ការងារថ្មីៗទំាងនេះត្រូវប៉ាន់ក្នុងអំឡុងវិបត្តិកូវីដ-១៩ថែមទំាងមានប្រាក់ចំណូលខ្ពស់

ជំងឺរាតត្បាតដោយសារវីរុសកូវីដ-១៩ បច្ចុប្បន្ននេះបានផ្លាស់ប្តូរជីវិតមនុស្សស្ទើរតែគ្រប់ផ្នែក ទាំងរបៀបរស់នៅ  និងរបៀបធ្វើការ  មិនតែប៉ុណ្ណោះ វាបាននាំឲ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្វើថែមទៀត។

ជំនួសឲ្យអាជីពមួយចំនួនដែលកំពុងជាប់គាំង តម្រូវការកាងារផ្សេងកំពុងកើនឡើងទន្ទឹមគ្នានេះដែរ ហើយការងារថ្មីៗដែលកំពុងមានតម្រូវការ ភាគច្រើនគឺមាននៅក្នុងប្រទេសអភិវឌ្ឍនិងរងគ្រោះដោយសារវីរុសកូវីដ-១៩ខ្លាំង។ ការងារទាំងនោះរួមមាន៖

អ្នកផ្ដល់ព័ត៌មានតាមទូរសព្ទ

ការងារជាអ្នកផ្ដល់ព័ត៌មានតាមទូរសព្ទមាននាទីប្រឹក្សាជាមួយមនុស្សដែលមានករណីសង្ស័យថាផ្ទុកវីរុសកូវីដ-១៩ ដើម្បីរៀបចំឲ្យពួកគេទៅធ្វើតេស្ត។ ការងារនេះអាចធ្វើបានពីផ្ទះក្រៅម៉ោងក៏បាន ឬពេញម៉ោងក៏បាន។ រីឯប្រាក់ឈ្នួលអាចទទួលបាន ២៥ ដុល្លារក្នុងមួយម៉ោង។

អ្នកធ្វើតេស្ត Covid-19

ការងារជាបុគ្គលិកធ្វើតេស្តវីរុស Covid-19 នឹងទទួលបន្ទុកធ្វើតេស្តនៅតាមមន្ទីរពេទ្យ មន្ទីរថែទាំ រោងចក្រ និងការិយាល័យ។ ​ការងារនេះត្រូវការតែគិលានុបដ្ឋាកនិងជំនួយការថែទាំវេជ្ជសាស្ត្រប៉ុណ្ណោះ។ ប្រាក់ឈ្នួលទទួលបាន ៤៥ ដុល្លារក្នុងមួយម៉ោង។

អ្នកថែទាំអ្នកជំងឺ Covid-19

ដោយសារអ្នកជំងឺកូវីដ១៩មានការកើនឡើង តម្រូវការនៃអ្នកថែទាំអ្នកជំងឺស្រាលតាមផ្ទះក៏កាន់តែមានខ្ពស់ដែរ។ ប្រាក់ឈ្នួលជាធម្មតាតម្លៃ ២៥ ដុល្លារក្នុងមួយម៉ោង ហើយអាចទទួលបានការបណ្តុះបណ្តាលនិងវិញ្ញាបនបត្រថែមទៀត។

អ្នកត្រួតពិនិត្យសីតុណ្ហភាព

នៅក្នុងសម័យកាលនៃការរាតត្បាតរបស់វីរុស មានតម្រូវការឲ្យមានមនុស្សច្រើននាក់ធ្វើការជាអ្នកត្រួតពិនិត្យសីតុណ្ហភាពនៅតាម អាកាសយានដ្ឋាន កីឡាដ្ឋាន ភោជនីយដ្ឋាន សាលារៀន និងក្រុមហ៊ុន។ ប្រាក់ឈ្នួលពីការងារនេះទទួលបាន ២៥ ដុល្លារក្នុងមួយម៉ោង។

មន្ត្រីអនុវត្តច្បាប់

ទីក្រុងនិងទីប្រជុំជនកំពុងមានតម្រូវការមន្ត្រីជាច្រើនរូបដើម្បីតាមដានពាក្យបណ្តឹងនានាពីប្រជាជនដែលរំលោភបំពានលើគោលការណ៍គម្លាតសង្គម។ ការងារនេះទទួលបានប្រាក់ឈ្នួល ៣០ ដុល្លារក្នុងមួយម៉ោង។

អ្នកដេរម៉ាស់

ប្រជាជនស្ទើរទូទាំងពិភពលោកអាចនឹងពាក់ម៉ាស់រយៈពេលជាច្រើនឆ្នាំទៀត។ ដូច្នេះម៉ាស់មានតម្រូវការរាប់លាននិងមានជារៀងរាល់ថ្ងៃ។ អ្នកដេរម៉ាស់អាចទទួលបានប្រាក់ឈ្នួល ១៨ ដុល្លារក្នុងមួយម៉ោង។

អ្នកជំនួយការបច្ចេកទេស Zoom

បច្ចុប្បន្ន ការរៀននិងប្រជុំតាមបណ្ដាញ Zoom មានខ្ពស់ជាងពីមុន ដូច្នេះតម្រូវការអ្នកបច្ចេកទេសដើម្បីសម្របសម្រួលលើការប្រើប្រាស់វីដេអូក៏មានកាន់តែច្រើនដែរ។ រីឯប្រាក់ឈ្នួលពីការងារនេះអាចទទួលបាន ២៥ ដុល្លារក្នុងមួយម៉ោង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ កំហុសទាំង ៧ នៃសិល្បៈគ្រប់គ្រងមនុស្សដែលនាំឱ្យភាពជាអ្នកដឹកនាំចុះខ្សោយ

ចុចអាន៖ គន្លឹះសំខាន់ជារួម ៥ យ៉ាងដែលអ្នកធ្វើអាជីវកម្មប្រភេទណាក៏ត្រូវការចាំបាច់