លោក​ចម ប្រសិទ្ធ​ ៖​ សភា​ជប៉ុន ​សន្យា​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ទឹក​ស្អាត​ជា​បន្តបន្ទាប់​ទៀត​

ភ្នំពេញ​ ៖ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា លោក​YAMAMOTO KOZO សមាជិកសភា​នៃ​ប្រទេស​ជប៉ុន ​សន្យា​នឹង​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ទឹកស្អាត​នេះ​ ជា​បន្តបន្ទាប់​ទៀត​ពីព្រោះ​វិស័យ​ទឹកស្អាត ជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែបនេះ ​ខណៈ​អនុញ្ញាត​ឲ្យ​លោក​YAMAMOTO KOZO សមាជិកសភា​នៃ​ប្រទេស​ជប៉ុន និង​សហការី​ជួប​សំណេះសំណាល​ និង​ពិភាក្សា​ការងារ​នៅ​ទីស្ដីការក្រសួង​នា​ពេល​ថ្មីៗ​នេះ។

ក្នុងជំនួប​នៃ​ភាគី​ទាំង​ពីរ បាន​ផ្ដោត​សំខាន់​ទៅលើ ផ្នែក​វិស័យ​ទឹកស្អាត​នៅ​ប្រទេស​កម្ពុជា​តែម្ដង​ដែល​ក្នុងនោះ​វិស័យ​ទឹកស្អាត ជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន ដែល​ប្រតិភូ​សមាជិកសភា​នៃ​ប្រទេស​ជប៉ុន​នឹង​ពាំនាំ​និង​លើក​បញ្ហា​នេះ ដល់​សភា​ជប៉ុន ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ទឹកស្អាត​នេះ​ជា​បន្តបន្ទាប់​ទៀត​។​

ដោយឡែក​លោក​YAMAMOTO KOZO សមាជិកសភា​នៃ​ប្រទេស​បាន​ថ្លែងថា លោក KUBOTA Koji នាយក​ប្រតិបត្តិ នៃ​នាយកដ្ឋាន​គម្រោង​អន្តរជាតិ ទទួលបន្ទុក​វិស័យ​ទឹកស្អាត និង​ទឹក​កខ្វក់ មកពី​ទីក្រុង Kitakyushu និង​លោក YAYAMA Masashi ជំនាញការ​មកពី​អង្គការ JICA ជប៉ុន ក៏មាន​វត្តមាន​ចូលរួម​នាឱកាស​នោះ​ផងដែរ។ ដូចនេះ​បញ្ហា​ទឹកស្អាត​ជា​កត្តា​សំខាន់​ណាស់​ដែល​ខាង​ជប៉ុន​នឹងសិក្សា​ពិនិត្យ​ដើម្បី​បន្ត​ជួយ​កម្ពុជា​បន្ថែមទៀត​។​

ទន្ទឹមនឹង​ការជួបពិភាក្សា​នោះ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការ​ស្វាគមន៍ និង​បាន​លើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​-​ជប៉ុន ក្នុង​សកម្មភាព​អភិវឌ្ឍន៍​នៅ​កម្ពុជា​និង​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ។ ក្នុងនោះ ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA និង​ជំនួយ​អភិវឌ្ឍ​​​មកពី​ទីក្រុង Kitakyushu បាន​ជួយ​ជា​សំខាន់​ទៅលើ​វិស័យ​ទឹក​ស្អាត និង​ការ​អភិវឌ្ឍ​​​ធនធាន​មនុស្ស​ដល់​មន្ត្រី។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា ​៖ ​ប្រជាជន​កម្ពុជា​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់ គឺ​មិនអាច​បំភ្លេចបាន​ពី​ការរួមចំណែក​ដ៏​សំខាន់​ពី​ភាគី​ជប៉ុន​ឡើយ។ ប៉ុន្តែ​ទោះ​បីយ៉ាងណា​កម្ពុជា​ នៅ​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​លើ​វិស័យ​ទឹកស្អាត​នេះ ​បន្តទៀត ទាំង​តំបន់​ទីក្រុង ទីប្រជុំជន និង​ជនបទ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​ឆ្នាំ​២០២៥ របស់​ក្រសួង​ផង និង​គោលនយោបាយ​របស់​សម្តេច​តេ​ជា​នាយករដ្ឋមន្ត្រី ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា ក្នុងតម្លៃ​សមរម្យ ដើម្បី​ជៀសផុត​ពី​ការឆ្លង​ជំងឺ​ផ្សេងៗ​ដោយសារ​ការប្រើប្រាស់​ទឹក​មិន​ស្អាត​ផង។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ថ្លែង​បន្ថែមថា ទីក្រុង​ភ្នំពេញ​ដែល​កំពុង​រីក​ខ្លួន​ធំ​មួយ​ជា​ពីរ​ក៏​កំពុងមាន​តម្រូវការ​កើន​ឡើងលើ​វិស័យ​ទឹកស្អាត​ជា​ចាំបាច់ ដូច​ប្រសា​ស​ន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងជំនួប​ជាមួយ​សមាជិកសភា​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ជា​សក្ខីភាព​ស្រាប់។

ជាមួយគ្នានេះ​ តាមរយៈ​លោក​YAMAMOTO KOZO សមាជិកសភា​ជប៉ុន លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ដៃគូ​ជប៉ុន ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​លើ​វិស័យ​ទឹកស្អាត ក្នុង​លក្ខណៈ​ជា​ជំនួយឥតសំណង និង​មាន​ក្រុមហ៊ុន SPC(Special Purpose Company)​មួយ​ដែលមាន​សមត្ថភាព ជួយ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​លើ​ការងារ​គ្រប់គ្រង​និង​ថែរក្សា​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ក្រោយ​ភាគី​ជប៉ុន​ផ្ទេរ​ការគ្រប់គ្រង​ដល់​ភាគី​កម្ពុជា។​

ជាទី​បញ្ចប់​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បញ្ជាក់ថា ​តាមរយៈ​ជំនួយឥតសំណង និង​ជួយ​ឲ្យ​ថ្លៃ​ទឹក​លក់​ចេញ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មានតម្លៃ​ថោក​សមរម្យ ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ។ ពីព្រោះ​ការវិនិយោគ​លើ​វិស័យ​ទឹកស្អាត ត្រូវការ​ចំណាយ​ដើមទុន​ច្រើនណាស់ ដើម្បី​ទទួលបាន​ទឹកស្អាត​ស្របតាម​ស្តង់ដារ ដែល​ភាគី​ជប៉ុន​មាន​ជំនាញ​ខ្ពស់​លើ​វិស័យនេះ។

លោក​YAMAOTO KOZO​សមាជិកសភា​ជប៉ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ឥតឈប់ឈរ​របស់​កម្ពុ​ជា។ លោក​បាន​បញ្ជាក់ថា លោក​ធ្លាប់​មក​កម្ពុជា​ចំនួន ០៤ លើក និង​ធ្លាប់​ជួប​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរដង​ទាំង​លើក​នេះ។ លោក​យល់ឃើញថា កម្ពុជា មានការ​អភិវឌ្ឍ​​​លឿន​ជា​លំដាប់ ជាពិសេស​រាជធានី​ភ្នំពេញ មាន​ទំហំ​រីក​កាន់តែ​ធំ ជាមួយនឹង​លំនៅឋាន មូលដ្ឋាន​អាជីវកម្ម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កាន់តែ​សម្បូរ​​​បែប ដែល​ពិត​ណាស់​តម្រូវការ​អភិវឌ្ឍ​​ និងត្រូវ​ការ​ជា​ចាំបាច់។ ក្នុង​នោះ​វិស័យ​ទឹកស្អាត ជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន ដែល​លោក​នឹង​ពាំនាំ​និង​លើក​បញ្ហា​នេះ ដល់​សភា​ជប៉ុន ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ទឹក​ស្អាត​នេះ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ៕
វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114