កូវីដនៅ​ចិន៖ ករណីឆ្លង​ពីក្រៅប្រទេស​បន្ត​កើន​ឡើង ខណៈជនបរទេសត្រូវហាមឃាត់ហើយជើងហោះហើរត្រូវកាត់បន្ថយ

នៅថ្ងៃសុក្រនេះ ប្រទេសចិនបានរាយការណ៍អំពីករណីវីរុសកូរ៉ូណាលើ​អ្នក​ដំណើរ​ចូលពីក្រៅប្រទេសជាង៥០ករណី រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីបានប្រកាសបម្រាមលើជនបរទេសដែលចូលក្នុងប្រទេសនេះ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិនបានថយចុះយ៉ាងខ្លាំង។ ប៉ុន្តែខណៈពេលដែលខ្លួនឈានដល់ការគ្រប់គ្រងជំងឺនេះបាន ប្រទេសជាច្រើននៅជុំវិញពិភពលោកបាននិងកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងចំនួននៃការឆ្លងដែលកំពុងកើនឡើងយ៉ាងខ្លាំងនៅតាមចំណុចក្តៅថ្មីៗ។

គណៈកម្មការសុខាភិបាលជាតិបាននិយាយថា មានការឆ្លងថ្មីចំនួន៥៥ករណីផ្សេងទៀតនៅក្នុងប្រទេសចិននៅថ្ងៃសុក្រដោយក្នុងនោះគឺជាការឆ្លងក្នុងតំបន់មួយករណីនិងការឆ្លងនាំមកពីក្រៅប្រទេសចំនួន៥៤ករណី។

ទីក្រុងប៉េកាំងកំពុងព្យាយាមដើម្បីគ្រប់គ្រងចំនួននៃការឆ្លងដែលត្រូវបាននាំចូលក្នុងប្រទេសដោយភាគច្រើនគឺជាជនជាតិចិនដែលវិលត្រឡប់មកពីបរទេសវិញរួមទាំងនិស្សិតមួយចំនួនធំនៅឯបរទេសផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប៉េកាំងបានប្រកាសពីវិធានការគួរឲ្យកត់សម្គាល់ដើម្បីទប់ស្កាត់ការចូលប្រទេសនេះដោយរួមមានការកាត់បន្ថយចំនួនជើងហោះហើរអន្តរជាតិ ដាក់កម្រិតសមត្ថភាពនៅលើយន្តហោះដល់៧៥ភាគរយនិងដាក់បំរាមលើជនបរទេសដែលចូលប្រទេសចិន។

ក្រសួងការបរទេសចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកមិនមែនជាសញ្ជាតិចិនដែលកំពុងរស់នៅក្នុងប្រទេសចិនជាមួយទិដ្ឋាការត្រឹមត្រូវនិងលិខិតអនុញ្ញាតឲ្យស្នាក់នៅនឹងត្រូវរារាំងពីការវិលត្រឡប់ទៅប្រទេសវិញបន្ទាប់ពីពេលពាក់កណ្តាលអធ្រាត្រយប់ថ្ងៃសុក្រទៅ។

ក្រសួងបាននិយាយថា វាជាវិធានការបណ្តោះអាសន្នមួយដែលប្រទេសចិនត្រូវបង្ខំចិត្តធ្វើស្របពេលមានស្ថានភាពនៃការផ្ទុះឡើង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតនិងបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍និងនាវាអន្តរជាតិនឹងនៅតែត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសនេះ។

ជើងហោះហើរចេញនិងចូលប្រទេសចិនក៏នឹងត្រូវកាត់បន្ថយរួមទាំងចំពោះបណ្តាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផងដែរ៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ