ប្រទេសចិនបានហាមឃាត់មនុស្សរាប់លាននាក់បន្ថែមទៀតនៅក្បែរចំណុចកណ្តាលនៃការផ្ទុះវីរុសដោយបានបិទសេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងទី៨នៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមកខណៈចំនួនអ្នកស្លាប់កើនឡើងដល់២៦នាក់។

អាជ្ញាធរក្នុងទីក្រុងប៉េកាំងបានលុបចោលព្រឹត្តិការណ៍ជាច្រើនដែលជាធម្មតាបានទាក់ទាញមនុស្សដ៏លើសលប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (រូប AFP)

ខណៈអង្គការសុខភាពពិភពលោកបានពន្យារការប្រកាសអំពីភាពអាសន្នជាសកលថ្វីបើមានការបញ្ជាក់ថាមានករណីនេះនៅក្នុងប្រទេសជាច្រើនទៀតក៏ដោយ ប្រទេសចិនបានពង្រីកការដាក់កំហិតរបស់ខ្លួនដែលនៅពេលនេះត្រូវបានដាក់លើប្រជាជនប្រមាណ២៦លាននាក់និងបានលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីមួយចំនួនដើម្បីការពារការរីករាលដាលនៃជំងឺនេះ។
គណៈកម្មការសុខភាពជាតិបាននិយាយថា វីរុសដែលកើតចេញពីទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនមួយនេះបានឆ្លងដល់មនុស្សចំនួន៨៣០នាក់ហើយ។

វីរុសថ្មីនេះបានបង្កឲ្យមានការព្រួយបារម្ភដោយសារតែវាមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺ SARS (រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ) ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងប្រទេសចិនដីគោកនិងហុងកុងក្នុងឆ្នាំ២០០២-២០០៣។
អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសចិនបានប្រឈមមុខនឹងភាពអាសន្នប៉ុន្តែមិនទាន់ចេញសេចក្តីប្រកាសជាសកលទេដែលវានឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាអន្តរជាតិកាន់តែខ្លាំងឡើងរាប់បញ្ចូលទាំងការដាក់កម្រិតការធ្វើពាណិជ្ជកម្មនិងការធ្វើដំណើរផងដែរ។

ទីក្រុង Wuhan ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងដឹកជញ្ជូនដ៏ធំមួយមានប្រជាជនចំនួន១១លាននាក់បានក្លាយទៅជាទីក្រុងខ្មោចដោយសារតែប្រទេសចិនបានដាក់បម្រាមដឹកជញ្ជូនដែលមិនធ្លាប់មានពីមុនមកនៅជុំវិញនិងក្នុងទីក្រុងក្បែរៗនោះ។
ប្រទេសចិនបានចាប់ផ្តើមថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួនដែលជាទូទៅត្រូវបានគេមើលឃើញការជួបជុំក្រុមគ្រួសារនិងព្រឹត្តិការណ៍សាធារណៈនានាប៉ុន្តែពេលនេះដងផ្លូវនៃទីក្រុង Wuhan ត្រូវបានបោះបង់ចោលហើយហាងនានាត្រូវបិទទ្វារ។
សូម្បីតែវត្តមានរបស់ប៉ូលិសដែលជាធម្មតាមានភាពកកកុញនៅក្នុងប្រទេសចិនក៏គេពិបាកនឹងរកឃើញដែរ៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ