BREAKING NEWS
Search

អ្នកឆ្លងកូវីដ១៩នៅម៉ាឡេស៊ីលោតដល់ខ្ទង់ ៩០០នាក់ ក្រោយរកឃើញថ្មី ១១០នាក់ថ្ងៃនេះ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Adham Baba បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែមីនា ថាប្រទេសម៉ាឡេស៊ីបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ១១០ ករណីធ្វើឲ្យចំនួនសរុបនៅក្នុងប្រទេសកើនឡើងដល់ ៩០០ ករណី។

ក្នុងចំណោមករណីថ្មីទាំង១១០នោះ មាន ៦៣ ករណីដែលឆ្លងចេញពីការប្រមូលផ្តុំសាសនានៅវិហារអ៊ីស្លាមមួយក្នុងតំបន់ Sri Petaling នៃរដ្ឋធានីគូឡាឡាំពួ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីមនុស្សចំនួន ១៦០០០ នាក់ ដែលបណ្តាលឱ្យមានការឆ្លងផងដែរនៅក្នុងប្រទេសប្រ៊ុយណេ កម្ពុជា សិង្ហបុរី និងឥណ្ឌូនេស៊ី។

មុននេះអគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បានបញ្ជាក់ថាអាជ្ញាធរបានទាក់ទងមនុស្សចំនួន ១០ ៥៥៣ នាក់ដែលបានចូលរួមការជួបជុំនោះនៅម៉ោង ១២ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្នុងចំណោមនោះមានសមាជិកចំនួន ៤៩៨៦ ត្រូវបានគេយកសំណាកទៅពិនិត្យ ហើយ ៥១៣ នៃពួកគេបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។

កាលពីថ្ងៃអង្គារ ម៉ាឡេស៊ីបានរាយការណ៍ករណីស្លាប់ដំបូង២នាក់ ដោយករណីស្លាប់ទី ១ គឺជាគ្រូគង្វាលអាយុ ៦០ ឆ្នាំមកពីរដ្ឋសារ៉ាវ៉ាក់ដែលមានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមផងដែរ។ ករណីទី ២ គឺបុរសអាយុ ៣៤ ឆ្នាំមកពីទីក្រុង Johor Bahru ដែលបានឈឺក្រោយចូលរួមការប្រជុំសាសនាទ្រង់ទ្រាយធំនោះ ៕

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNA