SR Super Asia Cup៖ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ទទួលរង​បរាជ័យ ០-១ ទល់នឹង​ក្លិប​លី​គ​កំពូល​ម៉ាឡេស៊ី​

ក្នុងការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​មុន​បើក​រដូវ​កាល​ថ្មី Siem Reap Super Asia Cup 2020​ដែល​រៀបចំ​ធ្វើ​នៅលើ​ទឹកដី​ខេត្ត​សៀមរាប បានបញ្ចប់​គូ​ទីមួយ នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០​នេះ ដោយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ រង​បរាជ័យ ០-១ ទល់នឹង​ក្លិប PJ City FC មកពី​លី​គ​កំពូល​ម៉ាឡេស៊ី ដែល​ការប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​របស់​ក្លិប សៀមរាប​យូ​ណាយ​ធី​ត​។

អំពី​របាយការណ៍​នៃ​ការប្រកួត គឺ​ក្រុម​ទាំងពីរ​បានចាប់ផ្តើម​ដោយមាន​ស្ថិតិ​នៃ​ការគ្រប់គ្រង​បាល់​ប្រហាក់ប្រហែលគ្នា តែ​យ៉ាងណាមិញ​មិន​មាន​គ្រាប់​បាល់​កើតឡើង​ឡើយ ក្រោយ​បញ្ចប់ ៤៥​នាទី​នៃ​វគ្គ​ទីមួយ​។ លុះ​ចូលដល់​វគ្គ​ទី​២ នៅ​នាទី ៦៣ កីឡាករ Washington Brandao Dos Santos របស់​ក្លិប PJ City FC មានឱកាស​រក​គ្រាប់​បាល់​បាន ១​គ្រាប់ ដោយ​កើតចេញពី​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ ស្រប​ពេលដែល​លទ្ធផល​នេះ​បន្ត​រហូតដល់​ចប់​ការប្រកួត​។

កីឡាករ ១១​នាក់​ដំបូង​របស់​អង្គ​រថា​យ​ហ្គឺ​រ​៖ អ្នកចាំទី សំ ពៅ​, ប៊ុន​ណាត​, សារ៉ាត់​, ហ៊ួ​ង​, សីហា​, សត្យា​, ភា​រ៉ាត់​, Yudai, Joichiro, Bata និង Manoel ។

គួរ​បញ្ជាក់​ថា នៅសល់​មួយ​ប្រកួត​ទៀត​នៃ​ពានរង្វាន់ Pre-Season នេះ ដោយ វិសាខា នឹងត្រូវ​ជួប​ជាមួយ​ក្លិប​មកពី​លី​គ​កំពូល​ឥណ្ឌូនេស៊ី Bhayangkara FC នៅ​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ៤​រសៀល នៅ​កីឡដ្ឋាន​សៀមរាប​យូ​ណាយ​ធី​ត​។

ដូចនេះ​ក្រុម PJ City FC របស់​ម៉ាឡេស៊ី នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ឈ្នះ​នៃ​ការប្រកួត វិសាខា ទល់នឹង Bhayangkara FC ដើម្បី​ដណ្តើម​ពានរង្វាន់ នៅ​ថ្ងៃទី ២៦ ខែ មករា រីឯ​ក្រុម​ចាញ់​នឹងត្រូវ​ជួបគ្នា​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ នៅ​ថ្ងៃទី ២៥ ខែ មករា វេលា​ម៉ោង ៤​រសៀល នៅ​កីឡដ្ឋាន​ដដែល។

គួរ​ឲ្យ​ដឹង​ថា នេះ​គឺជា​ការប្រកួត​ពានរង្វាន់​លក្ខណៈ​អន្តរជាតិ​លើកដំបូង​នៅ​លើ​ទឹកដី​សៀមរាប​យូ​ណាយ​ធី​ត ដែល​ទើប​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​កីឡដ្ឋាន​នេះ​មាន​លក្ខណៈ​ស្តង់ដារ ដែល​អាច​ផ្ទុក​ចំនួន​អ្នកទស្សនា​បាន​រហូតដល់ ៥,០០០​នាក់៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114