វីរុសកូរ៉ូណា Covid-19 ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទេសចរណ៍​ថៃ

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Covid-19 បាន​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ថៃ ផល​ប៉ះពាល់​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន​ស្នើសុំ​ឱ្យ​បុគ្គលិក​ឈប់​សម្រាក​ដោយ​មិន​មាន​ប្រាក់​ឈ្នួល។ លោក Suksit Suvunditkul នាយក​ប្រតិបត្តិ​នៃ​សណ្ឋាគារ​និង​រមណីយដ្ឋាន Deevana បាន​ប្រាប់​កាសែត The Nation ថា ​ការ​ហាមឃាត់​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​នៅ​ក្នុង​សណ្ឋាគារ​នៅ​ខេត្ត​ភូកេត​ធ្លាក់​ចុះ។

គួររំលឹកថា កាល​ពី​ខែ​មុន​រដ្ឋាភិបាល​ចិន​បាន​ហាមឃាត់​រាល់​ដំណើរ​ទេសចរណ៍​ចិន ​ដើម្បី​ការពារ​កុំឲ្យ​វីរុស Covid-19 ឆ្លង​រាល​ដាល។ លោក​បន្ត​ថា​ សណ្ឋាគារ​នៅ​ភូកេត​ដែល​មាន​បន្ទប់​ប្រមាណ ២០០ ឬ ៣០០ បន្ទប់​បច្ចុប្បន្ន​មាន​អ្នក​កក់​តែ​ ៥ បន្ទប់​ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា “ សណ្ឋាគារ​ទាំង​នោះ​បាន​ជំរុញ​ឲ្យ​បុគ្គលិក​ឈប់​សម្រាក​ដោយ​មិន​មាន​ប្រាក់​ឈ្នួល​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម” ។ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កក់​សណ្ឋាគារ​នៅ​តាម​បណ្ដោយ​ឆ្នេរ​ភូកេត​ក៏​បាន​ធ្លាក់​ចុះ​រហូត​ដល់ ២០%ដែរ។

យោង​តាម​ការ​ស្ទង់​មតិ​អ្នក​លក់​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​​យ៉ាង​ខ្លាំង​នៃ​ភ្ញៀវ​ទេសចរ​ជា​ពិសេស​ភ្ញៀវ​មក​ពី​ប្រទេស​ចិន។   ឈៀងម៉ៃ​ធ្លាប់​មាន​ប្រជាប្រិយ​ភាព​ខ្ពស់ ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន ​ប៉ុន្តែ​ឆ្នាំ​នេះ​មាន​តែ​​មួយ​ចំនួន​ប៉ុណ្ណោះ​នៅ​តំបន់​ទេសចរណ៍​ ក៏​ដូចជា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ឈៀងម៉ៃ។

អ្នក​ផ្ដល់​សេវាកម្ម​ដឹក​អ្នក​ដំណើរ​បាន​និយាយ​ថា​ “ក្នុង​ឱកាស​បុណ្យ​ផ្កា​ឈៀងម៉ៃ​លើក​ទី ៤៤ ចាប់​ពី​ថ្ងៃ​ទី ៧-៩ ខែ​កុម្ភៈ​ក្រុមហ៊ុន​របស់​លោក​ បាន​ឃើញ​តែ​អតិថិជន​ថៃ​មក​ទស្សនា​ពិព័រណ៍​នេះតែ​ប៉ុណ្ណោះ ឡាន​របស់​ខ្ញុំ​តែងតែ​មក​ដឹកភ្ញៀវ​ទេសចរ​ចិន​ពី​ភោជនីយដ្ឋាន Khaomao-Khaofang នៅ​ឈៀងម៉ៃ​ ជា​ធម្មតា​វា​តែងតែ​ផ្ទុក​ភ្ញៀវ​ទេសចរ​ចិន ​ប៉ុន្តែ​ឆ្នាំ​នេះ​ខ្ញុំ​មិន​ទាន់​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ចិន​ណា​ម្នាក់​នៅ​ឡើយ​ទេ” ។

គួរបញ្ជាក់ថា ខែ​មករា​និង​កុម្ភៈ​ក៏​ជា​ការ​ចាប់ផ្ដើម​នៃ​រដូវ​កាលសំខាន់​សម្រាប់​ទេសចរណ៍​ឈៀងម៉ៃ​ផង​ដែរ។ វា​មាន​រយៈពេល​រហូត​ដល់​បុណ្យ​ចូលឆ្នាំ Songkran មកដល់នៅ​ក្នុង​ខែ​មេសា​។ ឧស្សាហកម្ម​ទេសចរណ៍​នៅ​ឈៀងម៉ៃ​ជា​ធម្មតាគេ​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​​ជាង ២ លាន​នាក់។ កត្តា​សំខាន់​នៅ​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​ដ៏​ធំ​នៃ​ភ្ញៀវ​ទេសចរ​ចិន​គឺ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ៕

 

ចុចអាន៖ រដ្ឋាភិបាល​​ថៃ​ពិចារណា​ពន្យារ​ថ្ងៃ​ឈប់​សម្រាកបុណ្យ​សង្ក្រាន្ត​ (ចូលឆ្នាំ) ដើម្បី​ជួយ​សេដ្ឋកិច្ច​ជាតិ

ចុចអាន៖គ្រួសារ​ជប៉ុន​ ​ធ្វើ​ដំណើរ​ទៅទី​ឆ្ងាយ​ ដើម្បី​ប្រមូលម៉ាស សម្រាប់​ប្រទេស​ចិន

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ