ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​វីរុស​ថ្មី​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​កម្ពុជា​

ភ្នំពេញ ​៖​ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​អះអាងថា ការផ្ទុះ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​វីរុស​ថ្មី​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ​ដោយសារតែ​រដ្ឋាភិបាល​ចិន​ បាន​ហាម​មិនឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​។​

បើតាម ​លោក​ជុក ជំនោ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់​អ្នក​ព័ត៌មាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ​ឆ្នាំ​២០២០ ​ថា​ ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ធ្វើឲ្យ​ផ្នែក​អាជីវកម្ម និង​ឧស្សាហកម្ម​ទេសចរណ៍ មួយចំនួន​ អាច​នឹងរង​ការ​ប៉ះពាល់​ដោយសារតែ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មិនអាច​មកលេង​កម្ពុជា​បាន​ច្រើន​ដូច​មុន ​ដោយសារតែ​ប្រទេស​ចិន​ហាមឃាត់​មិនឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​។

លោក​បាន​បន្តថា​ ស្ថានភាព​បែបនេះ ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ជួបប្រទះ និង​បាន​រួមគ្នា​ទប់ស្កាត់​នៅ​ពេល​មានការ​ផ្ទុះឡើង​នូវ​ជំងឺ SARS​ម្តង​រួចមកហើយ ​កាលពី​ឆ្នាំ​២០០៣​កន្លងទៅ។

លោក​បណ្ឌិត ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា នៅ​ចំពោះមុខ​បញ្ហា​នេះ ក្រសួង​ បាន​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ឲ្យបាន​កាន់តែ​ខ្លាំង​ថែមទៀត ​ដើម្បីឲ្យ​វិស័យ​ទេសចរណ៍​នៅតែ​មាន​ដំណើរការ ​ព្រោះ​ទេសចរ​ក្នុងស្រុក​មាន​សារៈសំខាន់។ នៅពេល​មាន​វិបត្តិ​ដូចនេះ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ត្រូវការ​ត្រឹម​ចំណូល ដើម្បី​ទូទាត់​ថ្លៃ​អគ្គិសនី ទឹក និង​ប្រាក់ខែ​សម្រាប់​បុគ្គលិក​មួយចំណែក​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​ផ្នែក​ឯកជន ​ត្រូវ​កែសម្រួល​ការគ្រប់គ្រង​អាជីវកម្ម ចូលរួម​កាត់បន្ថយ​កញ្ចប់​ទស្សនកិច្ច កាត់បន្ថយ​ថ្លៃ​ចំណេញ ចូលរួម​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​នានា។ រីឯ​បុគ្គលិក និង​និយោជក​ដែល​បម្រើ​ការងារ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដូចជា​ សណ្ឋាគារ ភោជនីយ​ដ្ឋាន​ជាដើម​នោះ ក៏​ត្រូវ​មានការ​យោគយល់​គ្នា​ទៅវិញទៅមក​ជាមួយ​ម្ចាស់​មូលដ្ឋាន​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាង​ថា ​រហូតមកដល់​ថ្ងៃទី​២៧​ ខែ​មករា ​ឆ្នាំ​២០២០ ​កម្ពុជា​ នៅ​មិនទាន់មាន​ឆ្លង​ជំងឺ​រលាក​សួត ​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ឡើយ​ទេ​។​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​មួយចំនួន​ដែល​បាន​បង្ហោះ​ព័ត៌មាន​ថា​ នៅ​កម្ពុ​ជាមាន​ឆ្លង​ជំងឺ​នេះហើយ ​និង​សូម​លុបចេញ​ព័ត៌មាន​នេះ​វិញ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​។​

លោកស្រី​វេជ្ជបណ្ឌិត ​បាន​សំណូមពរ​ដល់​អ្នកលេង​ហ្វេ​ប៊ុ​ក​ទាំងអស់​ កុំ​បង្ហោះ​ព័ត៌មាន​ទាំងនេះ​ផ្ដេសផ្ដាស ​ព្រោះថា​មុននឹង​ដឹងថា ​មាន​ឆ្លង​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ លុះត្រាតែ​មានការ​បញ្ជាក់​ពី​មន្ត្រី​សុខាភិបាល​ ក៏ដូចជា​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ជាមុនសិន​។​

យោងតាម​សារព័ត៌មាន​របស់​ចិន បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២០​ ឲ្យ​ដឹងថា វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ បាន​សម្លាប់​មនុស្ស​កើន​ដល់​៨០​នាក់​ហើយ ចំណែក​អ្នក​ឆ្លង​នៅ​ប្រទេស​ចិន បាន​កើនឡើង​រហូតដល់ ២,៧៤៤​នាក់ ខណៈ​ប្រមាណ​ជិត​៤០​ករណី​ផ្សេងទៀត​ឆ្លង​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ នៅ​អាមេរិក​មាន​ឆ្លង​៥​ករណី ,​អូស្ត្រាលី​៤​ករណី , កាណាដា​១​ករណី​,​បារាំង​៣​ករណី ,​នេ​ប៉ាល់​១​ករណី ,​ជប៉ុន​៤​ករណី ,​ហុងកុង​៦​ករណី ម៉ា​កាវ​៥​ករណី សិង្ហ​បុរី​៤​ករណី ,​កូរ៉េខាងត្បូង​៣​ករណី ,​តៃវ៉ាន់​៣​ករណី ,​ថៃ​៨​ករណី ,​វៀតណាម​២​ករណី និង​ម៉ាឡេស៊ី​៤​ករណី ខណៈ​កម្ពុជា​មិន​មាន​ជំងឺ​ប្រភេទ​ថ្មី​នេះ​ទេ​៕


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114