មេឃុំ សេ​ដា និង​ឃុំ​ប៉ា​តេ សម្រេច​បិទ​ភូមិ​ចំនួន​៧ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩

រតនគិរី ​៖ ​មេឃុំ​សេ​ដា និង​មេឃុំ​ប៉ា​តេ បានសម្រេច​បិទ​ភូមិ​ចំនួន​៧ ស្ថិតក្នុង ស្រុក​លំ​ផាត់ និងស្រុកអូរយ៉ាដាវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​មិន​ស្គាល់​មុខ​ចេញចូល​នោះ​ឡើយ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍​របស់​ខ្លួន។

ការសម្រេច​បិទ​ភូមិ​នេះ បើ​តាម​មេឃុំ​ខាងលើ បញ្ជាក់​ថា បាន​ធ្វើ​ឡើង​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នោះ​តែម្ដង។

លោក​អង ប៊ុន​ធៀង មេឃុំ​សេ​ដា បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ​ថា លោក បានសម្រេច​បិទ​ចំនួន​៣​ភូមិ គឺ​ភូមិ​ប៉ម ភូមិ​ថ្មី និង​ភូមិ​ឡិ​ក ស្ថិតក្នុងឃុំសេដា ស្រុក​លំ​ផាត់ ខេត្តរតនគិរី កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ហើយ​ការបិទ​នេះ កុំ​ឲ្យ​ភ្ញៀវ​ចេញចូល​ច្រើនពេក ព្រោះ​ការ​ចម្លង​ជំងឺ​យើង​មើល​មិនឃើញ​នោះទេ​។ ចំណែក​ភូមិធំៗ ដូចជា​ភូមិ​ប៉ា​ទាត់ ភូមិ​សា​មុត្រ​លើ ភូមិ​សាមុត្រក្រោម ជាប់​នៅ​ផ្លូវធំ មិនមាន​ការ​បិទ​ទេ មាន​រថយន្ត​ចរាចរ​ចេញចូល​ធម្មតា។

ចំណែក​លោក​ឆាយ ធី មេឃុំ​ប៉ា​តេ បានបញ្ជាក់ប្រាប់កម្ពុជាថ្មី​ផង​ដែរ​ថា ចំពោះ​ឃុំ​ប៉ា​តេ​របស់​លោក មាន​ការ​បិទ​ចំនួន​៤​ភូមិ គឺ​ភូមិ​គងធំ ភូមិ​គង​យុក ភូមិ​ប្លង់ និង​ភូមិ​ប្អ​រ ស្ថិតក្នុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ហើយ​ការសម្រេច​បិទ​នេះ ដើម្បី​បង្ការ​អ្នក​ចម្ងាយ ហើយ​យើង​ត្រួតពិនិត្យ​អ្នកដំណើរ ជាពិសេស​អ្នក​មកពី​ថៃ​តែម្ដង។ ការ​បិទ​នេះ ធ្វើតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​កន្លងមក​បិទ​ការ​ជួបជុំ​បែប​សាសនា​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ហើយ​ឃុំ​របស់​លោក​បាន​អនុវត្ត​រួចហើយ ចំណែក​ពិធី​មង្គលការ​ ក៏បាន​ឯកភាព​គ្នា​រួចហើយ ​ក្នុង​ការ​លើក​ពេល។

លោក​ បាន​បន្តទៀតថា ការបិទ​នេះ មិនមែន​បិទ​ចរាចរ​ទាំងស្រុង​នោះទេ នៅតែ​ចេញចូល​បាន គ្រាន់តែ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យមើល​អ្នក​ដំណើរ​ថា​តើ​គាត់​មក​ពីណា ពី​ចម្ងាយ ឬ​មុខ​ប្លែក​អី​ជាដើម យើង​សួរនាំ​គាត់ មិន​ឲ្យ​គាត់​ចូល​ឃុំ ដោយសារ​យើង​បង្ការ ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពិសេស​ជាងនេះទៅទៀត អ្នក​មកពី​ថៃ​​ ដោយសារ​ឃុំ​នេះ មាន​អ្នក​មកពី​ថៃ​ផង​ដែរ ហើយ​ការបិទ​នេះ​យើង​នឹង​អាច​ដឹង​ថា​គាត់​មក​ពេលណា នេះ​ជា​ការ​គ្រប់គ្រង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ។

ឆ្លើយ​នឹង​សំណួរ​ថាតើ ​នៅ​ឃុំ​ប៉ា​តេ មាន​អ្នក​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ដែរ ឬ​យ៉ាងណា​នោះ លោក​មេឃុំ បាន​បញ្ជាក់​ថា នៅ​ឃុំ​របស់​លោក​ មិនមែន​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះទេ ប៉ុន្តែ​យើង​ធ្វើ​នេះ​ដើម្បី​បង្ការ​អ្នក​មកពី​ខាងក្រៅ​ចេញចូល ខ្លាច​មាន​សមាសភាព​មក​ពី​បរទេស​អី​ជាដើម​។ ចំពោះ​ការបិទ​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​តាំងពី​ថ្ងៃទី​២១ ខែ​មីនា រហូត​ម​ដល់​ពេល​នេះ តាម​ការ​ស្នើសុំ​របស់​សហគមន៍ ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​ជា​ជនជាតិ​ដើម​ភាគតិច មាន​ចាស់ទុំ មាន​មេ​កន្ទ្រាញ​អី​ជាដើម ដោយ​កន្លងមក​ខាង​ឃុំ​គ្រាន់តែ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​ពិភាក្សា​គ្នា​ដើម្បី​សុវត្ថិភាព ក៏​ស្នើ​បិទ​ភូមិ​នេះ​តែម្ដង៕
​វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114