គ្រូ​ភ្នំពេញ​ក្រោ​ន ថា​មិន​ចង់បាន​អ្វី​ក្រៅពី ៣​ពិន្ទុ ពី​អគ្គិសនី​កម្ពុជា ក្នុងជំនួប​បើកឆាក​នៃ​លី​គ​កំពូល​កម្ពុជា

គ្រូ​បង្វឹក​នៃ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន លោក ស៊ុំ វណ្ណា បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន មុន​ជួប​ប្រកួត​ជាមួយ ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា សម្រាប់​សប្តាហ៍​ដំបូង ថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៃ​លី​គ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន ដោយ​លោក​បាន​ចាត់ទុកថា​មិន​ចង់បាន​អ្វី​ក្រៅពី ៣​ពិន្ទុ​ឡើយ​។

ថ្លែង​នៅ​លើ​គេហទំព័រ ppcfc.com លោក ស៊ុំ វណ្ណា សង្កត់ធ្ងន់​ថា ​បើក​រដូវ​កាល​លី​គ​នៅ​ឆ្នាំនេះ ក្លិប​របស់លោក​ហាក់​ប៉ះ​ក្រុម​ប្រសើរ​ជាង​ឆ្នាំមុន ដែល​លោ​គិត​ថា ​អាច​ប្រមូល​ពិន្ទុ​បាន​ខ្លះ បើ​ធៀប​ទៅនឹង​រដូវ​កាល​មុន​បើកឆាក​ប៉ះ​ក្រុម​ខ្លាំង​។

លោក ស៊ុំ វណ្ណា បាន​លើក​ឡើង​ថា «​រដូវ​កាល​នេះ​យើង​មានការ​ប្រកួត​បើកឆាក​ល្អ​ជាង​រដូវ​កាល​មុន ខណៈដែល​យើង​ជួប​អគ្គិសនី​កម្ពុជា និង​ក្រុម​ពីរ​ផ្សេងទៀត​ដែល​យើង​មាន​សង្ឃឹម​ខ្ពស់​ក្នុងការ​ឈ្នះ។»

គ្រូ​បង្វឹក​ដដែល​បន្ថែម​ជុំវិញ​ការប្រកួត​ចំពោះមុខ ទល់នឹង អគ្គិសនី​កម្ពុជា ថា​ «​ការ​ប្រឈមមុខ​ជាមួយ​អគ្គិសនី​កម្ពុជា គួរតែ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​យើង​ដើម្បី​ទទួលបាន ៣​ពិន្ទុ​នៅក្នុង​ផ្ទះ​។ យើង​មានការ​លើកទឹកចិត្ត និង​ប្តេជ្ញាចិត្ត​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​នៅផ្ទះ​។ អគ្គិសនី​កម្ពុជា ប្រើតែ​កីឡាករ​ខ្មែរ ហើយ​ពួកគេ​មាន​ក្រុម​ដែលមាន​ទេពកោសល្យ​។ ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល ពួកគេ​មាន​ភាពប្រសើរឡើង ហើយ​ពួកគេ​កាន់តែ​ហ៊ាន​លេង​វាយ​សម្រុក មិន​ដូច​រដូវ​កាល​មុន​ទេ​នៅពេល​ពួកគេ​ផ្តោតអារម្មណ៍​ខ្លាំង​លើ​ការការពារ​។​»

គ្រូ​បង្វឹក​ដែល​ទើបតែ​ទទួល​បាន​តំណែង​ជា​គ្រូ​បង្វឹក​ផ្លូវការ​នៅ​ដើម​រដូវ​កាល​នេះ បន្តទៀត​ថា «​យើង​ត្រូវ​អនុវត្ត​ផែនការ​នៃ​ការប្រកួត​របស់​យើង ហើយ​ព្យាយាម​យក ៣​ពិន្ទុ​នៅផ្ទះ ទោះបី​យើង​ជួប​វិបត្តិ​កីឡាករ​របួស​ក៏ដោយ​។ យើង​បាន​រៀន​សូត្រ​ជាច្រើន​ពី​ការប្រកួត​មិត្តភាព​របស់​យើង ជាមួយ​ក្រុម​ធំ ហើយ​យើង​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​របស់​យើង​។ ការ​ផ្សារភ្ជាប់​ពី​ខ្សែការពារ ទៅ​នឹង​តំបន់​ប្រយុទ្ធ ហាក់​មាន​ភាព​ប្រសើរឡើង​ច្រើន ហើយ​ក្រុមការងារ​បច្ចេកទេសរ​បស់​យើង កំពុង​ខិតខំ​គាំទ្រ​កីឡាករ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួកគេ​កាន់តែ​ប្រសើរឡើង​។​»

សូម​រំលឹកថា ជំនួប​រវាង​ភ្នំពេញ​ក្រោ​ន ទល់នឹង អគ្គិសនី​កម្ពុជា កាលពី​រដូវ​កាល​មុន គឺ​បញ្ចប់​ទៅដោយ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ទាំងពីរ​ជើង ពោលគឺ​ជើង​ទី​១ ឈ្នះ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ០​ទល់​៥ និង​នៅ​ជើង​ទី​២ បន្ត​ឈ្នះ ៧​ទល់​០ នៅ​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន ដោយឡែក​ការប្រកួត​នៅ​រដូវ​កាល​ថ្មី​នេះ​វិញ រវាង​ក្រុម​ទាំងពីរ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៦​និង​០០ នាទី​ល្ងាច ខណៈ​ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន​កម្ពុជា​ថ្មី ផងដែរ៕
ម៉េង ហួរ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114