វៀតណាម បំផុស​គំនិត​ជា​អំណោយ​បាច់​ផ្កា COVID-19 ​សម្រាប់​​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់

អ្នក​លក់​ផ្កា​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​បង្កើត​គំនិត​ប្លែក​មួយ​ដើម្បី​អបអរ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់​របស់​ពួកគេ។ ប៉ុន្តែ​បាច់​ផ្កា​ទាំងនោះ​ មិនមែន​ជាមួយ​ផ្កាទូទៅ​ទេ​ គឺជាបាច់ផ្កា​ដែលមាន​ម៉ាស​និង​ទឹក​លាង​ដៃ​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កំពុង​តែ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ជំងឺ​ឆ្លង​ថ្មី​ COVID-19 ។

គួរ​រលឹក​ថា កាល​ពី​ឆ្នាំ​មុន​បាច់​ផ្កា​ដែល​អាច​បរិភោគ​បាន​ធ្វើ​ពី​ផ្លែស្ត្របឺរី​ដែល​មាន​សូកូឡា​ព័ន្ធ​ជុំវិញ​ វា​បាន​ក្លាយ​ជា​អំណោយ​ដ៏​ពេញ​និយម​សម្រាប់​ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​ប្រទេស​វៀតណាម។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ ជា​អ្វី​ដែល​ហៅ​ថា“ បាច់​ផ្កា​សុខភាព” គឺ​ជា​គំនិត​ប្លែក​ថ្មី​នៅ​ក្នុង​ប្រទេស​វៀតណាម​បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-១៩ ។​ បាច់​ផ្កា​នេះ​អាច​ប្រគល់ឲ្យ​មនុស្ស​ជាទីស្រលាញ់ ​ទោះ​​ទៅ​ទី​ណាក៏​ពួកគេ​អាច​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​បាន​។ បាច់​ផ្កា​សុខភាព​មួយ​បាច់​នោះ​រួមមាន​កញ្ចប់​ថ្នាំ​ពេទ្យ​ ម៉ាស ​និង​ទឹក​លាង​ដៃ​ដែល​បាន​រៀបចំ​រួច​ស្រាប់​ក្នុង​ឱកាស​នេះ។

រូបថត​នៃ​កាដូ​អបអរ​ទិវា​នៃ​ក្ដី​ស្រឡាញ់ ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​និយម​លេង​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​វៀតណាម ​ខណៈ​ដែល​​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្ដាញ​សង្គម។ ទិវា​នៃ​ក្ដី​ស្រឡាញ់​ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ​ដើម​ឡើយ​ដើម្បី​គោរព​ដល់​ពួក​បរិសុទ្ធ​គ្រិស្ត​ម្នាក់​ឈ្មោះ Valentinus ។ វា​បាន​ក្លាយ​ជា​ពិធី​អបអរសាទរ​នៃ​មនោសញ្ចេតនា​និង​ស្នេហា​នៅ​តំបន់​ជា​ច្រើន​ជុំវិញ​ពិភពលោក​រួម​ទាំង​ប្រទេស​វៀតណាម​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​ជំងឺ​ឆ្លង​កូរ៉ូណា​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ COVID-១៩ ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​សម្លាប់​មនុស្ស ១១១២ នាក់​និង​ឆ្លង​ជំងឺ​ជិត ៤៤៨០០ នាក់​នៅ​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​វា​បាន​កើតឡើង​ជា​លើក​ដំបូង​នៅ​ទីក្រុង​ Wuhan ​របស់​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៩ ។

ចំណែកប្រទេស​វៀតណាមក៏​បាន​បញ្ជាក់​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ១៥ ករណី​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ១២ នាក់ ​ជនជាតិ​អាម៉េរិកាំង​ម្នាក់ ​និង​ជនជាតិ​ចិន ២ នាក់​ក្នុង​នោះ ៧ នាក់​បានជា​សះស្បើយ​ឡើងវិញ​ហើយ។​ការ​ឆ្លង​ចុងក្រោយ​ដែល​ត្រូវ​បាន​បញ្ជាក់​គឺជា​ទារក​អាយុ ៣ ខែ​មក​ពី​ភាគ​ខាងជើង​ខេត្ត Vinh Phuc កុមារ​នេះ​ជា​អ្នក​ជំងឺ​ដែល​មាន​អាយុ​តិច​ជាង​គេ​នៃជំងឺឆ្លង COVID-១៩ ។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​វីរុស COVID-១៩ ជា​ភាព​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ​នៃ​ការ​ព្រួយ​បារម្ភ​អន្តរជាតិ។ អង្គការក៏ធ្លាប់បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​វ៉ាក់សាំង​ដំបូង​ដែល​ផ្ដោត​លើ​វីរុស​នេះ​អាច​រក​បាន​ក្នុង​រយៈពេល ១៨ ខែ ៕

 

ចុចអាន៖ វីរុសកូរ៉ូណា Covid-19 ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទេសចរណ៍​ថៃ

ចុចអាន៖បាច់​ផ្កា​ប្លែកៗ​ ទុក​ជូន​មនុស្ស​យើង​ស្រលាញ់​ឲ្យ​ភ្ញាក់ផ្អើល​និង​ចងចាំ​យើង​ពេលប្រគល់ឲ្យគេ

 

ប្រែស​ម្រួល៖សាង ស្រីល័ក្ខ