បញ្ជូន​ថៅកែ​ស្ថានីយ​សាំង​ប្រើ​ហិង្សា និង​គ្រូ​បង្រៀន​ឡើង​តុលាការ

ភ្នំពេញ ​៖​ លោក សារុន វិធុ​រ៉ា​ក់ ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ស្ថានីយ​ប្រេង PTT នៅ​រង្វង់​មូល​កួរ​ស្រូវ ស្ថិតនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ ក្រោយពី​បញ្ចប់​ការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ទាក់ទង​ករណី​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​គ្រូបង្រៀន​ម្នាក់ កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ កន្លងទៅ ដោយ​ចោទ​ថា បាន​ចូល​ទៅ​អុកឡុក និង​លួច​ថត​នារី​នៅ​ក្នុង​បន្ទប់ទឹក។ ចំណែក​គ្រូបង្រៀន​ឈ្មោះ​អ៊ឹម សេរីរដ្ឋ ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នោះ​ ក៏​ត្រូវបាន​បញ្ជូន​មក​តុលាការ​ផងដែរ។ ឥឡូវនេះ ព្រះរាជអាជ្ញា​អម​តុលាការ​កំពុង​ធ្វើការ​សាកសួរ​បុគ្គល​ទាំង​២​នាក់​នៅឡើយ ដោយ​មិន​ទាន់​មាន​ការសម្រេច​បែប​ណា​ទេ។

ទាក់ទង​បញ្ហា​នេះ កម្ពុ​ជាថ្មី​មិន​អាច​ស្វែងរក​ការបញ្ជាក់​ពី​លោក អ៊ឹម សិរី​រដ្ឋ ដែល​ទទួលរង​អំពើ​ហិហង្សា​​នោះបានទេ ប៉ុន្តែ​លោក​បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ធ្វើ​អ្វី​គួរតែមាន​ការពិចារណា​ឲ្យ​បាន​វែងឆ្ងាយ រក​ហេតុផល​សមរម្យ ពីព្រោះ​បើ​ធ្វើ​ត្រូវ​អ្នកផង​គេ​សរសើរ តែបើ​ខុស​នោះ នឹង​អាប់​មុខ អាប់​យស ហើយ​អាច​មានទោស​ទណ្ឌ​ទៀត​ផង។ លោក​បញ្ជាក់​យ៉ាង​នេះ “​ធ្វើ​អ្វី​ក៏ដោយ ក៏​មិន​គួរ​សម្រេចចិត្ត​ភ្លាម ហើយក៏​ធ្វើ​ភ្លាម​នោះទេ គឺ​គួរ​ណាស់ តែមាន​ការពិចារណា​ឲ្យ​បាន​វែងឆ្ងាយ រក​ហេតុផល​សមគួរ​ណាមួយ ចាំ​សម្រេចចិត្ត​ធ្វើ​ក៏​មិនទាន់​ហួសពេល​ដែរ (​បើ​លទ្ធផល​ល្អ ឬ​មិនល្អ​ក៏​យើង​អស់ចិត្ត​)។ តែ​ត្រូវ​ចាំ​ថា បើ​ធ្វើ​ប្រកបដោយ​មានការ​គិតពិចារណា ប្រសើរ​ជាង​មិនបាន​គិត ( គិត​មុន​គូរ ប្រសើរ​ជាង​គូរ​ហើយ ចាំ​យក​មក​គិត​តាម​ក្រោយ​)…​បើ​ធ្វើ​ត្រូវ​អ្នកផង​គេ​សរសើរ តែបើ​ខុស មិន​ត្រឹមតែ​គេ​និន្ទា​នោះ​ទេ អាប់​មុខ អាប់​យស ហើយ​លើស​ពី​ហ្នឹង​ទៅទៀត គឺ​ខុស​ផ្នែក​ច្បាប់ មានទោស​ទណ្ឌ ជាដើម​…”។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ស្ថានីយ៍​ប្រេង PTT ជិត​រង្វង់​មូល​កួរស្រូវ ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ មាន​ករណី​ហិង្សា​មួយ​បណ្ដាល​ឲ្យ គ្រូបង្រៀន​ម្នាក់​ឈ្មោះ អ៊ឹម សិរី​រដ្ឋ រងរបួស​ជា​ទម្ងន់ ដោយ​ថៅកែ​ស្ថានីយ​ប្រេង បាន​អះអាង​ថា បុរស​ឈ្មោះ អ៊ឹម សិរី​រដ្ឋ បាន​លួច​ថតរូប​ស្រីៗ​នៅក្នុង​បន្ទប់ទឹក​។​

លោក អ៊ឹម សិរី​រដ្ឋ ក្រោយពី​ចេញពី​មន្ទីរពេទ្យ បាន​អះអាងថា លោក​មិន​បានធ្វើ​សកម្មភាព​លូច​ថត​ដូច​ការចោទប្រកាន់​នោះទេ ហើយ​អ្នក​ដែល​វាយ​រូបលោក គឺជា​កូនចៅ​ម្ចាស់​ស្ថា​នី​យ​សាំង​ទាំងអស់ មិនមែន​អ្នកជិតខាង​ទេ​។ ជាមួយគ្នា​នោះ ម្ចាស់​ស្ថា​នី​យសាំង​បាន​ឲ្យ​កូនចៅ​ចាប់ចង ហើយ​វាយ​យ៉ាងដំណំ និង​បាន​សម្លុត​ សួររក​អ្នកណា​ជួល​មក​អុកឡុក​ទៅវិញ​។​

លោក អ៊ឹម សិរី​រដ្ឋ បានបញ្ជាក់​បែបនេះ​ថា “​ខ្ញុំ​បាន​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ! សូម​រលឹក​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែលជា ៨ យប់ ខ្ញុំ​បានធ្វើ​ដំណើរ​ម្នាក់ឯង​ដោយ​រថយន្ត​ពី​ភ្នំពេញ​មក​ផ្ទះ (​តាកែវ​) ។ លុះ​មកដល់​ចំណុច​កួរ​ស្រូវ ខ្ញុំ​បាន​ចូល​កា​រ៉ា​ស់​សាំង PTT បំណង​ចាក់​សាំង តែ​ខ្ញុំ​បាន​ចូល​បន្ទប់ទឹក​សិន។ ប៉ុន្តែ​ដោយ​ភ្លេច​មើល ខ្ញុំ​ក៏​ចូល​បន្ទប់ទឹក​នារី ពេល​ចូល​ទៅដល់​ទើបបាន​ដឹង ហើយក៏​រៀប​ដើរចេញ​មកវិញ ស្រាប់​តែមាន​បុរសៗ​ស្រែកថា “​រ៉ែ​ង​ធ្វើ​អី​” ។ ខ្ញុំ​មិនបាន​តបត​ទេ គ្រាន់តែ​ដើរចេញ ស្រាប់តែ​ពួកគេ​រត់​មក​វាយ​ខ្ញុំ​តែម្តង ខ្ញុំ​ខំ​រត់ឡើង​ឡាន​ដែរ តែ​រត់​មិនទាន់ ។ (​សូមបញ្ជាក់ថា ខ្ញុំ​មិនបាន​ធ្វើ​សកម្មភាព​លូច​ថត​ដូច​ការ​ចោទ​ទេ ហើយ​រូបភាព​នារី ដែល​គេ​បង្ហោះ​នោះ ក៏​មិនមែន​ថ្ងៃទី​១៦ ធ្នូ​ដែរ​) ។ បក្សពួក​អ្នក​ដែល​វាយ​ខ្ញុំ គឺជា​កូនចៅ​ម្ចាស់កា​រ៉ា​ស់​សាំង​ទាំងអស់ មិនមែន​អ្នកជិតខាង​ទេ។ ថៅកែ​នោះបាន​ឲ្យ​កូនចៅ​ចាប់​ខ្ញុំ​ចង ហើយ​វាយ​យ៉ាងដំណំ។ ថៅកែ​រូប​នោះបាន​សម្លុត​សួរ​ខ្ញុំ​ថា តើ​អ្នកណា​ជួល​ខ្ញុំ​មក​អុកឡុក​កន្លែង​គាត់ ខ្ញុំ​ឆ្លើយថា​ខ្ញុំ​មិនបាន​អុក​ឡុក​ទេ ហើយក៏​គ្មាន​អ្នកណា​ជួល​ដែរ។ ថៅកែ​បាន​បង្ខំ​ឲ្យ​ឆ្លើយ​ថា​អ្នកណា​ជួល គាត់​ឲ្យ​រួចខ្លួន តែ​បើ​មិន​ឆ្លើយ​ទេ នឹង​បន្ត​ឲ្យ​កូនចៅ​វាយ​រហូតដល់​ស្លាប់។ តែ​ខ្ញុំ​មិនបាន​ឆ្លើយ​ទេ​ព្រោះ​មិន​មាន​អ្នកណា​ជួល​ទេ។ ទីបំផុត ប៉ូលិស​បានមក​ដល់។ សូមបញ្ជាក់ថា “​បើ​ប៉ូលិស​មិនបាន​មកដល់​ទេ ខ្ញុំ​ប្រហែលជា​ត្រូវ​កូនចៅ​ថៅកែ​វាយ​រហូតដល់​ស្លាប់​” ។ ខ្ញុំ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ​ព្រោះ​ខ្ញុំ​មិន​ចង់​វែងឆ្ងាយ តែ​ខ្ញុំ​សរសេរ​សារ​នេះ​ដើម្បី​កុំ​ឲ្យ​សាធារណ​ជន​ស្តាប់​តែ​ម្ខាងៗ​”​។​

លោក អ៊ឹម សិរី​រដ្ឋ បាន​បញ្ជាក់ថា “​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់​ចំពោះ​ហេតុការណ៍​នេះ ១. បើ​ខ្ញុំ​ខុស​ដូច​ការ​ចោទ​នេះ គួរតែ​ថៅកែ​ឃាត់ខ្លួន​ខ្ញុំ​ហើយ​បញ្ជូន​ឲ្យ​ប៉ូលិស ព្រោះ​ប្រទេស​មានច្បាប់ ។ ២. ការប្រើ​អំពើ​ហិង្សា (​ឲ្យ​កូនចៅ​វាយ​ខ្ញុំ​ដូច​សត្វ​) ជា​បទល្មើស​ព្រហ្មទណ្ឌ ។ ថៅកែ​ដឹង​ច្បាប់​តែ​បំពាន​ច្បាប់​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ។ ៣. ខ្ញុំ​ជាម​ន្ត្រី​អប់រំ ដែល​តែងតាំង​ដោយ​អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។ ទង្វើ​របស់​ថៅកែ​បំពាន​មន្ត្រី​របស់​សម្តេច ស្មើនឹង​បំពាន​សម្តេច​។ ៤. ខ្ញុំ​ជាម​ន្ត្រី​អប់រំ ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ឡាយព្រះហស្ថលេខា​ដោយ ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង នរោត្តម សីហមុនី។ ទង្វើ​របស់​ថៅកែ​មកលើ​ខ្ញុំ គឺ​បំពាន​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​។ ៥. ខ្ញុំ​បាន​ប្រាប់ថា ខ្ញុំ​ជា​គ្រូបង្រៀន​ទេ មានរឿង​អី​និយាយ​គ្នា​បាន តែ​លោក​ថៅកែ​មិនបាន​ប្រាប់​ឲ្យ​កូនចៅ​ឈប់​វាយ​ខ្ញុំ​ទេ ។ ទង្វើ​របស់លោក គឺ​មើលងាយ​គ្រូបង្រៀន លោ​កមានអ្វីៗ​ដូច​សព្វថ្ងៃនេះ​ក៏​ដោយសារ​គ្រូបង្រៀន​ដែរ។ *​សូម​បងប្អូន​គិតពិចារណា​តាម​ការគួរ ។ សូម​អរគុណ !”។

លោក នៅ ទិ​ត្យ អធិការ​ង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ផ្នែក​ព្រហ្មទណ្ឌ ធ្លាប់បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា ខាង​ស្ថានីយ​ប្រេង​បាន​ប្រាប់​លោក​ថា នៅ​ថ្ងៃកើតហេតុ​មាន​ប្តី​ប្រពន្ធ​ពីរ​នាក់​អាយុប្រមាណ​៥០​ឆ្នាំ​ជាង មិនដឹង​មកពី​ទីណា​ទេ បាន​ចូល​បត់ជើង​នៅ​បន្ទប់ទឹក​នៃ​ស្ថានីយ​ប្រេង​នោះ ហើយ​បន្ទប់ទឹក​នេះ មាន​មួយ​ចំហៀង​ខាង​ប្រុស មួយ​ចំហៀង​ទៀត​ខាង​ស្រី ចំណែក​ជន​ដែល​ត្រូវគេ​វាយ ឬ​ប្រើ​អំពើ​ហិង្សា​លើ​នោះ ក៏​ជិះ​រថយន្ត មិនដឹងថា មកពីណា បានមក​ចូល​បន្ទប់ទឹក​ដែរ ហើយ​បើតាម​ការបញ្ជាក់​ពី​សាក្សី​ថា គាត់​បាន​ដក​ទូរស័ព្ទ​ថត តែ​មិន​ទាន់​បាន​ថត​ទេ ហើយ​ស្ត្រី​នោះ​ឃើញ ក៏​ស្រែក​តែម្តង ហើយក៏​មានការ​ផ្អើលឆោឡោ​ឡើង ហើយ​មនុស្សម្នា ដែល​នៅ​ស្ថា​នី​យ ទាំង​អ្នកដំណើរ ទាំង​អ្នក​នៅក្នុង​ស្ថា​នី​យប្រេង​នោះ ក៏​ជួយ​ចាប់​ជួយ​ចងទៅ ហើយ​ឆែក​ទូរស័ព្ទ​អត់​មាន​ឃើញ​រូប​ទេ មានតែ​រូប​ចាស់ៗ (​រូប​ចូល​បន្ទប់ទឹក រូប​ងូតទឹក មាន​ទាំង​វីដេអូ និង​រូប​សន្លឹក​) ចំណែក​រូប​ថ្មី ដែល​ចោទថា បាន​ថត​នោះ គឺ​អត់​មាន​ទេ។

លោក នៅ ទិ​ត្យ បញ្ជាក់ទៀតថា “​ពេលនោះ​ខាង​ប៉ុស្តិ៍​ដែល​ប្រចាំការ បាន​ចុះទៅ សួរនាំ​ទៅ​បាន​មើល​បន្តិច​ដែរ (​ទូរស័ព្ទ​) តែ​មិនទាន់​បានធ្វើ​អី​ទេ ដោយសារ​ឃើញ​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ពេក បែក​មាត់​បែក​អីចឹង​ទៅ ឃើញ​ឈាម​ចឹ​ង​ទៅ ខ្លាច​មាន​បញ្ហា​អី​ទៅ ក៏​ឲ្យ​បងប្អូន​យកទៅ​ពេទ្យ​ទៅ​ចាំ​សួរនាំ​ផ្សេងទៀត ពីព្រោះ​រូប​ហ្នឹង​មើលទៅ​មិនបាន​ឃើញ​រូប​យាយ​ប៉ិ​ហ្នឹង​ទេ មាន​រូបអ្នក​ផ្សេង​ទេ ចឹ​ង​រូបអ្នក​ផ្សេង​យើង​យកមក​ធ្វើ​អី បើ​មិនមែន​រូប​ហ្នឹង​ផង ហើយ​ការ​វ៉ៃ​ដំ​ក៏​មិន​កំណត់ថា អ្នកណា​វាយ​ច្បាស់លាស់​ទៀត ភ្ញៀវ​អ្នកធ្វើដំណើរ​ដែរ​ទេ តែ​ការ​ចាប់ចង​ហ្នឹង​គឺ​ហ្គា​រាស់​សាំង​ហ្នឹង​បញ្ជា​ឲ្យ​ចុះ​នោះ​”​។ លោក​បន្តថា មកដល់ពេលនេះ​ខាង​សមត្ថកិច្ច​បាន​ប្រមែប្រមូល​ឯកសារ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់ ហើយ​ការសម្រេច​យ៉ាងម៉េច មានតែ​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ​។​

ថៅកែ​ស្ថានីយ​ប្រេង PTT ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សារុន វិធុ​រ៉ា​ក់ ជា​កូន​របស់លោក ចាន់ សារុន តំណាងរាស្ដ្រ​មណ្ឌល​តាកែវ និង​បក្ខពួក បាន​រង​ការចោទប្រកាន់ ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ ទៅលើ​លោក អ៊ឹម សិរី​រដ្ឋ ជា​គ្រូបង្រៀន​កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ​កន្លងទៅ នៅក្នុង​បរិវេណ​ស្ថានីយ​ប្រេង​របស់ខ្លួន ដោយ​ពួកគេ​ចោទថា គ្រូបង្រៀន​រូបនេះ បាន​ចូលទៅ​អុកឡុក និង​លួច​ថត​នារី​នៅក្នុង​បន្ទប់ទឹក​។ លោក សារុន វិធុ​រ៉ា​ក់ ថែមទាំង​បង្ហោះ​វីដេអូ និង​រូបភាព លើក​មេដៃ​ជាមួយ​រូប​គ្រូបង្រៀន ដោយ​ចងដៃ​ទៅក្រោយ និង​ចាប់​បោច​សក់​នៅលើ​បណ្ដាញ​សង្គម Facebook ទៀតផង ដែល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​ការប្រើ​អំពើហិង្សា​ខុសច្បាប់​ទម្លាប់​បែបនេះ​។​

ករណី​ហិង្សា​តាម​ទីសាធារណៈ ក្រៅ​​ប្រព័ន្ធ​​តុលាការ ត្រូវបាន​គេ​មើលឃើញថា បានកើត​ឡើងជា​ញឹកញាប់​នៅ​ប្រទេស​កម្ពុជា បើទោះបី​មានការ​ដាក់ទោស​យ៉ាងណាក្តី ហើយ​នៅក្នុង​សំណុំ​រឿងនេះ ក៏មាន​មហាជន​ជាច្រើន​បាន​ថ្កោលទោស​ផងដែរ និង​បាន​អះអាងថា ទោះបីជា​ករណី​ពិត​ក៏ដោយ គេ​ក៏​មិនត្រូវ​ប្រើ​អំពើ​ហិង្សា​ដែរ គឺ​ត្រូវ​ចាប់បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច ឬ​ច្បាប់​ចាត់វិធានការ៕
កោះ​កែវ+មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114