សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៨នាក់ទៀតថ្ងៃនេះ ដែលសុទ្ធជាអ្នកមិនធ្លាប់ទៅចិន ធ្វើឲ្យករណីសរុបឡើងដល់ ៥៨នាក់

ក្រសួងសុខាភិបាលប្រទេសសិង្ហបូរីបានបញ្ជាក់ថាបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៨ ករណីបន្ថែមទៀតដែល ធ្វើឲ្យចំនួនសរុបនៅក្នុងប្រទេសតូចមួយនេះឡើងដល់ ៥៨ នាក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃថ្ងៃព្រហស្បតិ៍នេះ ក្រសួងបានបញ្ជាក់ថាអ្នកឆ្លងថ្មីទាំង ៨ សុទ្ធតែជាអ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺដែលបានរកឃើញថាមានផ្ទុកវីរុសនេះកាលពីពេលកន្លងមក។

អ្នកឆ្លងថ្មីទាំងអស់សុទ្ធតែមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិន។

យ៉ាងហោចណាស់មានករណីថ្មីចំនួន ៥ ដែលត្រូវបានឆ្លងនៅព្រះវិហារ Grace Assembly of God ពីរករណីទៀតបានឆ្លងនៅកន្លែងធ្វើការសំណង់ ហើយករណីដែលនៅសល់ត្រូវបានរកឃើញថាជាសាច់ញាតិរបស់អ្នកជំងឺមុនៗ។

ទោះយ៉ាងណា យោងតាមក្រសួងដដែលបានឱ្យដឹងថាអ្នកជំងឺ coronavirus ចំនួន ១៥ នាក់បានជាសះស្បើយពេញលេញនិងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។

ក្នុងចំណោមករណីចំនួន ៤៣ ដែលនៅសេសសល់ដែលកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្នុងនោះមាន ៧ ករណីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕

ចុចអាន៖ ម៉ោង​៨យប់នេះ ប្រទេសជប៉ុន បញ្ជាក់ពីការស្លាប់ដំបូងលើពលរដ្ឋខ្លួនពី Covid-19

ប្រែសម្រួល៖ វ៉ាន់ថន