ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ទេសចរជនជាតិ​ ហូឡង់​ មិន​មាន​ឆ្លងវីរុស​កូរ៉ូណាទេ

លោក លី សុវណ្ណ អ្នក​នាំពាក្យក្រសួង​សុខាភិបាល​បាន​​ថ្លែង​ប្រាប់គេហទំព័រកម្ពុជា​ថ្មី​នៅរសៀល​ថ្ងៃទី ១១ ខែកុម្ភៈនេះថា ឆ្លងតាម​​ការ​ធ្វើតេស្តលើវត្ថុវិភាគអ្នក​ជំងឺ​ អ្នក​ទេសចរជនជាតិ​ហូឡង់​ម្នាក់​មិន​មាន​ឆ្លងមេរោគ​​កូរ៉ូណាទេ។

កម្ពុជាមានការសង្ស័យអ្នកទេសចរជនជាតិហូឡង់ម្នាក់ចូលមកកម្ពុជាតាមនាវាទេសចរណ៍នៅក្រុងព្រះសីហនុ ដែលមានអាការក្តៅខ្លួនខ្លាំងថា អាចនឹងមានឆ្លងជំងឺកូរ៉ូណា​ ហើយត្រូវបានមន្ទីរពេទ្យក្រុងព្រះសីហនុយកដាក់កន្លែងដោយឡែកមួយ និង​បាន​​ធ្វើការតាមដាននិងធ្វើការពិសោធន៍ឲ្យបានប្រាកដ ថាតើអ្នកទេសចរណ៍ជនជាតិហូឡង់ម្នាក់នោះមានរីរ៉ុសកូរ៉ូឡាប្រាកដឬយ៉ាងណា?។ តែលទ្ធផល​អវិជ្ជមាន​ ពោលគឺមិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណាឡើយ។

ក្នុងឱកាសបើក​ការដ្ឋាន​សាងសង់​​ផ្លូវជាតិលេខ​២ កាលពីព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ នេះ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​បង្ហើបពីករណីអ្នក​ទេសចរជនជាតិ​ហូឡង់​ម្នាក់​សង្ស័យ​ឆ្លងមេរោគកូរ៉ូណា។

សម្តេចតេជោ​បានបន្ថែម​ថា បើសិន​រក​ឃើញ​ថា​ មានផ្ទុកមេរោគ​កូរ៉ូណា ជនជាតិ​ហូឡង់​នឹងត្រូវរង់ព្យាបាល​រហូតដល់​ជា ទើបអនុញ្ញាតឱ្យចាកចេញពីកម្ពុជា​ ខណៈបច្ចុប្បន្ន​កំពុង​អនុញ្ញាត​​ឱ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ខេត្តព្រះសីហនុ។

កម្ពុជា​​បាន​ប្រកាស​​រក​ឃើញ​​ករណី​វីរុស​កូរ៉ូណា​​​លើក​ដំបូង​​លើ​ជនជាតិ​ចិន​ម្នាក់​​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​។ ជន​ជាតិ​ចិន​រូប​នោះ​មាន​ ឈ្មោះ​ JIA JIANHUA ​កាន់​លិខិត​ឆ្លង​ដែន​លេខ​E54319891 និង​​ភរិយា​​លោក​ ឈ្មោះ WANG LINGZHEN កាន់​លិខិត​ឆ្លងដែន​លេខ​E06137433​ បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​វូហាន​ ប្រទេស​​ចិន​កាល​ពី​ព្រឹក​​​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​២០២០​ ​​ហើយ​ចេញ​រោគ​សញ្ញា​គ្រុន​ក្ដៅ​​ និង​ហៀរ​​សំបោរ ក្រោយ​មក​​ដល់​កម្ពុជា​ពីរ​ថ្ងៃ​ពោល​ថគឺកាល​ពីថ្ងៃទី​២៥​ ខែ​មករា​​។ ជនជាតិ​ចិន​រូបនេះ​ត្រូវ​បាន​​គ្រូពេទ្យប្រកាស​ថា​ ជាពីជំងឺកូរ៉ូណា និង​បាន​អនុញ្ញាត​ឱ្យចាកចេញពីមន្ទិរពេទ្យ​​កាល​ពីថ្ងៃទី១០ ខែកុម្ភៈ ម្សិល​មិញ​ និង​ចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិនវិញ​នៅថ្ងៃទី១១ ខែកុម្ភៈនេះ៕