BREAKING NEWS
Search

ចិន គួរត្រៀមខ្លួន និងធ្វើចិត្តឲ្យត្រជាក់ជាមួយសម្តីវាយប្រហារពីរដ្ឋាភិបាលលោក Trump

អ្នកសង្កេតនយោបាយពិភពលោកស្នើឲ្យចិន គួរត្រៀមខ្លួនជាមុន សម្រាប់ការវាយប្រហារពាក្យសម្តីពីសំណាក់ប្រធានាធិបតីអាមេរិក Donald Trump និងមន្ត្រីរបស់រដ្ឋាភិបាលអាមេរិក ស្របពេលប្រទេសទាំងពីរ កំពុងកើនឡើងសម្ពាធដាក់គ្នាកាន់តែខ្លាំង ចាប់តាំងពីមានការផ្ទុះរាតត្បាតជំងឺកូវីដ ១៩ និងការកើតឡើងវិបត្តិសេដ្ឋកិច្ចសកល។

ការស្នើនេះ កើតឡើងបន្ទាប់ពីលោក Trump បានបង្ហាញពីចេតនាលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលចុះហត្ថលេខាដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន និងរដ្ឋាភិបាលប៉េកាំង ដោយអះអាង អាមេរិក នឹងសន្សំប្រាក់បានប្រមាណ ៥០០ពាន់លានដុល្លារ បើសិនជាកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនទាំង​ស្រុង។

ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ Fox Business News ហាក់ដូចជាកំពុងព្យាយាមដាក់ទឹកត្រជាក់លើកម្តៅការទូតជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយលើកឡើង “ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយលោក ស៊ី ប៉ុន្តែគ្រាន់តែថាពេលនេះ ខ្ញុំមិនចង់និយាយជាមួយគាត់ទេ”។

កាលពីថ្ងៃ ៧ កុម្ភៈកន្លងទៅ ប្រធានាធិបតីមហាអំណាចទាំងពីរ បានជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បញ្ហាការលើកឡើងរបស់លោក Trump ហាក់ផ្ទុយពីភាពវិជ្ជមានលើកិច្ចពិភាក្សាទ្វេភាគីរវាងប្រទេសទាំងពីរកាលពីថ្ងៃច័ន្ទដើមសប្តាហ៍ ដែលផ្តោតសំខាន់លើកិច្ចសហការពាណិជ្ជកម្មកំពូលរបស់ខ្លួន។

ក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទ ៣ខ្សែចូលគ្នា រវាងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ដំណាងក្រសួងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer រួមនឹងអគ្គលេខាធិការរតនាគារជាតិអាមេរិក លោក Steven Mnuchin បានព្រមព្រៀងបង្កើតឲ្យមានបរិកាសល្អរួមមួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្របពេលដែលពួកគេកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ទៅនឹងសុខុមាលភាពសេដ្ឋកិច្ចសកល ដែលកំពុងខ្ជះខ្ជាយសេដ្ឋកិច្ចខ្លាំង។

លោក Shi Yinhong សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យា Renmin ក្រុងប៉េកាំងបានលើកឡើងថា ការបញ្ជាក់របស់លោក Trump បាននឹងកំពុងឆ្លុះបង្ហាញពីភាពតានតឹងខ្លាំងឡើងទៅរវាងប្រទេសទាំងនេះ។

លោកថា “ក្នុងកិច្ចសន្ទនាពាណិជ្ជកម្មទ្វេភាគីកាលពីថ្ងៃច័ន្ទ ភាគីទាំងពីសុទ្ធតែមានចេតនា ចង់រក្សាកិច្ចព្រមព្រៀងនេះឲ្យគង់វង្ស បើទោះជាស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរកំពុងធ្លាក់ចុះក្តី។ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកល បានកំពុងជះឥទ្ធិពលដល់កំណើននៃការនាំចូលយ៉ាងគំហុគនៃផលិតផលទំនិញអាមេរិកមកកាន់ប្រទេសចិន”។

លោកបញ្ជាក់ដែរងថា ការថ្លែងរបស់លោក Trump បានឆ្លុះបញ្ជាំងពីភាពអាកអន់ចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន ក៏ដូចជាចំណងការទូតប្រទេសទាំងពីរដែលកំពុងធ្លាក់ចុះខ្លាំង។ លោកជឿជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន នៅតែត្រូវការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដដែល។

ជាមួយគ្នានេះ លោក Lu Xiang អ្នកស្រាវជ្រាវ នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមប្រទេសចិន បញ្ជាក់ដែរថា ការគំរាមរបស់លោក Trump ទៅលើទំនាក់ទំនងជាមួយប្រទេសចិត្ត គឺជាស្រមោលអន្ធកាលថ្មីមួយ ដែលបានគ្រប់ដណ្តប់ទៅលើទំនាក់ទំនង Sino-US ដែលជាភស្តុតាងនៃភាពមិនអាចព្យាករណ៍បានពីលោក Donald Trump។

លោកថា “យើងមិនត្រូវបញ្ចេញសកម្មភាពតបតគ្រប់សម្តីរបស់លោក Trump នោះទេ ប៉ុន្តែចាំថា សម្តីអាចនាំឲ្យមានការបញ្ចេញសកម្មភាពបាន ហេតុនេះយើងត្រូវត្រៀមខ្លួនទប់ទល់ជាមួយកាលៈទេសៈណាក៏ដោយដែលកើតមាន”។

លោកបញ្ជាក់ដែរថា ស្ថានភាពកូវីដ ១៩ និងផលប៉ះពាល់ទៅលើសេដ្ឋកិច្ច គឺហួសពីអ្វីយើងបានគិតទុក ហើយសេដ្ឋកិច្ចស្រុកប្រទេសចិន ត្រូវតែមានលំនឹង បែបនេះផលប៉ះពាល់ពីខាងក្រៅ ក៏មិនអាចធ្វើឲ្យយើងបារម្ភខ្លាំងនោះដែរ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

អត្ថបទ​ពាក់ព័ន្ធ៖