BREAKING NEWS
Search

លោក សុន ឆ័យ និងមន្ត្រីជាន់ខ្ពស់ពីររូបទៀតអតីតបក្សប្រឆាំង ទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ

ភ្នំពេញ៖ លោក សុន ឆ័យ អតីតតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងមន្ត្រីជាន់ខ្ពស់ពីររូបទៀត នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) គឺលោក វ៉ា សាម៉ុន និងលោក តាវ គឹមឈន ទទួលបាននីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលកម្ពុជាថ្មីទទួលបាននៅល្ងាចនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

ការទទួលបាននីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញនេះ បន្ទាប់ពីអតីតតំណាងរាស្រ្ត និងអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន៣រូបខាងលើបានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តល់នីតិសម្បទាឡើងវិញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

នៅក្នុងលិខិតមន្ត្រីទាំង៣រូប ដែលបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង បានលើកឡើងប្រហាក់ប្រហែលគ្នាថា រូបខ្លួនទាំង៣នាក់ ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០(ឆ) ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី(ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានឃាមឃាត់មិនឲ្យធ្វើ សកម្មភាពនយោបាយ អាចទទួលបាន នីតិសម្បទា ធ្វើនយោបាយឡើងវិញ។ ដូចនេះ សូមស្នើសុំសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់ពួកខ្លួនដោយក្តីអនុគ្រោះ។

អតីតមន្ត្រីតគណបក្សប្រឆាំងទាំងនោះរួមមាន ទី១, លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អតីតគណបក្សសង្គ្រោះជាតិ ទី២, លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ និងទី៣, លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។

មកដល់ពេលនេះ ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមានដូចជា ១. លោក គង់ បូរ៉ា ២. លោក ជីវ កត្តា ៣. លោក រៀល ខេមរិន្ទ្រ ៤. លោក គង់ គាំ ៥. លោក កង គឹមហាក់ ៦. លោក អ៊ូ ច័ន្ទរ័ត្ន ៧. លោក ច័ន្ធ សិលា ៨. លោកស្រី ទេព សិទ្ធី ៩. លោក ស៊ិន សុវណ្ណនី ហើយរួមទាំងពេលនេះ៣រូបទៀត គឺមានចំនួន១២រូប។ ក្នុងចំណោមអតីតមន្ត្រី ដែលទទួលបានសិទ្ធិធ្វើនយោបាយ គឺមានមួយចំនួនបានបង្កើតគណបក្សដោយខ្លួនឯង។

អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលប្រកាសរំលាយនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ។ គណបក្សនេះ ត្រូវបានក្រសួងមហាផ្ទៃដាក់ពាក្យប្តឹងស្នើសុំរំលាយទៅតាមបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់ រណឬទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ ហើយមន្រ្តីជាន់ខ្ពស់របស់គណបក្សនេះចំនួន១១៨នាក់ត្រូវបានដកសិទ្ធិមិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ៕

អត្ថបទ៖ កោះកែវ