លទ្ធផលវិភាគបង្ហាញថាមិនមានអ្នកដំណើរនៅលើកប៉ាល់វេស្ទឺដាមណាម្នាក់មានផ្ទុកវីរ៉ុសកូរ៉ូណាថ្មីទេ

ភ្នំពេញ៖លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា ក្រសួងសុខាភិបាលបានយកវត្ថុវិភាគអ្នកដំណើររាប់រយនាក់លើនាវាខ្នាតធំវេស្ទឺដាមទាំងនៅភ្នំពេញ និងនៅក្រុងព្រះសីហនុដើម្បីរកមើលរោគសញ្ញាជំងឺខូវីដ១៩ឬវីរ៉ុសកូរ៉ូណាថ្មីហើយជាលទ្ធផលវិភាគបានបង្ហាញថា មិនមានអ្នកដំណើរណាម្នាក់មានផ្ទុកវីរ៉ុសកូរ៉ូណាថ្មីនេះទេ។

ការធ្វើតេស្តរកវីរ៉ុសកូរ៉ូណាថ្មីទៅអ្នកដំណើរលើកប៉ាល់វេស្ទឺអាដាមនេះ បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានរកឃើញស្ត្រីអាមេរិកកាំងអាយុ៨៣ឆ្នាំម្នាក់ដែលជិះនៅលើកប៉ាល់នេះមានផ្ទុកមេរោគកូរ៉ូនាថ្មីនេះ។

បើតាមការប្រកាសរបស់ក្រុមហ៊ុន Holland America Line លើបណ្តាញសង្គម Facebook កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០បានឲ្យដឹងថាគិតរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានអ្នកដំណើរតាមនាវា វេស្ទឺដាមចំនួនជាង១ពាន់នាក់ហើយ ក្នុងចំណោមភ្ញៀវទេសចរជាង១៤០០នាក់បានចាកចេញពីកម្ពុជា និងនៅសល់ប្រមាណ ៤០០-៥០០នាក់ទៀត កំពុងស្នាក់នៅកម្ពុជា។ក្នុងនោះមានអ្នកទេសចរជាង១២០នាក់ ដែលបានពិនិត្យសុខភាពរួចរាល់ហើយ បានធ្វើទេសចរនៅរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅលើកប៉ាល់ ជាមួយនឹងបុគ្គលិកនាវាជាង៨០០នាក់៕

អត្ថបទ៖ សំអឿន