ចិនអំពាវនាវឲ្យពលរដ្ឋ​សំពះសែន​​ផ្នូរ​ដូនតា​ពីចម្ងាយក្នុងពិធី​បុណ្យឆេងម៉េង​ឆ្នាំនេះ ដើម្បី​ចៀស​វាង​ឆ្លង​កូវីដ១៩

ជារៀងរាល់ឆ្នាំនៅអំឡុងខែមេសាប្រជាជនចិនរាប់លាននាក់បានធ្វើដំណើរទៅផ្នូរដូនតាដើម្បីថ្វាយសំណែន ដុតក្រដាសនិងគោរពដល់ព្រលឹងបុព្វបុរស​របស់​ខ្លួន។ ពិធីនោះគេហៅថា សែនផ្នូរឬសែនឆេងម៉េង (Qingming )។

នៅឆ្នាំនេះដោយសារវីរុស Covid-19 បានបង្កវិបត្តិនៅជុំវិញពិភពលោក រដ្ឋាភិបាលចិនបានស្នើសុំឱ្យក្រុមគ្រួសារប្រជាជនចិនទាំងអស់គោរពបូជាដូនតាពីចម្ងាយវិញ។

ពិធីសែនឆេងម៉េងឆ្នាំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៤ ខែមេសា ដោយមានក្រុមគ្រួសារទៅផ្នូររបស់មនុស្សជាទីស្រឡាញ់ដែលបានចែកឋានដើម្បីសម្អាតផ្នូរ។ បន្ទាប់ពីនោះមកពួកគេក៏ដុតសំណែនក្រដាសជារូបលុយ អាហារ និងរបស់របរផ្សេងៗទៀតដែលពួកគេជឿថាអាចនឹងជួយឲ្យព្រលឹងអ្នកស្លាប់សប្បាយរីករាយ។

ប៉ុន្តែវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្សជាង ១១ ម៉ឺននាក់នៅទូទាំងពិភពលោកបានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសាធារណៈទូទៅដូចជាការប្រគំតន្ត្រីត្រូវបានលុបចោល ព្រះវិហារបានមិនអាចបន្តសកម្មភាពថ្វាយបង្គំ ហើយភោជនីយដ្ឋាននានាក៏ត្រូវបានបង្ខំឱ្យបិទដែរ។

ដោយឡែកនៅប្រទេសចិនការគោរពព្រលឹងដូនតាគឺរឿងសំខាន់ខ្លាំងណាស់។ ប៉ុន្តែដោយការព្រួយបារម្ភដល់ក្រុមគ្រួសារដែលធ្វើដំណើរទៅទីបញ្ចុះសពពេលសែនឆេងម៉េងរដ្ឋាភិបាលក្នុងប្រទេសចិនកំពុងលើកទឹកចិត្តប្រជាជនឱ្យទាញយកអត្ថប្រយោជន៍ពីសេវាកម្មតាមអ៊ិនធរណែតដែលផ្តល់ជូនដោយការគោរពបូជាបែបនិម្មិតវិញ។​ ទោះបីមានការអំពាវនាវពីរដ្ឋាភិបាលក្ដី ក៏ប្រជាជនប្រពៃណីនិយមមួយចំនួនបានរិះគន់ថាការធ្វើបែបនេះជាការមិនគោរពដល់ព្រលឹងដូនតា។ យ៉ាងណាក៏ដោយរដ្ឋាភិបាលនៅតែបន្តផ្សព្វផ្សាយយ៉ាងសកម្មឲ្យពលរដ្ឋជៀសវាងការជួបជុំក្នុងពេលផ្ទុះឡើងនៃវីរុសកូវីដ១៩ ដើម្បីការពារសុវត្ថិភាពគ្រប់គ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ goldthread2