BREAKING NEWS
Search

ចិន​បាត់បង់​ការងារ​យ៉ាង​ធំ​សម្បើម​ ខណៈ​វីរុស Covid-19 កំពុង​វាយប្រហារ​សេដ្ឋកិច្ច

ខណៈ​មនុស្ស​កាន់តែ​ច្រើន​ បាន​វិល​ត្រឡប់​មក​ធ្វើការ​វិញ​នៅ​ទូទាំង​ប្រទេស​ចិន​ បន្ទាប់​ពីថ្ងៃ​ឈប់សម្រាក​អូសបន្លាយ​ពេល​ឬ​ធ្វើការ​ពី​ផ្ទះ​ជាមួយ​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នោះ, ឥឡូវ​អ្នកខ្លះ​មានការ​ព្រួយបារម្ភ​ថា ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នឹង​បណ្តាល​ឲ្យ​បាត់បង់​ការងារ​ធ្វើ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ scmp ​កាលពី​យប់​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ​នេះ។

វីរុស​កូ​រ៉ូ​ណា​ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ជា​ផ្លូវការ​ថា Covid-19 បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ១,៣០០​នាក់​ស្លាប់​នៅក្នុង​ប្រទេស​ចិន ​ហើយ​ឆ្លង​ដល់​មនុស្ស​ប្រហែល​៦០,០០០​នាក់​។ វា​បាន​បំផ្លាញ​សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស​ ខណៈ​ក្រុមហ៊ុន​នានា​ត្រូវ​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​ដ៏​ពិបាក​ថា​តើ​ត្រូវ​កាត់បន្ថយ​បុគ្គលិក​ឬ​ប្រាក់ខែ​របស់​ពួកគេ​ដែរ​ឬ​អត់​ដើម្បី​រស់​បន្ត​ទៅមុខទៀត​បាន។

កាលពី​ថ្ងៃ​ចន្ទ​នៅ​ពេល​ក្រុមហ៊ុន​ជាច្រើន ​បាន​បើក​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​ការ​ឈប់​សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​យូរ​ជាង​ធម្មតា, LvYue Group ដែល​ជា​ក្រុមហ៊ុន​ទេសចរណ៍​និង​រមណីយដ្ឋាន​បានប្រកាសថា ខ្លួន​កំពុង​កាត់បន្ថយ​ម៉ោង​ធ្វើការ​និង​ប្រាក់ខែ​របស់​បុគ្គលិក​ពី​ថ្នាក់​ប្រតិបត្តិ​និង​លើសពីនេះ​ចំនួន​៣០​ភាគរយ។ ក្រុមហ៊ុន​ ដែល​មាន​បុគ្គលិក​រាប់ពាន់​នាក់​មួយ​នេះ​ បានធ្វើការ​សម្រេចចិត្ត​ បែបនេះ​ដោយសារតែ​បញ្ហា​ប្រាក់ចំណូល។

ចំណែក​ក្រុមហ៊ុន Xinchao Media ដែលជា​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ បាន​បញ្ឈប់​បុគ្គលិក​ចំនួន​៥០០​នាក់​នៅ​ទូទាំង​៨០​ទីក្រុង​កាលពី​ថ្ងៃ​ចន្ទ​ ពោលគឺ​ស្មើនឹង​ប្រហែល​១០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​របស់ខ្លួន​។ នាយក​ប្រតិបត្តិ​លោក Zhang Jixue បាន​និយាយថា អាជីវកម្ម​បាន​ធ្លាក់ចុះ​៧០​ភាគរយ​នៅក្នុង​ខែកុម្ភៈ​ ខណៈ​ផលប៉ះពាល់​ដោយសារ​វីរុស​អាច​បន្ត​ដល់​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០២០។

កាលពី​សប្តាហ៍​មុន​ ក្រុមហ៊ុន​អប់រំ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ដែលមាន​ជំនាញ​ខាង​សរសេរ​កូដ​ក៏បាន​បណ្តេញ​បុគ្គលិក​ទាំងអស់​ចេញ​ផងដែរ​ ខណៈដែល​ក្រុមហ៊ុន​ខារ៉ាអូខេ​មួយ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ចិន​មួយ​នេះ​បាន​បញ្ចេញ​នូវ​ផែនការ​បញ្ឈប់​បុគ្គលិក​ជាង​២០០​នាក់៕

ប្រែសម្រួលដោយ ៖ វណ្ណវណ្ណ

ប្រភព​ ៖ scmp 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114