ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​ទំនាស់​យូរ​ហើយ​ ទើប​នឹក​ឃើញ​សងសឹក ម្ខាង​​បែក​ក្បាល ​ម្ខាង​ដេក​គុក​

បន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ចិត្តខ្លាំង​ម្នាក់​ មាន​ទំនាស់​ជាមួយ​គូសត្រូវ​ជា​យូរ​មក​ហើយ​ ទើប​នឹក​ឃើញ​សងសឹក​ យក​កាំបិត​ខ្វែវ​ទៅ​កាប់ បណ្តាល​ឲ្យ​បែក​ក្បាល ​និង​របួស​ដៃ​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​មួយក្រុម ​ដឹកនាំ​ដោយ ​លោក​វរសេនីយ៍ត្រី នួន ​នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធ​ហត្ថ​ក្រុង​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗកាលពី​វេលា​ម៉ោង​១២​យប់ ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ចំណុច​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមាន​ជ័យ។

លោក​ នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា យោង​តាម​ពាក្យបណ្ដឹង​របស់​ភាគី​ជនរងគ្រោះ ​ឈ្មោះ សំ វាសនា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ​រស់នៅ​ក្នុងភូមិ/សង្កាត់​កើតហេតុ​ខាងលើ​ បាន​បំភ្លឺ​ឲ្យ​ដឹងថា ​ជនសង្ស័យ​ ឈ្មោះ មាន​ ឡាយ​ឃាង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ កន្លងមក​ធ្លាប់​មាន​ទំនាស់​ពាក្យសម្ដី​គ្នា​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ ជនរងគ្រោះ​បាន​អង្គុយលេង​នៅមុខ​ជណ្ដើរ​សុខៗ ​ស្រាប់តែ ​ឈ្មោះ ឡាយ​ឃាង កាន់​កាំបិត​ដើរ​សំដៅ​មក​ខ្លួន ហើយ​ក៏បាន​ប្រតាយប្រតប់​គ្នា ដោយ​ជនសង្ស័យ​កាប់​ទៅ​ជនរងគ្រោះ​២​កាំបិត ​ត្រូវចំ​ក្បាល និង​ដៃ រង​របួសធ្ងន់។ ​

ក្នុង​ហេតុការណ៍​ខាង​លើ​នោះ​ដែរ ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​ បាន​ចុះ​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​​ភ្លាមៗ​ និង​បញ្ជូន​មក​បញ្ជាកា​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។​

ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត តាម​ការ​បំភ្លឺ​របស់​ជ​ន​រងគ្រោះ និង​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ឃើញ​មាន​ភាព​ស៊ីសង្វាក់​គ្នា បង្ហាញ​ពី​តម្រុយ​ នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ឈ្មោះ ឡាយឃាង ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា។

បច្ចុប្បន្ន ​ជនសង្ស័យ ​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

អត្ថបទ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114