BREAKING NEWS
Search

បញ្ជូន​ជនជាតិ​ចិន​ ដែល​បង្ក​គ្រោះ​ អគ្គិភ័យ​ឡើង​តុលាការ

ភ្នំពេញ​ ៖ ​ក្រោយពី​មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង រង​ការខូចខាត ​ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ រហូត​រកឃើញថា បុរស​ជនជាតិ​ចិន​២​នាក់ ជា​អ្នកបង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​នោះ, ​ នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​ចាប់បញ្ជូន​បុរស​ជនជាតិ​ចិន​២​នាក់​ឡើង​តុលាការ​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ។

លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹងថា ករណី​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២និង​៥០​នាទី​រសៀល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ​នៅ​ចំណុច​ហាង​កាត់​សក់​ជនជាតិ​ចិន​យីហោ (​រចនាបថ​អន្តរជាតិ ) ដែលមាន​ទីតាំង​នៅក្រោយ​ប៉ុស្តិ៍នគរបាល​បឹង​កេងកង​២ តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ផ្ទះ​លេខ​៥៣៩ ក្រុម​១ ភូមិ​១ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង។​

លោក​អធិការ​បន្តថា ជនបង្ក​មាន​គ្នា​២​នាក់ ទី​១-ឈ្មោះ ZHAO JIKUI ភេទ ប្រុស អាយុ​៣២ ឆ្នាំ ជន​ជាតិ​ចិន ( មិន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​)។ ទី​២-ឈ្មោះ HAO XINMING ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជន​ជាតិ​ចិន ( មិន​ធ្លាប់​ប្រាប់​គ្រឿងញៀន​)។

មុនពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ពេញ​ផ្ទះ​ ម្ចាស់​ផ្ទះ​ជួល ឈ្មោះ​ZHAO JI KUI អាយុ​៣២​ឆ្នាំ​ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ជា​ប្រភេទ​ផ្ទះ​សង់​ពី ថ្ម​លាយ​ឈើ​ប្រក់​ស័ង្កសី ដោយ​បង្ក​ជា​អណ្តាត​ភ្លើង ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ ខណៈ​ដែល​ជនជាតិ​ចិន​នោះ បាន​ចម្អិន​ម្ហូប​ទុកចោល ខ្វះ​ការប្រុងប្រយ័ត្ន។ ភ្លាមនោះ ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន ទំនាក់ទំនង​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ នាំគ្នា​ជួយ​ធ្វើ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៤៦​ម៉ែត្រគុប ហើយ​អគ្គិភ័យ​ ត្រូវបាន​រលត់​នៅ​វេលា​ម៉ោង​៤និង​៣០ នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល​។ សម្ភារៈ​ខូចខាត​រួមមាន​ ៖ ទីតាំង​ផ្ទះ​៣​ល្វែង បន្ទប់​ចំនួន​៧​បន្ទប់ និង​សម្ភារៈ​មួយចំនួនទៀត​ដូចជា​ ៖ ម៉ាស៊ីន​ត្រ​ជាន់​ចំនួន០៣​គ្រឿង , ទូទឹកកក​០៧​គ្រឿង​, ទូដែក​០១​, ម៉ាស៊ីន​អ៊ុតសក់​០១​គ្រឿង​, តុ​បាយ​ចំនួន​០៣ កៅអី​ចំនួន​២០ ; កង្ហារ​០១​គ្រឿង​, គ្រែង​គេង​០២​ , កៅអី​ម៉ាស្សា​០១​គ្រឿង​, ពូក​ចំនួន​០៣ និង​សម្ភារៈ​ផ្សេងៗ​ទៀត​មួយចំនួនធំ​ទៀត។​

ក្រោយ​ហេតុការណ៍ ម្ចាស់ផ្ទះ​រងគ្រោះ​ចំនួន​៣​ផ្ទះ នាំគ្នា​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​បឹង​កេងកង​ទី​២ ហើយ​សមត្ថកិច្ច​ ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដែលជា​ម្ចាស់ផ្ទះ​បង្ក​ឲ្យ​សង​ថ្លៃ​ខូចខាត​ផ្ទះ​របស់​គាត់​សរុប​ជា​ទឹកប្រាក់​ជិត​៥​ម៉ឺន​ដុល្លារ​ផងដែរ។ ប៉ុន្តែ​ដោយសារតែ​ជនជាតិ​ចិន​ជា​អ្នកបង្ក មិន​មាន​លទ្ធភាព​សង​ជា​សំណង​ទៅ​ខាង​ម្ចាស់ផ្ទះ ទើប​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114