ផ្អាក​សវនាការ​លើ​សំណុំរឿង​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​របស់លោក កឹម សុខា រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​

​ភ្នំពេញ ​៖ ដំណើរការ​សវនាការ​លើ​សំណុំរឿង​សន្ធិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ពន្យារពេល​ហើយ ដោយសារ​តែមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​សវនាការ​នេះ នឹង​បន្ត លុះត្រាតែ​មានការ​ជូនដំណឹង​ជាថ្មី នេះ​បើតាម​ការបញ្ជាក់​របស់​លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​។​

ការសម្រេច​លើក​ពេល​សវនាការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ក៏ដូចជា​មេធាវី​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ដោយសារ​តែមាន​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 យ៉ាងខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។
យោងតាម​លិខិត​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដែល​បាន​ដាក់ជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា នៅ​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​បើកសវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

បើតាម​លិខិត​នោះ ដោយ​បច្ចុប្បន្ននេះ ជំងឺ Covid-19 ដែលជា​ជំងឺ​ដ៏​កាច​សាហាវ និង​មាន​ភាពងាយស្រួល​ក្នុង​ការ​ចម្លង កំពុងស្ថិត​ក្នុងស្ថានភាព​រីក​រាលដាល ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​បណ្ដា​ប្រទេស​ទូទាំង​សកលលោក កំពុង​រួមគ្នា​យ៉ាង​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នេះ ក្នុងនោះ​មានការ​ដាក់​បម្រាម ហាមឃាត់​មិន​ឲ្យ​មានការ​ជួបជុំ​ច្រើន ហើយ​ម្យ៉ាងទៀត​ក្នុង​បន្ទប់​សវនាការ គឺមាន​ភាព​តូច​ចង្អៀត ដែល​មិន​អាច​អង្គុយ​ឲ្យ​ឃ្លាត​ពី​គ្នា​ក្នុង​ចម្ងាយ​២​ម៉ែត្រ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​បាន ដូច្នេះ​ដើម្បី​ចៀស​វាង​ក្នុង​ការ​ឆ្លង និង​កុំ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​កូនក្តី គួរតែ​ពន្យារពេល​សវនាការ​នៅក្នុង​សំណុំរឿង​ខាងលើនេះ​ទៅ​ថ្ងៃក្រោយ​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​១០​យប់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ COVID-19 សរុប​ទាំងអស់​ចំនួន​៨៧​ករណី ហើយ​រហូត​ពេលនេះ​ព្យាបាល​ជាសះស្បើយ​ចំនួន​ពីរ​នាក់ គឺ​ជន​ជាតិចិន​១​នាក់ និង​ជនជាតិ​អង់គ្លេស​១​នាក់​។ ដោយឡែក​សំណុំរឿង​លោក កឹម សុខា ដែល​កំពុង​ដំណើការ​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ បាន​ឈានដល់​សវនាការ នៅ​សប្តាហ៍​ទី​៧​ហើយ និង​ជាស​វនា​ការលើក​ទី​២១ ដែល​ដេញដោល​លើ​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៨ មានការ​បាត់ឈ្មោះ នៅក្នុង​បញ្ជី​បោះឆ្នោត​ជាដើម​៕
កោះ​កែវ​
 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114