តារា Youtube ចិន Li Ziqi ច្រានចោលការអះអាងថា នាងរកលុយបាន ២៤ លានដុល្លារក្នុងមួយឆ្នាំ

តារា Youtube ដ៏មានប្រជាប្រិយបំផុតម្នាក់របស់ប្រទេសចិនដែលទទួលបានការគាំទ្រជាអន្តរជាតិ បានបដិសេធការអះអាងថា នាងរកប្រាក់ចំណូលបាន ១៦៨ លានយ័ន ឬ ២៤.៤២៧.៨៨៨ លានដុល្លារ ក្នុងមួយឆ្នាំ។

នាង Li Ziqi អាយុ ២៩ ឆ្នាំបានក្លាយជាអ្នកល្បីល្បាញបំផុតម្នាក់របស់ប្រទេសចិន កាលពីឆ្នាំមុន ជាមួយនឹងវីដេអូរបស់នាងដែលបង្ហាញពីជីវភាពរស់នៅតាមបែបប្រពៃណីចិននៅក្នុងខេត្តស៊ីឈួន។ តាមរយៈវីដេអូនោះ តារា Youtube រូបនេះអាចទាក់ទាញចំនួនអ្នកតាមដាន ៩ លាននាក់នៅលើ Youtube និងអ្នកទស្សនារាប់លាននាក់ទៀត។ Li Ziqi ក៏មានអ្នក Subscribe ៣៤ លាននាក់នៅលើកម្មវិធីវីដេអូខ្លីរបស់ចិនឈ្មោះ Douyin ផងដែរ និងមានអ្នកតាមដាន ២២ លាននាក់នៅលើវេបសាយ Weibo ។ កាលពីខែមុននេះ នាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋសរសើរថា បានជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិនដល់ទស្សនិកជនអន្តរជាតិ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន គេហទំព័រសារព័ត៌មាន Thepaper.cn បានរាយការណ៍ថា ក្រុមហ៊ុនរបស់ Li Ziqi ឈ្មោះ Hangzhou Weinian Technology  បានចេញសេចក្ដីថ្លែងការណ៍បដិសេធការប៉ាន់ស្មានប្រាក់ចំណូលប្រចាំឆ្នាំរបស់ Li ដែលបានចុះផ្សាយនៅលើ Weibo កាលពីខែមុនដោយអ្នកសរសេរប្លុកម្នាក់។ ក្នុងប្លុកសរសេរថា Li រកចំណូលបាន ៦,៧ លានយ័នតាមរយៈយូធ្យូប និង ៣៣៦ លានយ័ន ពីវេទិកាទិញទំនិញតាមអ៊ិនធឺរណែតឈ្មោះ Tmall ។ ដោយសារ Li មានភាគហ៊ុន ៤៩ % នៅក្នុងក្រុមហ៊ុនដូច្នេះភាគហ៊ុនសរុបរបស់នាងត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១៦៨ លានយ័នឬជាង ២៤លានដុល្លារ។

ក្រោយមកអ្នកសរសេរប្លក់ដែលមិនស្គាល់ឈ្មោះរូបនោះ បានសុំទោសនិងលុបចោលការផ្សាយនេះ និងបានសារភាពថា តួលេខរបស់គាត់មិនមានភាពច្បាស់លាស់ទេ ដោយគាត់មិនបានរាប់បញ្ចូលពន្ធនិងថ្លៃដើមផ្សេងៗឡើយ។

កាលពីខែមុន Li គឺជាប្រធានបទនៃការជជែកវែកញែកយ៉ាងខ្លាំងអំពីមុខមាត់ប្រទេសចិននិងវប្បធម៌ដែលនាងបានបង្ហាញនៅលើវីដេអូ។ អ្នករិះគន់ខ្លះបានចោទនាងថា បានបង្ហាញរូបភាពប្រទេសហួសសម័យ ប៉ុន្តែទូរទស្សន៍ CCTV និងកាសែត People’s Daily បានសរសើរនាងចំពោះការបង្ហាញជីវភាពជីវិតរស់នៅរបស់ចិនបានយ៉ាងល្អ។

កាលពី ២ សប្តាហ៍មុន Li ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីជួយយុវជននៅតាមជនបទឲ្យក្លាយជាអ្នកមាន៕

 

ចុចអាន៖  មិនមែន​ងាយៗ! នេះជាហេតុផលដែល កុំកុំ ត្រូវ​បានជ្រើសរើស​​ឲ្យ​សម្ដែង​ក្នុង​រឿង “Ip Man”

ចុចអាន៖ ស្អាត​ហើយ​ពូកែ​ទៀត! មក​ដឹង​ជីវិត​ពិត​របស់ Youtuber ចិនល្បី​ឈ្មោះ Li Ziqi

ប្រែសម្រួល៖ សន្យា