ចិនគំរាមសងសឹកប្រសិនបើអាមេរិកហ៊ានអនុម័តច្បាប់ដាក់ទណ្ឌកម្មមកលើខ្លួនដោយសារមេរោគកូរ៉ូណា

ប្រទេសចិនបានគំរាមវាយបកវិញប្រសិនបើសហរដ្ឋអាមេរិកអនុម័តច្បាប់ដែលមានគោលបំណងធ្វើយ៉ាងណាឱ្យប្រទេសយក្សនៅអាស៊ីបូព៌ាមួយនេះទទួលខុសត្រូវចំពោះការផ្ទុះឡើងនៃវីរុសកូវីដ១៩។

ច្បាប់ដែលបានស្នើឡើងកាលពីសប្តាហ៍មុនអាចផ្តល់អំណាចដល់ប្រធានាធិបតី ដូណាល់ ត្រាំដើម្បីដាក់ទណ្ឌកម្មជាច្រើនលើប្រទេសចិនរួមមានទាំងការហាមឃាត់ក្រុមហ៊ុនចិនមិនឱ្យចុះបញ្ជីនៅផ្សារហ៊ុនរបស់ខ្លួន បង្កកទ្រព្យសម្បត្តិ និងដកហូតទិដ្ឋាការ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ដែលជាការចាប់ផ្តើមនៃកិច្ចប្រជុំសភាជាតិរយៈពេលមួយសប្តាហ៍របស់ប្រទេសចិន អ្នកនាំពាក្យនៃស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតរបស់ប្រទេសបាននិយាយថាទីក្រុងប៉េកាំងនឹងឃ្លាំមើលដំណើរការអនុម័តច្បាប់នោះ ហើយនឹងឆ្លើយតបដោយចាត់វិធានការយ៉ាងដាច់ខាតទៅតាមនោះ” ។

លោក Zhang Yesui នៅលើកញ្ចក់ទូរទស្សន៍របស់មជ្ឈមណ្ឌលព័ត៌មានក្នុងកំឡុងពេលសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំងថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០

លោក Zhang Yesui អ្នកនាំពាក្យសភាប្រជាជនជាតិ (NPC) ក៏បានលើកឡើងជុំវិញការសង្ស័យលើប្រភពដើមនៃវីរុសកូវីដ១៩ផងដែរ ដោយនិយាយថារឿងនេះមានតែអ្នកវិទ្យាសាស្ត្រទេដែលជាអ្នកកំណត់បានថាតើវាមានប្រភពមកពីណា។

ស្របពេលវីរុសផ្លូវដង្ហើមមួយនេះរីករាលដាលពាសពេញពិភពលោក បណ្ដាប្រទេសផ្សេងៗមានការត្អូញត្អែរកាន់តែខ្លាំងឡើងៗ អំពាវនាវឱ្យប្រទេសចិនសងការខូចខាតដល់ប្រជាជននិងអាជីវកម្មជាច្រើនដែលរងផលប៉ះពាល់។

លោក Zhang បានធ្វើការព្រមានមួយទៀតសម្រាប់សហរដ្ឋអាមេរិកដែលជាអ្នកបង្កើនកំហឹងមកលើប្រទេសចិននៅក្នុងប៉ុន្មានខែថ្មីៗនេះ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរធ្លាក់ចុះដល់កម្រិតទាបថ្មី។

លោកនិយាយថា “ប្រសិនបើសហរដ្ឋអាមេរិកអាចគោរពប្រព័ន្ធសង្គម និងមាគ៌ាអភិវឌ្ឍន៍របស់ចិន ហើយមើលឃើញទស្សនវិស័យនៃការអភិវឌ្ឍ និងចេតនាយុទ្ធសាស្ត្ររបស់ចិន និងប្តេជ្ញាធ្វើអន្តរកម្មជាមួយប្រទេសចិនក្នុងន័យស្ថាបនា នោះវានឹងជួយឱ្យប្រទេសទាំងពីរធ្វើការជាមួយគ្នាប្រកបដោយផលប្រយោជន៍ទៅវិញទៅមកទាំងបញ្ហាទ្វេភាគី រួមទាំងលើបញ្ហាក្នុងតំបន់និងពិភពលោក” ។

“ទោះយ៉ាងណាប្រសិនបើសហរដ្ឋអាមេរិកស្ថិតក្នុងសតិអារម្មណ៍ចង់បង្កសង្រ្គាមត្រជាក់ ហើយបន្តនូវយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសចិន និងធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍ និងតម្លៃស្នូលរបស់ចិន នោះអាមេរិកនឹងធ្វើឱ្យអន្តរាយដល់អ្នកដទៃទៀត រួមទាំងខ្លួនឯងនៅទីបំផុត។ ប្រទេសចិននឹងមិនដែលចាប់ផ្តើមមានបញ្ហាទេ ប៉ុន្តែនឹងមិនដែលស្លន់ស្លោឡើយនៅពេលមានបញ្ហាកើតឡើង”។

“ពួកយើងនឹងការពារអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍរបស់យើងយ៉ាងម៉ឺងម៉ាត់” លោក Zhang និយាយ ៕

ចុចអាន៖ ចិន​ព្រមាន​ប្រើ​កម្លាំង​យោធាបើ​ចាំ​បាច់​ ក្រោយ​លោក Pompeo ផ្ញើសារអបអរ​ប្រធានាធិបតីកោះតៃវ៉ាន់

ចុចអាន៖ អូស្រ្តាលី ដឹកនាំ​ប្រទេស​ជាង ១០០ អំពាវនាវបើកស៊ើបអង្កេតប្រភពដើមវីរុសកូវីដនៅអ៊ូហាន

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖straitstimes