CNCC លើក​ពេល​ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ ពានរង្វាន់​សម្តេច​ហ៊ុន សែន ថ្នាក់​ខេត្ត​

​កាលពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ​២០២០​កន្លងទៅ គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា ហៅ​កាត់ CNCC បានសម្រេច​លើក​ពេល​ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រចាំ​ឆ្នាំ ២០២០ ថ្នាក់​ខេត្ត។​

​យោង​តាម​កាលបរិច្ឆេទ​ចាស់ ការ​ចាប់​ឆ្នោត​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​លើក​កាលបរិច្ឆេទ​ដោយ​ប្តូរ​ទៅ​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០​វិញ។ ការសម្រេច​លើក​ពេល​បែបនេះ CNCC មិនបាន​បង្ហាញ​អំពី​មូលហេតុ​នោះ​ឡើយ​។​

​គួរ​រំលឹក​ឡើងវិញ​ថា ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល (​ថ្នាក់​ខេត្ត​) ត្រឹម​រយៈពេល​ជាង ១​ខែ​កន្លង​ទៅ​នេះ ក្រុម​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ជា​ផ្លូវការ រួមមាន​ក្រុម​លេខ​១ ប្រចាំ​ពូ​ល​ទាំង​៥ ពូ​ល ‘​ក​’ ខេត្ត​កំពង់ឆ្នាំង​, ពូ​ល ‘​ខ​’ ខេត្ត​សៀមរាប​, ពូ​ល ‘​គ​’ ខេត្ត​ព្រៃវែង​, ពូ​ល ‘​ឃ​’ ខេត្ត​កំពង់ស្ពឺ​, ពូ​ល ‘​ង​’ ខេត្ត​កែប ខណៈ​ក្រុម​ដែល​បាន​ឡើង​ក្នុងនាម​ជា​ក្រុម​លេខ​២​ល្អ ចំនួន ៣​ក្រុម​ផ្សេងទៀត​រួមមាន ខេត្ត​ត្បូងឃ្មុំ (​ពូ​ល គ​) ខេត្ត​កោះកុង (​ពូ​ល ង​) និង​ខេត្ត​កណ្ដាល (​ពូ​ល ឃ​)​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត បានចាប់ផ្ដើម​ពីថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ហើយ​ធ្វើ​ការប្រកួត​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ប្រកួត​ចំនួន​២​ជើង បញ្ចប់​ត្រឹម​ថ្ងៃ​ទី​១១ ខែមីនា ខណៈ​វគ្គ ៨​ក្រុម​ចុងក្រោយ នឹង ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​០៧ ខែ​មេសា រហូតដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ដែល​ជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ វគ្គ​ថ្នាក់​ខេត្ត​។​

​តាម​គម្រោង​ដែល​បាន​រៀប​ចំ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត ៤​ក្រុម ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤ នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ថ្នាក់​ជាតិ ជាមួយ​ក្រុម​ចំនួន ១២​ផ្សេងទៀត ដែល​អង្គុយ​រង់ចាំ​រួចជាស្រេច ដែល​ជា​សមាជិក នៃ​លី​គ​កំពូល​កម្ពុជា ប្រកួត​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ (​លើកលែងតែ​យុវជន​បាទី​ដែល​ដក​ខ្លួន​ពី​ការប្រកួត​)​។​

​សម្រាប់​ជយលាភី​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន វគ្គ​ប្រកួត​ថ្នាក់​ខេត្ត ក្នុង​ឆ្នាំ ២០២០​នេះ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រេច​បង្កើន​ទឹកប្រាក់ រហូតដល់ ១៥​លាន​រៀល សម្រាប់​ក្រុម​ជើងឯក​, ៧​លាន​៥​សែន​រៀល សម្រាប់​ក្រុម​លេខ ២, ៥​លាន​រៀល សម្រាប់​ក្រុម​លេខ​៣, ១​លាន និង ៥​សែន​រៀល ៣​រង្វាន់ សម្រាប់ កីឡាករ​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​, កីឡាករ​ចាំ​ទី​ល្អ​ជាងគេ និង​គ្រូ​បង្វឹក​ល្អ​ជាងគេ៕