តុលាការខេត្ត​តាកែវ​ ចុះ​អនុវត្តន៍​សិទ្ធិ​ដីកា រក្សា​ការពារ​ជា​បណ្ដោះអាសន្ន​លើ​ក្បាលដី​ចំនួន​៥​កន្លែង​នៅ​ស្រុក​បាទី​ ក្រោយ​មានការ​ប្តឹងតវ៉ា​ពី​ភាគី​ជាប់​ព្រំប្រទល់​គ្នា​
BREAKING NEWS
Search

តុលាការខេត្ត​តាកែវ​ ចុះ​អនុវត្តន៍​សិទ្ធិ​ដីកា រក្សា​ការពារ​ជា​បណ្ដោះអាសន្ន​លើ​ក្បាលដី​ចំនួន​៥​កន្លែង​នៅ​ស្រុក​បាទី​ ក្រោយ​មានការ​ប្តឹងតវ៉ា​ពី​ភាគី​ជាប់​ព្រំប្រទល់​គ្នា​

តាកែវ ​៖ ​ទីតាំង​ក្បាលដី​ចំនួន​០៥​កន្លែង​នៅ​ក្នុង​ភូម​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​ម្ចាស់​ដី ស្នើសុំ​ និង​ដាក់ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ , ក្រោយ​ពី​​​ម្ចាស់​ដី​នៅ​ជាប់​ព្រំ​ប្រទល់​ធ្វើការ​ឈូស​ឆាយ និង​ដាំ​បង្គោល​របង​ព័ទ្ធ​ចូលក្នុង​ក្បាលដី​របស់​ខ្លួន​, ដើម្បី​សុំ​សិទ្ធិ​ពី​តុលាការ ក្នុង​ការ​រក្សា​ការពារ​នៅ​អចលនទ្រព្យ និង​រក្សា​នៅ​សភាព​ដើម ​នៃ​ក្បាលដី​របស់​ខ្លួន​ដែល​ទិញ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ មាន​ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​ត្រឹមត្រូវ ព្រម​ទាំង​មាន​អាជ្ញាធរ​ភូមិ ឃុំ ដឹង​ឮ។

ក្រោយ​មានការ​ដាក់ពាក្យ​ប្តឹង​តាមរយៈ​មេធាវី​របស់​ម្ចាស់​ក្បាលដី​ទាំង​៥​ប្លង់ នៅ​ស្រុក​បាទី​នោះ និង​មាន​សេចក្តីសម្រេច​បញ្ចប់​រប​ស់​ប្រធាន​សាលាដំបូង​ខេត្ត​កែវ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ លោក អឿង វណ្ណា ចៅក្រម​អនុវត្ត​រក្សា​ការពារ នៃ​សាលាដំបូង​ខេត្ត​តាកែវ បាន​ដឹកនាំ​កម្លាំង​ និង​ភាគី​ទាំង​សង​ខាង​មកជួប​ជុំគ្នា នៅ​សាលាឃុំ​ក្រាំងធ្នង់ រួច​បន្ត​ទៅ​បញ្ឈប់​ការ​ឈូស​ឆាយ និង​ដាំ​បង្គោលរបង​របស់​ភាគី​ជាប់​ព្រំប្រទល់​នោះ ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេចក្តី។ ក្នុងការ​អនុវត្ត​ដីកា​នេះ​ផង​ដែរ បើសិនជា​ភាគី​ណាមួយ មិន​សុខចិត្ត ភាគី​នោះ​មាន​សិទ្ធិ​ប្តឹង​តវ៉ា​តាម​ច្បាប់​វិញ​បាន។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្បាលដី​ដែលមាន​ទំនាស់​នោះ រួមមាន លេខ​ក្បាលដី HVII 0022 , HVII0023 , HVIII0032 , HVIII0033 , HVIII0034 ដែលមាន​ទីតាំងនៅ​ភូមិ​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ។ បើតាម​សេចក្តីសម្រេច​របស់​សាលាដំបូង​ខេត្ត​តាកែវ ត្រូវ​បាន​ឲ្យ​កូនបំណុល​បញ្ឈប់​នូវ​ការ​ឈូស​ឆាយ និង​ការ​ដាំ​បង្គោលរបង​ជា​បណ្ដោះអាសន្ន​សិន​៕


អត្ថបទ ៖ វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114