លោក ស៊ុន ចាន់ថុល៖ គម្រោង​ស្ពាន​ជ្រោយ​ចង្វារ-​ស្វាយ​ជ្រុំ ​អាច​ចំណាយ​រហូតជិត​​​១០០​លាន​ដុល្លារ​​អាមេរិក​

គម្រោង​សាង​សង់​ស្ពាន​​​តំបន់​ជ្រោយ​ចង្វារ​ភ្ជាប់​ទៅ​​តំបន់​ស្វាយ​​ជ្រុំ​ អរិយក្សត្រ​​ ​​អាច​មាន​តម្លៃ​រហូត​​ដល់​ទៅ​​​ជិត​១០០​លាន​ដុល្លារ​​សហរដ្ឋអាមេរិក​។ ​នេះ​បើ​តាម​ប្រសាសន៍​លោក ស៊ុន​ ចាន់​ថុល​​ ទេស​រដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​​បាន​ថ្លែង ​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​​ពី​ព្រឹក​​ថ្ងៃទី​២១ ខែ​កុម្ភៈ​​នៅ​​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​។​

លោក​បាន​ឱ្យ​ដឹង​​ថា រដ្ឋាភិបាល​​ និង​ភាគី​​សាធារណ​កូរ៉េ​ ​​តំណាង​ដោយ​​អង្គការ​​កយ​ការ​កំពុង​ពិភាក្សា​ ខណៈ​ភាគី​កូរ៉េ​​ មាន​បំណង​ចង់​ឱ្យ​​​គម្រោង​សាង​សង់​​ស្ពាន​ថ្មី​​នេះ​ មាន​​ភាព​រឹង​​មាំ​ និង​ស្រស់​ស្អាត​​ជាង​ស្ពាន​​ ដែល​​ផ្ដល់​ជំនួយ និង​ហិរញ្ញប្បទាន​ ដោយ​ចិន​ និង​ជប៉ុន​​។ បើ​គម្រោង​ស្ពាន​នេះ​ មាន​​តម្លៃ​រហូត​ដល់​ទៅ​១០០​លាន​ដុល្លារ​​មែន​ មាន​ន័យ​ថា ៥០ លាន​ដុល្លារ​អាច​ជាជំនួយ​ និង​៥០​លាន​ដុល្លារ ​ទៀត​​​​អាច​​ជា​ប្រាក់​កម្ចី​​ភាគី​កូរ៉េ​​។

ឥឡូវ​គាត់​កំពុង​ពិចារណា​ តើ​​អាច​ថា​ ពាក់​កណ្តាល​ជា​ជំនួយ ពាក់​កណ្តាល​ជា​ប្រាក់​កម្ចី​? យើង​កំពុង​ពិភាក្សា​ជាមួយ​គ្នា​។ប៉ុន្តែ​មិត្ត​កូរ៉េ គាត់​បាន​និយាយ​ថា​ បើ​ធ្វើ​ស្ពាន​នៅ​ភ្នំពេញ​ធ្វើ​ឱ្យ​ស្អាត​​ជាង​របស់​ជប៉ុន​ និង​ចិន​ទៀត​។​នែ៎​ ! បើ​អញ្ចឹង​ជិត​​ដល់​១០០​​លាន​ដុល្លារ​ហើយ​តាម​​យើង​​សិក្សា​​ ធ្វើ​ឱ្យ​ស្អាត​មែន​ទែន​​ ធ្វើ​របៀប​ដូច​ស្ពាន​​នៅ​អ្នក​​លឿង​អញ្ចឹង​ មាន​ខ្សែ​កាប​​។ ដូច្នេះ​យើង​កំពុង​ពិភាក្សា​គ្នា​យើង​ជម្រើស​ណា​? ប៉ុន្តែ​គាត់​(ភាគី​កូរ៉េ​)​ ​គាត់​ចង់​នៅ​​ក្នុងក្រុង​ហ្នឹង​តែ​ម្តង​ ​ឱ្យ​គេ​ឃើញ​​ ហើយ​ស្អាត​ទៀត​ យើង​កំពុង​ពិភាក្សា​គ្នា​”។

លោក​មាន​រំពឹង​ថា ទៅ​​ថ្ងៃ​អនាគត់កម្ពុជា​នឹង​មានស្ពាន​មិត្តភាពកម្ពុជា​-កូរ៉េ លេច​ចេញជារូបរាង​យ៉ាងពិតប្រាកដ​។ ​

ថ្លែង​ក្នុង​​ឱកាស​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​២ កាល​​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ ឆ្នាំ​២០២០​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​មិត្ត​កូរ៉េ ជួយ​កសាង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ពី​តំបន់​ជ្រោយ​ចង្វារ ទៅ​កាន់​ស្វាយជ្រុំ នៅ​​តំបន់​​អរិយ​ក្សត្រ​។​ ជាមួយ​គ្នា​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហើប​ឲ្យដឹងថា តាម​ការ​ប៉ាន់​ស្មាន​គម្រោង​សាងសង់​ស្ពាន​នេះ អាច​នឹង​ចំណា​យ​​ពី ៤០ ទៅ ៥០លានដុល្លារ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ សម្ដេច​ក៏​បាន​ស្នើ​សុំ​​ឱ្យ​កូរ៉េ​ជួយ​​សាង​សង់​ស្ពាន​​ត្រង់​ចំណុច​ភូមិសាស្ត្រ​ខាង​លើ​ទៅ​កាន់​លោក​​ ម៉ូន ចេអ៊ីន​ ប្រធានាធិបតី​កូរ៉េ​ផង​ដែរ ខណៈ​នៅ​កម្ពុជា​មាន​​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​ និង​ស្ពាន​​មិត្តភាព​ចិន​ នៅ​ឡើយ​តែ​ស្ពាន​​មិត្តភាព​​កម្ពុជា​​កូរ៉េ ​ប៉ុណ្ណោះ​៕