WHO ព្រមានបណ្តាប្រទេសនានាមិនត្រូវទុកឱកាសឱ្យវីរុសកូវីដ-១៩ ត្រួតត្រាឡើយ

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធ ទី២៥ ខែមីនា ថាប្រទេសនានាដែលបានបង្ខាំងប្រជាជនរបស់ខ្លួនដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ត្រូវតែរកមូលហេតុនៃករណីថ្មីនិងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីទប់ស្កាត់និងកម្ចាត់វីរុសនេះ។

អង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចនឹងក្លាយជាចំណុចកណ្តាលនៃការរាតត្បាតរាតនៃវីរុស ខណៈដែលប្រទេសឥណ្ឌាបានប្រកាសបិទទ្វារពេញ ២៤ ម៉ោងទូទាំងប្រទេស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Tedros ក៏បានថ្លែងកោតសរសើរចំពោះការសម្រេច​ចិត្តរបស់ជប៉ុនដែលបានធ្វើឡើងកាលពីថ្ងៃអង្គារដើម្បីពន្យារពេលការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដោយនិយាយថា វិធានការនោះមានបំណងការពារសុខភាពរបស់អត្តពលិកនិងអ្នកទស្សនា។

ទោះជាយ៉ាងណាអគ្គនាយករូបនេះមានប្រសាសន៍ថា ប្រទេសខ្លះបានខ្ជះខ្ជាយពេលវេលាក្នុងការបញ្ចេញធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ។ លោកបន្តថា ពេលកាន់តែខើចខ្លីដែលត្រូវមានសកម្មភាពដើម្បីទប់ស្កាត់វីរុស ព្រោះពេលវេលាបានកន្លងទៅជាច្រើនខែមកហើយ។ ប៉ុន្តែ WHO នៅតែបង្ហាញភាពជឿជាក់ថាប្រទេសនានានៅមានឱកាស ហើយវាជាឱកាសដែលមិនគួរខ្ជីខ្ជាដើម្បីធ្វើអ្វីគ្រប់យ៉ាងក្នុងការកំចាត់វីរុស។

ទន្ទឹមនឹងនេះ មន្រ្តីអង្គការសុខភាពពិភពលោកបានព្រមានជាថ្មីម្តងទៀតថា ពិភពលោកកំពុងប្រឈមនឹងកង្វះខាតនៃឧបករណ៍ការពារផ្ទាល់ខ្លួនសម្រាប់បុគ្គលិកសុខាភិបាលជាពិសេសម៉ាស់ ស្រោមដៃ អាវការពារ និងរបាំងមុខ។ មន្ត្រីរូបនោះបាននិយាយថាលោក Tedros គ្រោងនឹងស្វែងរកការគាំទ្រដើម្បីបង្កើនផលិតកម្មនិងស្វែងរកថវិកាពីមេដឹកនាំទាំង ២០ ដែលនឹងធ្វើកិច្ចប្រជុំកំពូលមួយនៅថ្ងៃព្រហស្បតិ៍នេះ។

លោកអគ្គនាយក WHO បានថ្លែងបន្ថែមនៅក្នុងសន្និសីទថា ការគ្រប់គ្រងវិបត្តិជុំវិញវីរុសរាតត្បាតថាជាសមត្ថភាពនៃភាពជាអ្នកដឹកនាំរបស់អ្នកនយោបាយប្រទេសនោះ ឬជាការប្ដេជ្ញាចិត្តរបស់អ្នកដឹកនាំម្នាក់ៗ។

ស្តីពីប្រទេសឥណ្ឌាលោក Tedros បានថ្លែងសរសើរពីការបិទប្រទេសទាំងស្រុងថា ប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ ហើយវាជាការសំខាន់ខ្លាំងណាស់ដែលលោកបានឃើញឥណ្ឌាកំពុងចាត់វិធានការដំបូងដ៏ល្អមួយ។ វិធានការនេះនឹងជួយក្នុងការគ្រប់គ្រងវីរុសបានឆាប់បំផុតមុនពេលវាកាន់តែធ្ងន់ធ្ងរ។ ទោះបីប្រទេសនេះមានអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ ៦០៦ ករណីក្នុងចំណោមប្រជាជនច្រើនបំផុតទី ២ លើពិភពលោកក៏ដោយ៕

ចុចអាន៖ ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​​បង់ក្លាដេស ​អាច​ជា​កន្លែងប្រឈម​ខ្លាំង​​សម្រាប់​វីរុសកូវីដ១៩

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA