BREAKING NEWS
Search

រកឃើញ​អ្នក​ស្លាប់ ១៣៩នាក់ទៀតម្សិលមិញ ធ្វើឲ្យ​ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាឡើងដល់ជាង ១៥០០នាក់ និងឆ្លងដល់ ៦៦៩០០នាក់

ចំនួនអ្នកស្លាប់ដោយសារការឆ្លងរាលដាលនៃវីរុសថ្មីពីប្រទេសចិនបានកើនឡើងដល់ជាង ១៥០០ នាក់នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈនេះ បន្ទាប់ពីមនុស្សចំនួន ១៣៩ នាក់បានស្លាប់នៅក្នុងខេត្តហ៊ូប៉ីកាលពីម្សិលមិញ។

គណៈកម្មការសុខាភិបាលខេត្ដដែលរងគ្រោះខ្លាំងជាងគេនេះក៏បានរាយការណ៍អំពីករណីថ្មីនៃជំងឺ COVID-19 ថាមានចំនួន ២៤២០នាក់ ក្នុងខេត្តរបស់ខ្លួនដែលតិចជាងចំនួនថ្ងៃមុនប្រមាណពាក់កណ្ដាល។

បច្ចុប្បន្ន មនុស្សយ៉ាងហោច ១៥២៣ នាក់បានស្លាប់ដោយសារការផ្ទុះវីរុសនេះ ដោយការស្លាប់ភាគច្រើនកើតឡើងនៅហ៊ូប៉ី និងមានមនុស្សប្រមាណ ៦៦៩០០ នាក់បានឆ្លងទូទាំងពិភពលោក។

ក្រុមអាជ្ញាធរបាននិយាយថាបុគ្គលិកពេទ្យចំនួន ១៧១៦ នាក់បានឆ្លងជំងឺនេះក្នុងអំឡុងពេលនៃការផ្ទុះឡើងដោយក្នុងនោះមាន ៦ នាក់បានស្លាប់ដោយសារជំងឺនេះ។

ភាគច្រើននៃការឆ្លងក្នុងចំណោមបុគ្គលិកសុខាភិបាលគឺស្ថិតនៅក្នុងរដ្ឋធានីនៃខេត្តហ៊ូប៉ីគឺទីក្រុងអ៊ូហានដែលបុគ្គលិកពេទ្យជាច្រើនខ្វះម៉ាស និងឧបករណ៍ការពារត្រឹមត្រូវដើម្បីការពារខ្លួននៅក្នុងមន្ទីរពេទ្យដែលពោរពេញដោយអ្នកជំងឺ។

កាលពីថ្ងៃសុក្រម្សិលមិញ អេ​ហ្ស៊ី​ប បានប្រកាសរកឃើញ​ករណី​ឆ្លងដំបូង​នៅក្នុង​ប្រទេស​របស់ខ្លួន ធ្វើឲ្យប្រទេសនេះក្លាយជាជា​ប្រទេស​ដំបូង​នៅ​អាហ្វ្រិក ដែល​​មាន​អ្នក​ឆ្លង​វីរុស​នេះ ៕

ប្រែសម្រួល៖ វ៉ាន់ថន