ក្រុម Juventus​ទទួល​បរាជ័យ​០-១​ក្រោម​ថ្វី​ជើង​ក្រុម Lyon​នៅ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League

ក្តីសង្ឃឹម​របស់​ក្រុម Juventus​នៃ​ការ​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League​បានទទួល​ការប៉ះទង្គិច ពេលដែល​ក្រុម​ជើងឯក​បាល់ទាត់​អឺរ៉ុប​២​សម័យកាល​មួយ​នេះ បាន​បរាជ័យ​០-១​នៅ​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម Olympique Lyonnais កាលពី​ថ្ងៃ​ពុធ​។

ខ្សែបម្រើ Lucas Tousart រកបាន​១​គ្រាប់​គត់​នៅក្នុង​តង់​ទី​១ ដើម្បី​ធ្វើ​ឲ្យ​ក្រុម Lyon ដែល​ព្យាយាម​ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១០​នោះ ស័ក្តិសម​ទទួលបាន​ជ័យជំនះ​របស់​ពួកគេ​។

វា​គឺជា​ជ័យជំនះ​លើកដំបូង​គេ​ផងដែរ​របស់​ក្រុម Lyon​លើ​ក្រុម Juventus​ដែល​បានទទួល​បរាជ័យ​ជា​លើកដំបូង​របស់ខ្លួន​នៅ Champions League​ក្នុង​រដូវ​កាល​នេះ​។

​ក្រុម Juventus​ដែល​កំពុង​នាំមុខ​កំពូល​តារាង Serie A ជួប​កង្វះខាត​សមត្ថភាព​លេង ក្នុងនោះ​កីឡាករ Cristiano Ronaldo កម្រ​នឹងមាន​ឱកាស​រក​គ្រាប់​បាល់​ខ្លាំងណាស់ ហើយ​ពួកគេ​ត្រូវ​ការលេង​ល្អ​ជាង​នេះ នៅ​ការប្រកួត​ជើង​ទី​២ នា​ថ្ងៃទី​១៧ ខែ​មិនា​ខាងមុខនេះ បើសិនជា​ពួកគេ​ចង់​ឆ្លង​ផុត​។

ក្រុម​អ្នកគាំទ្រ Juventus​ប្រហែល​២.៧០០​នាក់ បានធ្វើ​ដំណើរ​មកពី​តំបន់ Piedmont​គឺជា​តំបន់​ជិតខាង​ក្បែរ​នឹង​តំបន់ Lombardy ដែល​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 ខណៈពេលដែល​ការប្រកួត​បាន​បន្ត​តាម​ផែនការ ថ្វីត្បិតតែ​មានការ​ភ័យខ្លាច​ពី​ការឆ្លង​វីរុស​ក៏ដោយ​។

នៅលើ​ទីលាន​ប្រកួត ក្រុម Lyon លេង​អស់ពី​សមត្ថភាព​របស់​ពួកគេ ដោយ​កីឡាករ Houssem Aouar និង​កីឡាករ​ជើង​ថ្មី Bruno Guimaraes សុទ្ធតែ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ទាក់ទាញ​សម្រាប់​ក្រុម​របស់​ពួកគេ​។

សូមបញ្ជាក់ថា ក្រុម Juventus​បានឈ្នះ​តែ​៤​ប្រកួត​ប៉ុណ្ណោះ ពី​៨​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ហើយ​ប្រធាន​ក្រុម Leonardo Bonucci បាន​ព្រលយ​ពាក្យ​ឲ្យ​ដឹងថា ក្រុម​របស់លោក​ត្រូវតែ​លេង​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114