BREAKING NEWS
Search

អ្នកជំងឺកូរ៉ូណា ២៨ នាក់នៅ Wuchang បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

អ្នកជំងឺកូរ៉ូណាចំនួន ២៨ នាក់ដែលភាគច្រើនមានអាយុប្រហែលជា ៦០ ឆ្នាំ បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ Wuchang Fangcang កាលពីយប់អង្គារ។ ពួកគេនិយាយថា វាជាការប្រយុទ្ធដ៏យូរនិងលំបាកដើម្បីជាសះស្បើយ ហើយពួកគេជាពីជំងឺនេះបានដោយសារតែជំនួយពីក្រុមគ្រូពេទ្យ។

អ្នកជំងឺម្នាក់បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យដែលបានប្រថុយជីវិតដើម្បីជួយសង្គ្រោះគេដោយការយកចិត្តទុកដាក់និងក្ដីស្រឡាញ់។ មិនត្រឹមតែអ្នកជំងឺទេ ចំណែកឯក្រុមគ្រួសារអ្នកជំងឺវិញក៏បានអរគុណដល់ក្រុមគ្រូពេទ្យ និងសម្ដែងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

អ្នកជំងឺដែលបានជាសះស្បើយឈ្មោះ Su បាននិយាយថា មានតែប្រទេសចិនទេដែលអាចធ្វើប្រតិបត្តិការវេជ្ជសាស្ត្រដ៏ធំបែបនេះឲ្យកើតឡើងយ៉ាងឆាប់រហ័ស និងជួយសង្គ្រោះអ្នកជំងឺរាប់រយនាក់ពីការរាតត្បាតដ៏ធំនេះ។

អ្នកស្រី Xiao អាយុ ៥៧ ឆ្នាំ បាននិយាយទាំងស្នាមញញឹមក្នុងកែវភ្នែកពេលកំពុងពាក់ម៉ាស់មុខថា “ខ្ញុំចង់មានសុខភាពល្អនិងរស់នៅបានយូរ ដូច្នេះខ្ញុំអាចមើលថែចៅប្រុសរបស់ខ្ញុំ” ។ អ្នកស្រី Xiao បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែរោគសញ្ញាបានធូរស្បើយបន្ទាប់ពីការព្យាបាលយ៉ាងហ្មត់ចត់។ ក្រោយមកអ្នកស្រីបានផ្លាស់ទៅមន្ទីរពេទ្យបណ្តោះអាសន្នទីក្រុង Wuchang រហូតបានជាសះស្បើយ។

វេជ្ជបណ្ឌិត Wan Jun ប្រធានមន្ទីរពេទ្យ Wuchang Fangcang បាននិយាយថា “មន្ទីរពេទ្យបណ្ដោះអាសន្ន Wuchang Fangcang គឺជាវិធីសាស្ត្រពិសេស ប៉ុន្តែនៅមិនទាន់មានប្រសិទ្ធភាពក្នុងការទទួលអ្នកជំងឺឱ្យបានច្រើន ឬអាចកាត់បន្ថយការរាលដាលបានច្រើននោះដែរ។ លោកវេជ្ជបណ្ឌិតបន្តថា រយៈពេល ៣០ ឆ្នាំនៃអាជីពរបស់លោក លោកមិនធ្លាប់ឃើញការខំប្រឹងប្រែងរបស់គ្រូពេទ្យខ្លាំងបែបនេះឡើយ។ លោកថា ទោះបីការធ្វើការក្រោមសម្ពាធយ៉ាងខ្លាំងក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងរបស់គ្រូពេទ្យនឹងបន្តទៅមុខទៀត។

លោកវេជ្ជបណ្ឌិត Wan Jun មានប្រសាសន៍ថា មុនពេលចេញពីមន្ទីរពេទ្យអ្នកជំងឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព រួមទាំងការធ្វើតេស្តអាស៊ីដ nucleic ចំនួន ២ដង ដើម្បីពិនិត្យរករោគសញ្ញានៃការឆ្លងមេរោគកូរ៉ូណា។ បើរោគសញ្ញាពុំមានចេញក្នុងរយៈពេល៣ថ្ងៃ បានន័យថា អ្នកជំងឺបានជាសះស្បើយ។  ក្រោយចេញពីមន្ទីរពេទ្យពួកគេក៏ត្រូវសម្រាកនៅផ្ទះតែឯងរយៈពេល២សប្តាហ៍។ បើមានអ្វីកើតឡើងខុសប្រក្រតី ពួកគេអាចទាក់ទងទៅអាជ្ញាធរដើម្បីសុំជំនួយបាន។

លោកវេជ្ជបណ្ឌិត Wan បានប្រាប់ CGTN ថា ការអនុញ្ញាតអ្នកជំងឺទាំង ២៨ នាក់នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ មន្ទីរពេទ្យបណ្តោះអាសន្ន Wuchang Fangcang នឹងបន្តទទួលអ្នកជំងឺរហូតទាល់តែមនុស្សគ្រប់គ្នាបានជាសះស្បើយឡើងវិញ៕

 

ចុចអាន៖ អាមេរិក​រក​ឃើញប្រជាជន​ទី ១៣ ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​ ខណៈមុននេះ​មន្ត្រី CDC ច្រឡំ​ថា​ពួកគេ​តេស្ត​អវិជ្ជមាន

ហាងលក់ស៊ុបនៅហុងកុងរងផលប៉ះពាល់ ក្រោយរកឃើញមួយគ្រួសារឆ្លងវីរុសកូរ៉ូណាបន្ទាប់ពី​ហូប​ស៊ុប​ជុំ​គ្នា

 

ប្រែសម្រួល៖ សន្យា