BREAKING NEWS
Search

ស្លាប់ ១១៧នាក់ទៀត! ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាឡើងដល់ ១៤៨៦នាក់ និងឆ្លងដល់ជាង ៦៥០០០នាក់

អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ីបានរាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះថាមានមនុស្សចំនួន ១១៦ នាក់ទៀតបានស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19 ក្នុងខេត្តរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុងខេត្តដែលមានការផ្ទុះខ្លាំងជាងគេនេះដល់ ១៤២៦ នាក់។

សរុបចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនដីគោកកើនដល់យ៉ាងហោចណាស់ ១៤៨៣ នាក់។ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកគឺយ៉ាងហោចណាស់ ១៤៨៦ នាក់ដោយមានករណីស្លាប់នៅហុងកុងម្នាក់ ស្លាប់នៅហ្វីលីពីន និងម្នាក់ទៀតស្លាប់នៅជប៉ុនកាលពីម្សិលមិញ។

ជាមួយគ្នានេះដែរ អាជ្ញាធរហ៊ូប៉ីក៏បានបញ្ជាក់បន្ថែមទៀតថាបានរកឃើញករណីឆ្លងថ្មីចំនួន ៤៨២៣ករណីកាលពីម្សិលមិញដែលនាំចំនួនករណីសរុបក្នុងខេត្តនេះឡើងដល់ ៥១ ៩៨៦ នាក់។

យោងតាមអាជ្ញាធរសុខាភិបាលខេត្តនេះដដែលបានឱ្យដឹងថាមានអ្នកជំងឺចំនួន ៣៦ ៧១៩ នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅហ៊ូប៉ីក្នុងនោះមាន ១៦៨៥ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមានអ្នកជំងឺចំនួន ៤១៣១ នាក់ដែលបានជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យ។

សម្រាប់ ចំនួនករណីឆ្លងវីរុសកូរ៉ូណាជុំវិញពិភពលោកដែលត្រូវបានបញ្ជាក់នៅពេលនេះបានកើនឡើងដល់ ៦៥២០៩ ករណី ដែលភាគច្រើនគឺស្ថិតនៅចិនដីគោក ៕

ប្រែសម្រួល៖ វ៉ាន់ថន