ទំនៀមទម្លាប់ ១០យ៉ាង​ដែល​គេ​ជឿថា​នាំ​សំណាង​នៅ​​ចូលឆ្នាំ​ចិន

ទំនៀមទម្លាប់​នៃ​វប្បធម៌​ជនជាតិ​ចិន​ពោរពេញ​ទៅ​ដោយ​ថ្ងៃ​ឈប់​សម្រាក ​និង​ការ​អបអរសាទរ​ ហើយ​ក្នុង​ចំណោម​នោះ ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​គឺ​ធំ​បំផុត។

ចូលរួម ស្វែងយល់ទាំងអស់គ្នា!

១.រីករាយឆ្នាំថ្មី

នៅ​ក្នុង​ប្រទេស​ចិន​និង​តៃវ៉ាន់​ក្រុមហ៊ុន​និង​សាលារៀន​បាន​បិទទ្វារ​រយៈ​ពេល​១សប្ដាហ៍ ​ហើយ​ប្រជាជន​ជាង ៣៥០០ លាន​នាក់​ដែល​ជា​ប្រជាជន​ចំណាកស្រុក​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ​ត្រូវ​តែ​ធ្វើដំណើរ​ត្រលប់​មក​អបអរ​ពិធី​បុណ្យ​ជាតិ​របស់​ពួកគេ។ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ជនជាតិ​ចិន ​នឹង​ជួបជុំ​សាច់ញាតិ​ដើម្បី​ទទួល​ទាន​អាហារ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ។ ហើយ​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា​ឆ្នាំ ២០២០ខាងមុខនេះ គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ជូតដើម្បីប្រារព្វពិធីបុណ្យប្រពៃណីចិន ។

២.ដាក់ពេលវេលាផ្ទុះផាវ

ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន ​ផាវ​ត្រូវ​បាន​កំណត់​អោយ​ផ្ទុះ​នៅ​ម៉ោង១២ព្រឹក​ ដើម្បី​បណ្ដេញ​អំពើ​អាក្រក់​និង​អបអរ​ការ​ចូល​ឆ្នាំ​ថ្មី។ គេ​និយាយ​ថា​អ្នកណា​ដែល​ធ្វើ​អោយ​ផាវ​ផ្ទុះ​ដំបូង​នឹង​មាន​សំណាង​ល្អ។

៣.ផ្សារដែលមានលក់គ្រឿងតុបតែង

នៅ​ប្រទេស​ចិន​ទីផ្សារ​លក់​គ្រឿង​តុបតែង​ពណ៌​ក្រហម​ជា​កញ្ចប់​និង​គ្រឿងអលង្ការ​រួម​ទាំង​អាហារ​នឹង​កាំជ្រួច​ត្រូវ​បាន​បើកចំហ​ដើម្បី​លក់​អបអរ​មុន​ចូល​ឆ្នាំ​ថ្មី។ ពិសេស​ផ្កាអ័រគីដេ​និង​ផ្លែ​អូលីវ​ដោយ​ផ្កា​ទាំងនោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រឿង​លំអ​ដ៏​ពិសេស។

៤.ទិវាសម្អាត

សំអាត​គ្រប់​កន្លុកកន្លៀត​នៃ​ផ្ទះ​របស់​អ្នក​ ដោយ​កម្ចាត់​ភាព​កខ្វក់​ឬ​អំពើ​អាក្រក់​កាល​ពី​ឆ្នាំមុន​ចោល​អោយ​អស់ ​ដើម្បី​នាំ​សំណាង​នៃ​និទាឃៈរដូវ​ដំបូង។ ត្រូវ​តែ​បញ្ចប់​ការងារ​របស់​អ្នក​អោយ​បាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី ប្រសិនបើ​អ្នក​សំអាត​ផ្ទះ​នៅ​២ឬ៣ថ្ងៃដំបូងនៃឆ្នាំថ្មី​តាម​ទំនៀមទម្លាប់​ជនជាតិ​ចិន​គឺ​ស្រូប​យក​លាភ​សំណាង​របស់​អ្នក​មិន​ខាន​ទេ។

៥.សងបំណុលអោយជ្រះស្រលះ

ប្រសិន​បើ​អ្នក​បាន​ខ្ចី​ប្រាក់​ពី​គ្រួសារ​ឬ​មិត្តភ័ក្ដិ​កាល​ពី​ឆ្នាំ​មុន​ សូម​សង​បំណុល​ឱ្យ​ពួកគេ​មុន​ពេល​ចាប់ផ្ដើម​នៃ​ឆ្នាំ​ថ្មី។ ប្រាក់​កម្ចី​ដែល​អ្នក​មិន​ទាន់​សង​បុគ្គល​ណា​ម្នាក់​នឹង​អាច​នាំ​សំណាង​អាក្រក់​ដល់​អ្នក​មិនខាន​ទេ។

៦.ការកាត់សក់និងតុបតែងខ្លួន

សំលៀកបំពាក់​ថ្មី​ជា​ពិសេស​ពណ៌​ក្រហម​គឺ​ជា​ពណ៌​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ ត្រូវ​នៅ​ឆ្ងាយ​ពី​ពណ៌ខ្មៅ​និង​ស​ដែល​នាំ​អោយ​សំណាង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​អ្នក​ក្នុង​ឆ្នាំ​ថ្មី។ ដូចគ្នា​នឹង​ការ​កាត់សក់ ​ជនជាតិ​ចិន​មាន​តំណម​គឺ​ហាម​កាត់សក់​ថ្ងៃ​ចូលឆ្នាំ​ដំបូង។

៧.តុបតែងផ្ទះ

តុបតែង​ផ្ទះ​របស់​អ្នក​ជាមួយ​នឹង​ចានដែលមានផ្លែ​ក្រូច​ឬ​ផ្លែ​ប៉ោម​ឬ​ជាមួយ​រុក្ខជាតិ​ផ្ទាល់ (ជៀសវាង​ផ្កា​ពណ៌ស​ព្រោះ​ត្រូវ​ពណ៌​អស់​នេះ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ពិធី​បុណ្យ​សព) ។ វា​ក៏​ជា​ទម្លាប់​ក្នុង​ការ​ព្យួរ​សញ្ញា​ដោយ​ប្រើ​ពាក្យ​ចិន​និង​តួ​អក្សរ​ដែល​មាន​ន័យ​ថា​សំណាង​ល្អ។

៨.ជួបជុំជាមួយគ្រួសារ

រាត្រី​សំខាន់​បំផុត​សម្រាប់​ការ​ជួបជុំគ្នា​គឺ​ថ្ងៃ​ចូលឆ្នាំ នោះ​គឺ​ជា​ពេល​ដែល​អ្នក​ជួបជុំ​ជាមួយ​មនុស្ស​ក្នុង​គ្រួសារ​ដើម្បី​ទទួលទាន​អាហារ​ពេលល្ងាច។ ចំណែក​ក្នុង​អាហារ​វិញ​គឺ​តែង​ដាក់​ពេញៗ​ចាន​ជាពិសេស​គឺ​នំប៉ាវ (ពី​ព្រោះ​វា​មាន​រាង​ដូច​មាស​ឬ​ប្រាក់) និង​នំ​អង្ករ​ស្អិត​ជាដើម។

៩.អោយអាំងប៉ាវ

ទំនៀមទម្លាប់​ជនជាតិ​ចិន​គឺ​តែងតែ​អោយ​អាំងប៉ាវ​ ឬ​ស្រោម​សំបុត្រ​ក្រហម​ដែល​មាន​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​ទៅ​កាន់​​​ក្មេងៗឬ​មនុស្ស​ពេញវ័យ​ដែល​មិន​ទាន់​រៀបការ​និង​មនុស្សចាស់​នៅ​ថ្ងៃ​ចូលឆ្នាំ។

១០.អំណោយទៅគ្នាទៅវិញទៅមក

ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ​ជនជាតិ​ចិន​តែងតែ​នាំ​យក​អំណោយ ដែល​មាន​ដូចជា​ផ្លែឈើ ​នំ​ឬ​ស្ករគ្រាប់ ៕

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ