បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ចំនួន​១១​ខ្សែ ​ប្រវែង​សរុប​១៦,៣៧៤​គីឡូម៉ែត្រ បន្ថែម​ទៀត ក្នុង​ក្រុងព្រះសីហនុ​

ព្រះសីហនុ​ ៖ លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន កាលពី​ព្រឹក ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​​ បាន​អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ចំនួន​១១​ខ្សែ​ ប្រវែង​សរុប​១៦,៣៧៤​គីឡូម៉ែត្រ ក្នុង​ក្រុងព្រះសីហនុ​បន្ថែម​ទៀត រួមមាន​ ពង្រីក​កំណាត់​ផ្លូវ ជាតិ​លេខ​៤ ពី ២​គន្លង ទៅ ៦​គន្លង ប្រវែង ៦,៧០​គីឡូម៉ែត្រ ផង​ដែរ​។​

លោក បូរី វង្ស សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ ​និង​ ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ការ​ពង្រីក​ផ្លូវជាតិ​លេខ​៤ នឹង​ ចាប់ផ្ដើម​ពី​ចំណុច ចន្លោះ​គីឡូម៉ែត្រ​លេខ​២១៦ ទៅ​៣០០ រហូតដល់​ចំណុច គីឡូម៉ែត្រ ២២៣ (​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ​) មាន​ប្រវែង ៦ ៧០០​ម៉ែត្រ ដែល​ជា​និច្ចកាល​ផ្លូវ​ចំណុច​នេះ តែងតែ​ទទួលរង​ការ​កក​ស្ទះ​ចរាចរណ៍​ជាប្រចាំ តម្រូវ​ឲ្យ​មាន​ការពង្រីក​តួ​ថ្នល់​ពី​៧​ម៉ែត្រ​រហូតដល់ ២៩​ម៉ែត្រ ពោលគឺ ផ្លូវ​នេះ ដើមឡើយ មានតែ​២​គន្លង​ប៉ុណ្ណោះ តែ​ឥឡូវ​ពង្រីក​បន្ថែម​ឲ្យ​បាន​៦​គន្លង ដោយ​ចាត់​ក្រាល​បេតុង កម្រាស់​២៥​សម ពង្រីក​សងខាង និង ​អ៊ុត​បេតុង​កៅស៊ូ AC កម្រាស់​១០​សម លើ​តួ​ថ្នល់​ទាំងស្រុង ទទួល​ស្ថាបនា ដោយ​ក្រុមការងារ​កង​វិស្វកម្ម។

ដោយឡែក សម្រាប់ ចំនួន១០ខ្សែផ្សេងទៀត ក៏​នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើការ​សាងសង់​ក្នុង​ពេលនេះ​ដែរ ដោយ​ក្នុង នោះ កំណាត់​ផ្លូវ​មួយ​ចំនួន ក្រៅពី​ពង្រីក​ផ្លូវ​បន្ថែម ក៏មាន​ការ​សាងសង់ ស្ពាន បេតុង ជាច្រើន​កន្លែង ផង​ដែរ រួម​នឹង​សាងសង់​ប្រព័ន្ធ លូ អូរ ប្រឡាយ​ទឹក ប្រព័ន្ធ​លូ​បង្ហូរ ទឹក ស្អុយ ព្រម​នឹង​ការរៀបចំ ខឿន​ចិញ្ចើម​ផ្លូវ តាម​លក្ខណៈ​បច្ចេកទេស គ្រប់​កំណាត់​ផ្លូវ​ទៀត​ផង។

​ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ​ក៏បាន​ធ្វើការ សំណូមពរ​ផង​ដែរ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជាប់​នឹង​ដង​ផ្លូវ ដែល​ត្រូវ សាងសង់ និង​ពង្រីក ក៏ដូចជា​បងប្អូន​រស់នៅ​ជាប់​ប្រឡាយ​អូរ សូម​រួម​គ្នា​ជួយ​សហការ​ដល់ ក្រុម​ការ​ងារ​សាងសង់​ផ្លូវ​​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការសាងសង់​ផង ពីព្រោះ​ការពង្រីក​ផ្លូវ ក៏ដូចជា​ការ​ពង្រីក​អូរ ប្រឡាយ តែង​មាន​ផល​ប៉ះពាល់​ខ្លះៗ ហើយ ​ដូចនេះ សូម​ចូល​រួម​ទាំងអស់​គ្នា ដើម្បី​ទទួល​បាន​ផ្លូវ​ធំ​ទូលាយ និង​មាន​សោភណភាព និង​សណ្ដាប់ធ្នាប់ មាន​បរិស្ថាន​ល្អ​ចាប់ពីពេលនេះ​តទៅ​។

នា​ឧកាស​នោះ លោក សូង ហេង រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សម្ដែង ការ​កោតសរសើរ ចំពោះ​ក្រុមការងារ​សាងសង់​ផ្លូវ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​បាន​រួម​សហការ រួម​ចំណែក​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ក្រុមការងារ​បច្ចេកទេស​សាងសង់​ផ្លូវកន្លង​មក ក៏​ដូច​បច្ចុប្បន្ន​។

ខេត្ត​ព្រះសីហនុ​នៅ​ក្នុង​អំឡុង រយៈពេល​ដ៏​ខ្លី​ខាង​មុននេះ នឹង​ប្រែក្លាយ​ទៅជា​ទីក្រុង​ទំនើប​មាន​ផ្លូវ​ល្អ ធំ​ទូលាយ រួម​នឹង​មាន​ឆ្នេរសមុទ្រ ស្អាត ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំ​រូ​ពហុ​បំណង ទាំងនេះ គឺជា​ការ យក​ចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែល​មាន សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​ព្រះសីហនុ ផ្លូវ ធំៗ​ចំនួន​៣៤​ខ្សែ ដែល​បានចាប់ផ្តើម​សាងសង់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នោះ មកដល់ពេលនេះ​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយ​បច្ចុប្បន្ន​ក្រុមការងារ សាងសង់​ផ្លូវ​កំពុង​មមាញឹក និង ការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​នៅ​សងខាង​ផ្លូវ និង​ចាប់ផ្ដើម​ចាក់​បេតុង​បណ្ដើរ​ហើយ៕


អត្ថបទ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114