ថ្ងៃ​សែន​ចិន​ បុរស​ជនជាតិ​វៀតណាម​ស្រវឹង ​បើក​រថយន្ត​បុក​ចូល​ផ្ទះ​​ស័ង្កសី​ ខូចខាត​អស់​២​ល្វែង

កំពង់ឆ្នាំង​ ៖ ​ផ្ទះ​ស័ង្កសី​២​ល្វែង ​បាន​រង​ការខូចខាត ​ដោយ​សារ​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ​ស្រវឹង​ជោកជាំ ក្នុង​ពេល​សែន​ចូល​ឆ្នាំ ​បាន​យក​រថយន្ត​គេ​ បើក​បុក​ចូល​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ខាង​លើ ប៉ុន្តែ​សំណាងល្អ​ ដែល​ម្ចាស់ផ្ទះ​មិន​នៅ។

ហេតុការណ៍​ខាង​លើ​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២០ ​នៅ​ចំណុច​ដី​ថ្មី​ចុង​កោះ​ស្ថិត​ក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សាម​ ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​មូលដ្ឋាន​​​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​៖​ រថយន្ត​បង្ក​ម៉ាក​កូរ៉េ ពណ៌​ស ពាក់​ស្លាកលេខ​ភ្នំពេញ​ 3D8527 ជា​រថយន្ត​របស់​ឈ្មោះ ប៊ុង ជនជាតិ​វៀតណាម។ នៅ​ថ្ងៃ​កើតហេតុ​ជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន វៀតណាម អ្នកបើកបរ​រថយន្ត​បង្ក​ បាន​មក​ផឹកស៊ី​នៅផ្ទះ​របស់​ឈ្មោះ ប៊ុង ដែល​ជា​ម្ចាស់​រថយន្ត​បង្កហេតុ​ខាងលើ ​ដល់ពេល​ផឹកស៊ី​ស្រវឹង​ ក៏បាន​យក​រថយន្ត​របស់​ម្ចាស់ផ្ទះ​ បើក​សាកមើល ក្នុង​ល្បឿន​លឿន ដោយ​សភាព​ស្រវឹង​ជោកជាំ ​ក៏បាន​បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រង​ការខូចខាត​អស់​ផ្ទះ​ស័ង្កសី​២​ល្វែង​ជាប់​គ្នា​ តែ​សំណាងល្អ​ណាស់​ ដោយ​នៅ​ថ្ងៃ​កើតហេតុ​ ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ ហើយ​បាន​បិទទ្វារ​ចាក់សោ​កុំ​អី​មិន​ដឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ ដែល​រងគ្រោះ។

ដោយឡែក ​ជន​បង្ក​មិន​ត្រូវ​បាន​គេ​ឲ្យ​ស្គាល់​ឈ្មោះ​នោះ​ទេ បន្ទាប់ពី​កើតហេតុ​ ជនបង្ក​ត្រូវ​បាន​បក្ខពួក​គេ​មក​រំដោះ​យក​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់។ ចំណែក​ម្ចាស់ផ្ទះ ដែល​ត្រូវ​រថយន្ត​បើក​បុក​ចូល​នោះ ​មាន​១​ឈ្មោះ កែវ សុ​វណ្ណា​រី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ សង្កាត់ ខាងលើ និង​២ ឈ្មោះ ញឹក គឹម​ហៀ​ង ភេទ​ស្រី​រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា។

ក្រោយ​ពេល​កើតហេតុ ​ភាគី​ម្ចាស់​រថយន្ត​ និង​ម្ចាស់ផ្ទះ​ បាន​ធ្វើ​ការ​សម្រួល​ សង​ប្រាក់​ជួសជុល​ការ​ខូចខាត ដើម្បី​បញ្ចប់​រឿង៕
​ឈៀង ថា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114