២ ថ្ងៃជាប់ៗគ្នាចិនគ្មានអ្នកឆ្លងថ្មីនៅក្នុងស្រុកទេ ប៉ុន្តែករណី​អ្នក​មក​ពីបរទេស​បន្ត​កើនឡើង

ចិនដីគោកបានរាយការណ៍ថាថ្ងៃនេះជាថ្ងៃទី ២ ដែលគ្មានករណីឆ្លងថ្មីនៅក្នុងស្រុកបន្ទាប់ពីម្សិលមិញ ខណៈដែលចំណុចកណ្តាលនៃការរាលដាលវីរុសដំបូងគឺខេត្តហ៊ូប៉ីបានបើកព្រំដែនរបស់ខ្លួន។ ក៏ប៉ុន្តែករណីឆ្លង​លើ​អ្នក​មកពីបរទេសបានកើនឡើងនៅរដ្ឋធានីប៉េកាំង បើទោះបីរដ្ឋធានីនេះបានបង្កើនការគ្រប់គ្រងដើម្បីការពារការលេចឡើងថ្មីនៃអ្នកឆ្លងវីរុសក៏ដោយ។

គណៈកម្មការសុខភាពជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនា ថាករណីថ្មីសរុបចំនួន ៦៧ ករណីត្រូវបានរាយការណ៍នៅថ្ងៃពុធពោលគឺចំនួននេះបានកើនឡើងច្រើនជាងកាលពីមួយ​ថ្ងៃមុន​ដែល​មាន​ករណី​ថ្មីពីបរទេស​ចំនួន ៤៧នាក់។

គណៈកម្មការសុខភាពជាតិបានឲ្យដឹងទៀតថា អ្នកជំងឺថ្មីទាំងអស់សុទ្ធតែជាអ្នកធ្វើដំណើរពីក្រៅចូលក្នុងប្រទេសចិន។ ក្នុងនោះអ្នកដំណើរដែលរកឃើញឆ្លងវីរុសមាននៅក្នុងក្រុងសៀងហៃ ១៨ ករណី តំបន់ម៉ុងហ្គោលី ១២ ​ករណី និងខេត្តក្វាងទុង ១១ ករណី។

ចំនួនករណីថ្មីប្រចាំថ្ងៃនៅតែធ្លាក់ចុះបើប្រៀបធៀបកាលពីខែកុម្ភៈកន្លងទៅ។ ករណីនេះអនុញ្ញាតឱ្យក្រុងប៉េកាំងដែលមានសេដ្ឋកិច្ចធំជាងគេទី ២ នៅលើពិភពលោកអាចចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ដោយឡែកខេត្តហ៊ូប៉ីដែលមានប្រជាជន ៦០ លាននាក់បានរាយការណ៍ថា គ្មានករណីថ្មីទេកាលពីថ្ងៃពុធ និងបានបើកព្រំដែនខេត្តរបស់ខ្លួន។ ការដឹកជញ្ជូនសាធារណៈបានចាប់ផ្តើមឡើងវិញ រីឯពលរដ្ឋដែលរស់នៅក្នុងទីក្រុង Xianning អាចធ្វើដំណើរក្នុងក្រុងជាធម្មតា ប៉ុន្តែពួកគេនៅតែពាក់ម៉ាស់ដើម្បីការពារ។

ដើម្បីការពារនិងទប់ស្កាត់ការចម្លងថ្មីៗពីភ្ញៀវបរទេស អាជ្ញាធរចិនបានបង្កើនវិធានការដាក់ឱ្យនៅដាច់ឆ្ងាយនិងត្រួតពិនិត្យនៅតាមទីក្រុងធំៗរួមមាន រដ្ឋធានីប៉េកាំង សៀងហៃ និងម៉ាកាវ។ សម្រាប់អ្នកធ្វើដំណើរណាដែលធ្វើដំណើរមកពីបរទេសត្រូវបញ្ជូនទៅមណ្ឌលដាច់ដោយឡែករយៈពេលពីរសប្ដាហ៍ជាមុនសិន។ បច្ចុប្បន្នចំនួនករណីសរុបនៅក្នុងប្រទេសមាន ៨១ ២៨៥ ករណី និងមានអ្នកស្លាប់សរុប ៣ ២៨៧ នាក់គិតត្រឹមចុងថ្ងៃពុធម្សិលមិ៕

ចុចអាន៖ ជនជាតិរុស្សីអាចប្រឈមជាប់ពន្ធនាគារ ៧ឆ្នាំ បើ​ហ៊ាន​បំពាន​​បទ​បញ្ជា​ឲ្យ​នៅ​ដាច់​ដោយឡែក

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA