អាជ្ញាធរ​កម្ពុជារក​ឃើញ​អ្នក​ដំណើរ​ជនជាតិ​ចិន ១៧៥ នាក់​ដាក់នៅ​ដាច់ដោយឡែក ដើម្បីបង្ការឆ្លង Covid-19

អាជ្ញាធរកម្ពុជា​​​បានរកឃើញ​ និង​​​ដាក់អ្នក​ដំណើរជនជាតិ​ចិន​ ១៧៥ នាក់​ ឱ្យ​នៅដាច់ដោយឡែក ដើម្បីបង្ការការឆ្លង​រីករាលដាលនៃ​ Covid-19  បន្ទាប់​ពីមនុស្ស​​បីនាក់​ក្នុងចំណោមនោះមាន​អាការក្តៅខ្លួន​ ។ នេះបើតាមទំព័រហ្វេសបុក ស្ថានទូត​ចិនប្រចាំ​កម្ពុជាបាន​ចេញផ្សាយ​នៅ​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ​២០២០​នេះ។

ដោយដកស្រង់ការសាកសួរពីអ្នកសារព័ត៌មាន គឺនាថ្ងៃទី២៤ ខែមីនា ជនជាតិចិនចំនួន១៧៤រូប ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីន មកកាន់រាជធានីភ្នំពេញ និងបានបន្តដំណើរតាមរថយន្តក្រុងទៅកាន់ក្រុងបាវិត​ នៃខេត្តស្វាយរៀង ក្នុងនោះមានអ្នកដំណើរចំនួន៣រូប ដែលមានអាការក្តៅខ្លួន មន្រ្តីប៉ូលីសភាគីកម្ពុជាបានធ្វើការខណ្ឌឲ្យរស់នៅដាច់ដោយឡែក ក៏មានមិត្តបណ្តាញសង្គមលើកឡើងថា ពួកគេជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត តើលោកមានមតិយ៉ាងដូចម្តេចដែរចំពោះបញ្ហានេះ?

ស្ថាន​ទូតចិន​​ប្រចាំកម្ពុជា​បាន​ឆ្លើយ​ថា ស្ថានទូតចិនបាន​យកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។ បច្ចុប្បន្ននេះ ស្ថានភាពទប់ស្កាត់នឹងជម្ងឺវីរុសCOVID-19ក្នុងប្រទេសកម្ពុជាមានការរឹតបន្តឹង យើងខ្ញុំ(ស្ថានទូតចិន​) គាំទ្រចំពោះវិធានការរបស់ភាគីកម្ពុជា​ ដែល​ខណ្ឌឲ្យអ្នកដំណើរ១៧៤រូបរស់នៅដាច់ដោយឡែកពីគ្នា។

ចំពោះការសង្ស័យជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកាន់ប្រទេសកម្ពុជា ស្ថានទូតចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាកំពុងតែមានការយកចិត្តទុកដាក់ខ្ពស់ យើងកំពុងតែស្រាវជ្រាវអំពីប្រវត្តិពង្សាវតារពួកគេដែលត្រូវជាប់សង្ស័យថាជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត ក្រោយពីពិនិត្យរួច នឹងចុះបង្រ្កាបយ៉ាងមុះមុតតាមនីតិវិធីច្បាប់នៃប្រទេសទាំងពីរ។

ប្រភពដដែល​បាន​ឱ្យ​ដឹង​ថា​ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់សកម្មភាពល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតមក ព័ត៌មានទាក់ទងនឹងការចុះបង្ក្រាបកន្លែងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត របស់ស្ថាប័នអនុវត្តច្បាប់រវាងចិន និងកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ បានបង្រ្កាបភាពក្រអឺតក្រទមរបស់អ្នកលេងល្បែងភ្នាល់គ្នា ហើយកិច្ចបន្ទាប់ភាគីទាំងពីរនឹងចុះបង្រ្កាបដោយសង្កត់ធ្ងន់លើអ្នកនៅពីក្រោយខ្នងនៃសកម្មភាពល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត។ ស្ថានទូតចិនជឿជាក់ថា ស្ថិតក្រោមកិច្ចសហប្រតិបត្តិការបង្រ្កាបរួមគ្នានៃនគរបាលទាំងទ្វេភាគី សង្ឃឹមថា“ក្តីសុបិនល្បែងស៊ីសង”របស់អ្នកលែងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត ក្នុងប្រទេសកម្ពុជានឹងត្រូវបានកម្ចាត់យ៉ាងជោគជ័យ ហើយពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាមិនខាន៕

អត្ថបទ៖ សុខលីម​