BREAKING NEWS
Search

គិតត្រឹមថ្ងៃទី ១០ខែ កក្កដានេះ កូវីដ១៩ ធ្វើឲ្យប៉ះពាល់ ផ្នែកទេសចរណ៍ជាង ៣ពាន់កន្លែង

ភ្នំពេញ៖ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែកក្កដាកន្លងទៅនេះ ជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ផ្នែកទេសចរណ៍ ចំនួន៣ពាន់កន្លែង និងប៉ះពាល់ដល់បុគ្គលិកជាង ៥ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។ លោក ថោង ខុន បានឲ្យដឹងបែបនេះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយ គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ដើម្បីពិភាក្សាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។

បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ថ្ងៃ១០ ខែកក្កដានេះ គឺមានការប៉ះពាល់ជាង ៣ពាន់ទីតាំង ហើយប៉ះពាល់ដល់បុគ្គលិក ដែលបម្រើនៅក្នុងទីតាំងនេះជាង ៥ម៉ឺននាក់ ក៏ប៉ុន្តែរាជរដ្ឋាភិបាល នៅជាប់ជាមួយនឹងការលំបាក របស់ប្រតិបត្តិករ របស់ផ្នែកឯកជន និងរបស់បុគ្គលិក និយោជកផងដែរ គឺរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើន ដើម្បីជួយដល់បណ្តាប្រតិបត្តិករ ក៏ដូចជានិយោជិក ដែលមានការប៉ះពាល់នេះ»។

ក្រសួងទេសចរណ៍ បានចាត់តាំងក្រុមការងារពិសេសមួយ ដឹកនាំដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ មានអនុការងារ៥ ដើម្បីធ្វើកិច្ចការងារតាមអនុការងារសំខាន់ រួមមាន៖ ទី១ យកចិត្តទុកដាក់ ពិនិត្យមើលលើសំណូមពរ របស់មូលដ្ឋានអាជីវកម្ម ទី២ ពិនិត្យទៅលើសំណូមពរ របស់បុគ្គលិកនិយោជក និងទី៣ គិតដល់ការបណ្តុះបណ្តាល នៅក្នុងដំណាក់កាលនេះ។ លោក ថោង ខុន បន្តថា រាជរដ្ឋាភិបាលមកដល់ថ្ងៃនេះ បានដាក់ចេញវិធានការជាចម្បង ជុំទី៥ហើយ ដែលក្នុងនោះបានដោះស្រាយ ជួយដល់បុគ្គលិក និយោជក ដែលមានការប៉ះពាល់នេះ ជាង៣ម៉ឺននាក់ នៅក្នុងវិស័យទេសចរណ៍នេះ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងម្នាក់ រយៈពេល២ខែ ហើយជុំទី៥នេះផ្តល់២ខែបន្តទៀត។

ទន្ទឹមនឹងនេះ ចំពោះផ្នែកឯកជន ប្រតិបត្តិករ អាជីវករ ដែលជាម្ចាស់ភោជនីយដ្ឋាន រាជរដ្ឋាភិបាលបានផ្តល់តាំងពីជុំទី១ម្លេះ គឺទី១ លើកលែងពន្ធអាជីវកម្ម (ដែលជាទូទៅត្រូវតែប្រកាសពន្ធ ប៉ុន្តែពន្ធវិញរដ្ឋបង់ជំនួស) ទី២ មិនឲ្យអាជីវករបង់ប្រាក់ភាគទានសម្រាប់ ប.ស.សទេ ប៉ុន្តែក្នុងដំណាក់កាលនេះ និយោជិតនៅតែទទួល ប.ស.ស ពីរាជរដ្ឋាភិបាលដដែល។

លោក ថោង ខុន បានឲ្យដឹងទៀតថា ដោយឡែក ជាការទទួលខុសត្រូវរបស់ក្រសួងទេសចរណ៍ គ្រប់អាជ្ញាបណ្ណទេសចរណ៍ទាំងអស់ អាចមកសុំអាជ្ញាបណ្ណបាន ប៉ុន្តែមិនតម្រូវឲ្យមានការបង់កម្រៃអាជ្ញាបណ្ណឡើយ។ ចំពោះមគ្គទេសក៍ ទោះបីមិនបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក៏ប៉ុន្តែអាជ្ញាបណ្ណមគ្គទេសក៍ រាជរដ្ឋាភិបាលមិនឲ្យយកកម្រៃដែរ។ «អញ្ចឹង អាជ្ញាបណ្ណមគ្គទេសក៍សាមញ្ញ ៥០ដុល្លារ បើបណ្ណមគ្គទេសក៍ពិសេសដល់ ១០០ដុល្លារឯណោះ តែយើងមិនយកអាជ្ញាបណ្ណទេ»។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា បានឲ្យដឹងថា គណៈកម្មការ ក៏បានស្នើ និងជំរុញឱ្យក្រសួងទេសចរណ៍បន្តសកម្មភាពរបស់ខ្លួន ជាពិសេសក្នុងកិច្ចការជំរុញចលនាទេសចរណ៍ ដោយផ្តោតចម្បងលើកសាងទំនុកចិត្តដល់ភ្ញៀវទេសចរមិនថាក្នុងស្រុក ឬភ្ញៀវអន្តរជាតិ។ទន្ទឹមនេះ ឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យក្រសួង បន្តកិច្ចសហការយ៉ាងជិតស្និតជាមួយអន្តរជាតិ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន (intra-ASEAN) នៅក្នុងដំណាក់កាលសមស្របណាមួយ ដែលចរន្ត និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់អាចដំណើរការវិញបាន។

លោកបានបញ្ជាក់ថា៖ «ក្នុងដំណាក់កាលនេះ ការបង្កើនបរិយាកាសទេសចរណ៍ ដែលគួរឲ្យទុកចិត្ត និងដោយមានសុវត្ថិភាពពីជំងឺកូវីដ១៩ ព្រមទាំងការធានាស្តង់ដានៃការការពារ មើលថែប្រកបដោយការយកចិត្តទុកដាក់ គឺជាកត្តាសំខាន់ក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ ឲ្យដំណើរការបានជាធម្មតា ក៏ដូចជាការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ»។

សូមជម្រាបជូនដែរថា គណៈកម្មការទី៧ នឹងបន្តសហការ តាមដាន ពិភាក្សា ក៍ដូចជាគាំទ្រទាំងស្មារតី និងកម្លាំង ចំពោះការដាក់ចេញជាចំណាត់ការ និងវិធានការជាដំណោះស្រាយរបស់ក្រសួង ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងបន្តពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា៕