Update: មនុស្សស្លាប់ឡើងដល់ ៦នាក់ និងជិត ៣០០នាក់បានឆ្លងវីរុសរលាកសួតថ្មីនៅចិនគិតត្រឹមថ្ងៃអង្គារនេះ

ប្រទេសចិនបានបញ្ជាក់ពីការឆ្លងពីមនុស្សទៅមនុស្សសម្រាប់វីរុសថ្មីដូចជំងឺ SARS ខណៈចំនួននៃករណីនេះបានកើនឡើងហើយអាជ្ញាធរនិយាយនៅថ្ងៃអង្គារថា មានអ្នកជំងឺសរុប ៦នាក់ហើយបានស្លាប់។

ព័ត៌មាននេះបានកើតឡើងចំពេលអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននឹងពិចារណាក្នុងការប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈអន្តរជាតិអំពីការផ្ទុះឡើងនៃជំងឺនេះ។

វីរុសកូរ៉ូណាដែលបានរាលដាលដល់ប្រទេសអាស៊ីចំនួន៣ផ្សេងទៀតហើយបានឆ្លងដល់មនុស្សជិត៣០០នាក់នៅក្នុងប្រទេសចិនបានបង្កឲ្យមានការព្រួយបារម្ភដោយសារតែភាពស្រដៀងគ្នាទៅនឹងរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ដែលបានសម្លាប់មនុស្សជិត៦៥០នាក់នៅទូ ទាំងប្រទេសចិននិងហុងកុងក្នុងឆ្នាំ២០០២-២០០៣។

ការរកឃើញនៃការឆ្លងពីមនុស្សទៅមនុស្សបានកើតឡើងស្របពេលដែលមនុស្សរាប់រយលាន នាក់កំពុងធ្វើដំណើរទូទាំងប្រទេសតាមរថភ្លើង រថយន្តឡានក្រុងនិងយន្តហោះក្នុងសប្តាហ៍នេះដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីជាមួយសាច់ញាតិ។

អាជ្ញាធរសុខាភិបាលក្នុងទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺនេះបាននិយាយនៅថ្ងៃអង្គារថា បុរសអាយុ៨៩ឆ្នាំម្នាក់បានក្លាយជាមនុស្សទី៤ដែលបានស្លាប់ដោយសារវីរុសនេះហើយបុគ្គលិកពេទ្យចំនួន១៥នាក់បានឆ្លងមេរោគនេះ។

ករណីទី២ក៏ត្រូវបានគេអះអាងផងដែរក្នុងទីក្រុងស៊ាងហៃនៅថ្ងៃអង្គារខណៈមនុស្ស៥នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះនៅទីក្រុងប៉េកាំង។

វីរុសនេះក៏បានរាលដាលទៅដល់ប្រទេសជប៉ុន ថៃនិងកូរ៉េខាងត្បូងផងដែរដោយមានមនុស្សសរុបចំនួន៤នាក់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីទៅលេងទីក្រុង Wuhan។

បុរសម្នាក់ដែលបង្ហាញរោគសញ្ញានៃជំងឺថ្មីនេះត្រូវបានគេដាក់ឲ្យនៅតែឯងក្នុងប្រទេសអូស្ត្រាលីខណៈដែលមន្ត្រីសុខាភិបាលកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត។

លោក Zhong Nanshan អ្នកវិទ្យាសាស្ត្រល្បីឈ្មោះនៅគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានបញ្ជាក់ថា វីរុសនេះត្រូវបានចម្លងពីមនុស្សទៅមនុស្ស។

អង្គការសុខភាពពិភពលោកបាននិយាយថា គណៈកម្មាធិការគ្រាអាសន្នដ៏សំខាន់មួយនឹងជួបប្រជុំគ្នានៅថ្ងៃពុធដើម្បីកំណត់ថាតើត្រូវប្រកាសអាសន្នសុខភាពសាធារណៈអន្តរជាតិដែរឬអត់៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ