BREAKING NEWS
Search

ការស្ថាបនា​ផ្លូវជាតិ​លេខ​៥១ ចំណាយ​ថវិកា​ជាង​៤០,៨៨​លាន​ដុល្លារ​អាមេរិក​

កំពង់ស្ពឺ ​៖​ ការ​សាងសង់​ផ្លូវជាតិ​លេខ​៥១ ​មាន​ប្រវែង​សរុប​៣៧,៩៥​គីឡូម៉ែត្រ​ គិត​ចាប់ពី​ផ្លូវបំបែក​ឧដុង្គ​(​ផ្លូវជាតិ​លេខ​៥) ដល់​ថ្នល់ទទឹង​(​ផ្លូវជាតិ​លេខ​៤) សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ​ចំណាយ​ថវិកា​អស់​ជាង​៤០,៨៨​លាន​ដុល្លារ​អាមេរិក។ ​

បើក​ការដ្ឋាន​សាងសង់ ​កាលពី​ថ្ងៃទី​១៤​ខែ​មីនា​ ឆ្នាំ​២០១៧​ និង​បាន​ប្រគល់​ទទួល​ជា​បណ្ដោះអាសន្ន​ កាលពី​ឆ្នាំ​២០១៩ ហើយ​ស្ថិតក្រោម​ការ​ជួសជុល​ថែទាំ​របស់​ក្រុមហ៊ុន​សាងសង់​។

កាលពី​ថ្ងៃ​ពុធ​ ៨​រោច​ ខែ​ស្រាពណ៍​ ឆ្នាំជូត​ ទោស័ក ​ព.ស ២៥៦៤​ ត្រូវ​នឹង​ថ្ងៃទី​១២ ​ខែ​សីហា​ ឆ្នាំ​២០២០​ លោក​ ខាន់​ ម៉ា​ណេ​រ ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​បាន​ដឹកនាំ​គណៈប្រតិភូ​ ចុះ​ពិនិត្យ​គុណភាព​ផ្លូវជាតិ​លេខ​៥១​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ ក្រសួង ​អ្នក​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) និង​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​។​

ក្នុង​ការ​ចុះ​ពិនិត្យ​គុណភាព ​នៃ​ការសាងសង់ ​លោក​រដ្ឋលេខាធិការ ​បាន​គូស​បញ្ជាក់​អំពី​ការយក​ចិត្ត​ទុក​ដាក់​រ​បស់​គណៈកម្មការ​ជំនាញ​ និង​ក្រុមការងារ​ពិសេស​ ទាក់ទង​នឹង​គុណភាព ​និង​បច្ចេកទេស​នៃ​ការសាងសង់​ ក៏ដូចជា​ប្រព័ន្ធ​លូ ​ស្លាក​សញ្ញា​ចរាចរណ៍​ និង​គំនូស​ចរាចរណ៍ ​ចាប់តាំងពី​ការ​ចាប់ផ្ដើម​សាងសង់ ​រហូតដល់​ការ​បញ្ចប់​ការសាងសង់​កំណាត់​ផ្លូវ​នេះ​។

​ក្រសួង​ប្រគល់​ផ្លូវ​នេះ​ទៅ​ឲ្យ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​ជួសជុល​ ថែទាំ​កំណាត់​ផ្លូវ​នេះ ឲ្យ​បាន​ល្អ​ និង​ប្រើប្រាស់​ជាប់​យូរ​អង្វែង​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​រដ្ឋលេខាធិការ​ បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​គេច​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតឡើង​ដោយ​ការ​ធ្វេស​ប្រហែស​ ធ្វើ​ឲ្យ​យើង​មាន​វិប្បដិសារី​អស់​មួយជីវិត។ ក្នុងនោះ លោក​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ កុំ​ផ្ទុក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់​ បណ្ដាលឲ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុ​កាល​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

សូមចុចអាន ៖ អ្នកភូមិ​ព្រែកកំពឹស ​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​សម្រាប់​ធ្វើ​ដំណើរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114